សង្គមស៊ីវិលគ្រោង ពិភាក្សាអំពីការកំណត់ អាណត្តិនាយករដ្ឋមន្ត្រី នៅថ្ងៃ១៩ សីហា
ក្រុមអង្គការសង្គមស៊ីវិលមានបំណងស្នើឲ្យ
រដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ១១៩ ថ្មី
ដោយបន្ថែមវាក្យខណ្ឌចំនួនមួយដែលចែងថា
“វីរជនមួយរូបជាបេក្ខជននាយករដ្ឋមន្ត្រីមិនត្រូវជាបេក្ខជនដែល
ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ឬរយៈពេល ១០ឆ្នាំ
កន្លងមកហើយ” នោះទេ។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (Adhoc)
លោក នី ចរិយា
ដែលនឹងធ្វើជាវាគ្មិនម្នាក់ក្នុងកិច្ចពិភាក្សាតុមូលនោះ
មានប្រសាសន៍ថា កម្ពុជាកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ជាពិសេស
គឺបន្ទាប់ពីមានការព្រមព្រៀងរវាងគណបក្សនយោបាយទាំង២
ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោកថា
ស្របពេលដែលមានការធ្វើវិសោធនកម្មនេះ
ក្រុមអង្គការសង្គមស៊ីវិលក៏ចង់ឲ្យរដ្ឋសភាធ្វើវិសោធនកម្មទៅលើការ
កំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យហើយតែម្ដងទៅ ព្រោះថា
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យច្បាស់លាស់
ជារឿងមួយសំខាន់សម្រាប់ប្រទេសជាតិ៖ «ផលប្រយោជន៍ក្នុងការកំណត់
អាណត្តិនាយករដ្ឋមន្ត្រីធ្វើឲ្យបុគ្គលម្នាក់ៗ
ដែលជាឥស្សរជនក្នុងការដែលទៅដណ្ដើមយកបេក្ខជនជានាយករដ្ឋមន្ត្រី
ឬទៅដណ្ដើមយកតំណែងជានាយករដ្ឋមន្ត្រីហ្នឹង
មិនមានលទ្ធភាពក្នុងការកសាងខ្លួនឲ្យមានភាពរឹងមាំ ជាលក្ខណៈបុគ្គល
ជាលក្ខណៈគ្រួសារ
និយាយរួមទៅដោយសារការកំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ២អាណត្តិ។
អ៊ីចឹងមនុស្សម្នាក់ៗ អាចមានលទ្ធភាព ១០ឆ្នាំ ឬក៏ជាប់តែ ២ដង គឺថា
យើងអស់ហើយ អ៊ីចឹងមិនមានការពង្រឹងកម្លាំងនយោបាយ
ឬក៏ពង្រឹងអំណាចក្នុងលក្ខណៈជាគ្រួសារ ឬបក្សពួកបាន»។
លោក នី ចរិយា មានប្រសាសន៍ថា
បន្ទាប់ពីកិច្ចពិភាក្សានេះ
អង្គការសង្គមស៊ីវិលនឹងធ្វើញត្តិដើម្បីដាក់ជូនតំណាងរាស្ត្រគណបក្ស
ជាប់ឆ្នោតទាំង២
ធ្វើការពិចារណាលើការធ្វើវិសោធនកម្មមាត្រាទាក់ទងអាណត្តិ
នាយករដ្ឋមន្ត្រីនេះ។
គណបក្សសង្គ្រោះជាតិ ធ្លាប់លើកឡើងថា
ពួកគេចង់ឲ្យប្រទេសកម្ពុជា
កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ២អាណត្តិប៉ុណ្ណោះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជិត
៣០ឆ្នាំមកហើយនោះ តែងថ្លែងថា
លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត
ប្រសិនបើប្រជាពលរដ្ឋនៅតែបោះឆ្នោតគាំទ្រឲ្យលោកកាន់អំណាច៕
ប្រភពពី វិទ្យុអាស៊ីសេរី