អាជ្ញាធរជាតិអប្សរាថា ដើមត្នោតពីរដើម ដែលបានកាប់ចោល នោះដោយសារបាំងប្រាសាទ
លិខិតបំភ្លឺដែល VOD
ទទួលបាននៅថ្ងៃនេះបង្ហាញថា ការកាប់ដើមត្នោតពីរដើមនោះ
ដើម្បីឲ្យភ្ញៀវទេសចរដែលចេញពីចំណតរថយន្ដ ប្រហែល៣០០ម៉ែត្រ
អាចមើលឃើញប្រាសាទបុរាណបានច្បាស់ល្អ។ លិខិតដែលមិនមានហត្ថលេខា
និងត្រា ចុះថ្ងៃទី០៣ខែសីហានេះ បញ្ជាក់ថា ដើមត្នោតពីរដើមនោះ
អាជ្ញាធរជាតិអប្សរាជាអ្នកដាំ ដោយមិនបានចុះបញ្ជីសារពើភណ្ឌទេ
ដែលខុសពីដើមឈើផ្សេងទៀត។ ម្យ៉ាងទៀតទីតាំងនោះ ជាផ្លូវដើរ
មានសារៈសំខាន់ដែលត្រូវធ្វើការអភិវឌ្ឍឲ្យលេចធ្លោនៅក្នុងរមណីយដ្ឋាន
អង្គរផងដែរ។
ប៉ុន្ដែសម្រាប់អ្នកនាំភ្ញៀវទេសចរ លោក
ព្រហ្ម សុវណ្ណ ឲ្យដឹងថា ដើមត្នោតពីរដើមនោះ
មិនបានបាំងប្រាសាទអង្គរវត្ដ ដែលពិបាកទស្សនានោះឡើយ។ ផ្ទុយទៅវិញ
លោកថា ដើមរុក្ខជាតិដែលបិតបាំងប្រាសាទបុរាណនោះ
គឺដើមឈើនៅក្បែរនោះទៅវិញទេ។ លោកចោទថា
អាជ្ញាធរជាតិអប្សរាកាប់ដើមត្នោតនេះ ធ្វើតាមបញ្ជារបស់ជនបរទេស
ដែលវិនិយោគអង្គរវត្ត។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ
ស៊ុនកិរិយា មានប្រសាសន៍ថា រាល់ដើមឈើដែលនៅក្នុងឧទ្យានអង្គរ
ដែលមានបញ្ហា ឬបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ
អាជ្ញាធរសម្រេចកាប់ចោល។
ប៉ុន្តែយុវជនមួយរូប លោក សាវណា យុទ្ធពង្ទ
ថ្លែងថា អាជ្ញាធរជាតិអប្សរា គួរចេញសេចក្ដីជូនដំណឹង
និងសួរយោបល់ពីពលរដ្ឋ មុននឹងកាប់ដើមត្នោតនោះចោល។ លោកថា
ដើមត្នោតមានសារៈសំខាន់ សម្រាប់អត្ដសញ្ញាណជាតិខ្មែរ៕
ប្រភពពី vodhotnews.com