ចោរលួចគោគេ កាប់យកសាច់អស់ បន្សល់ទុកវត្ថុតាង នៅវាលស្រែ រត់គេចខ្លួនបាត់

8/18/2014 0 Comments A+ a-

cow die
បាត់ដំបងៈ ពីមុនតែងមានអំពើចោរ
លួចគោ កាប់យកសាច់លក់ចល័ត ដែលបន្សល់ទុក គ្រោងឆ្អឹង និង គ្រឿងក្នុងចោលនេះ បានបាត់សកម្មភាពនេះ ជាយូរឆ្នាំហើយ តែឥឡូវនេះចាប់ផ្តើមមានសកម្មភាពនេះ ឡើងវិញហើយ នៅស្រុកមោងឬស្សី ជាក់ស្តែងនៅយប់រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចវាលស្រែតាមាវ ស្ថិតក្នុងភូមិ-ឃុំមោង ស្រុកមោងឬស្សី ត្រូវបានអ្នកច្រូតស្មៅគោ បានប្រទះ ឃើញឆ្អឹងជើង និងគ្រឿងក្នុង សត្វគោ ដែលត្រូវចោរលួចយកទៅកាប់ យកសាច់អស់ នៅព្រឹកព្រលឹម ថ្ងៃដដែល ទើបដឹងដល់ម្ចាស់ ហើយសមត្ថកិច្ចបានចុះទៅពិនិត្យ និងតាមស្រាវជ្រាវរកមុខសញ្ញា ដើម្បី ចាប់ខ្លួនជនសង្ស័យយកមកដាក់ទោសពេលក្រោយ ។
លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឬស្សីបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរលួចគោ ផើមមេពូជ ១ ក្បាលនោះ មានឈ្មោះ ដោក ពេញ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិចុងប្រឡាយ ឃុំ តាលាស់ ស្រុកមោងឬស្សី ។ ចំណែកក្រុមចោរលួចគោ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្ទាប់ពីបានធ្វើសកម្មភាពរួច ។
លោក សោម រ៉ាវុធ បានបញ្ជាក់ថា សកម្មភាពក្រុមចោរលួចគោ កាប់យកសាច់ចល័តរបៀបនេះ បាន បាត់ករណីនេះជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ ក៏មានលេចឮសកម្មភាព ក្រុមចោរប្រភេទនេះ សារជាថ្មី នៅលើទឹកដីស្រុកមោងឬស្សី តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ច កំពុងតាមស្វែងរកមុខ សញ្ញាបក្ខពួក ក្រុមចោរទាំងនេះ យកមកដាក់ទោស ឲ្យបាននៅពេលក្រោយជាមិនខាន ។
គួបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមចោរលួចគោទាំងនេះ បានធ្វើសកម្មភាពលួចគោបានហើយ លើក ដាក់លើរថយន្តបណ្តើរភ្លះយកសាច់បណ្តើរ រួចទម្លាក់ឆ្អឹងចោល ដោយមានជំនាញ បំផុតមិនងាយនឹង ចាប់បានឡើយ ។
អាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា សូមបងប្អូនបង្កើន ការប្រុងប្រយ័ត្នខ្ពស់ កុំប្រហែសឲ្យសោះ និងសហការគ្នាតាមរកមុខសញ្ញាក្រុមចោរលួចទាំងនេះ ដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news