ស្តាប់​ប្រតិកម្ម​អ្នក នយោបាយ ជុំវិញ​ករណី​លោក​ស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ ធ្លាក់ឆ្នោត នៅ​រដ្ឋសភា

8/27/2014 0 Comments A+ a-


download (1)ភ្នំពេញ: លោក ​សម​រង្ស៊ី និង​លោក ឈាង​វុន បាន​បញ្ចេញ​ប្រតិកម្ម​រៀងៗ​ខ្លួន បន្ទាប់​ពី​លោកស្រី មូរ សុខ​ហួរ និងលោកយឹមសុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ មិន​បាន​ជាប់​ឆ្នោត ក្លាយជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧​សីហា​នេះ​។

តាម​លោក​សម​រង្ស៊ី ការធ្លាក់​ឆ្នោត​នោះ មកពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​តាម​ស្មារតី​​កិច្ចព្រមព្រៀង ថ្ងៃ​២២​កក្កដា​។ ប៉ុន្តែ​លោក​ឈាង​វុន អះ​អាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គោរព​ត្រឹមត្រូវ ហើយ​ថា ការធ្លាក់​ឆ្នោត​របស់​លោក​យឹម​សុវណ្ណ និង​លោកស្រី មូរ​សុខ​ហួរ ជា​រឿង​ធម្មតា ក្នុង​លទ្ធិប្រជាធិបតេយ្យ​។​
​ឆ្លង​តាម​ការបោះឆ្នោត​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៧​សីហា​នេះ លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ជាប់​ឆ្នោត ដើម្បី​ក្លាយជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា​នោះ​ទេ​។
​សម្រាប់​គណៈកម្មការ ទី​៨ គឺ​លោកស្រី កែ សុវណ្ណ​រ័ត្ន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ ឡើង​ជា​ប្រធាន ជំនួស​លោក​ស្រី មូរ សុខ​ហួរ ដែល​ធ្លាក់ឆ្នោត​។ ចំណែក​គណៈកម្មការ​ទី​១០ គឺ​លោក ហូរ វ៉ាន់ ឡើង​ជា​ប្រធាន ជំនួស​លោក យឹម សុវណ្ណ ដែល​ធ្លាក់ឆ្នោត​។​
​លទ្ធផល​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២៧​សីហា លោកស្រី មូរ សុខ​ហួរ ទទួលបាន​សំឡេង​យល់ព្រម​ត្រឹមតែ ៥៦ សំឡេង មិន​ព្រម ៦៣ សំឡេង និង​អនុបវាទ ៣ សំឡេង​។ រីឯ​លោក យឹម សុវណ្ណ ទទួលបាន​សំឡេង​យល់ព្រម ៥៦ សំឡេង មិន​ព្រម ៦២ សំឡេង និង​អនុបវាទ ៣ សំឡេង ហើយ​មោឃៈ ១ សំឡេង​។​
​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៧​សីហា មាន​អ្នក​តំណាង​រាស្ត្រ​​សរុប ១២២ រូប បាន​ចូលរួម​ប្រជុំ​។ ក្នុងនោះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៥៥ រូប និង​គណបក្ស​សង្គ្រោះ​ជាតិ មាន ៦៧ រូប​។​
​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ពុធ លោក​សម​រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ដោយ​លោក​ស្តាយ​នឹង​ការ​រអា​ក់​រអ៊ួល​បន្តិចបន្តួច ដោយសារ​តែ​កិច្ច​ព្រម​ព្រៀង​​នយោបាយ មិន​បាន​អនុវត្តន៍​ឲ្យបាន​ពេញលេញ​។ តែ​លោក​ថា មាន​ការ​សម្រប​សម្រួល ដើម្បី​ឲ្យ​រដ្ឋសភា ដំណើរការ និង​ឈាន​បញ្ចប់​ការងារ​ដ៏​សំខាន់​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និង​ការជ្រើសរើស​សមាជិក​គ​ជប​ថ្មី ជាដើម​។​
​លោក​សម​រង្ស៊ី បានបញ្ជាក់​ថា “​យើង​ខិតខំ​ប្រឹងប្រែង​រក្សា​ស្មារតី​កិច្ចព្រមព្រៀង​។ គណបក្ស​សង្គ្រោះ​ជាតិ គោរព​ស្មារតី ១០០%​។ យើង​ទទូច​សូម​ឲ្យ​គណបក្ស​ជា​ដៃគូ​គោរព ១០០% ដែរ​។ ថ្ងៃនេះ យើង​បាន​បំពេញ​សុ​ឆន្ទៈ​។ ការ​មិន​បោះឆ្នោត​នោះ មកពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះឆ្នោត​គាំទ្រ​យើង​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​​បេក្ខជន​របស់​ខ្លួន​”​។​
​    ​
​យ៉ាងណាក៏ដោយ លោក​សម​រង្ស៊ី បានបញ្ជាក់​ថា ការជ្រើសតាំង​អ្នកតំណាងរាស្ត្រ​ពីររូប លោក​ហូរ​វ៉ាន់ និង​លោកស្រី កែ សុវណ្ណ​រ័ត្ន ជា​ប្រធាន​គណៈកម្មការ ជំនួយ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម​សុវណ្ណ ដូច្នេះ ជា​បណ្តោះអាសន្ន​ទេ​។ ការធ្វើ​ដូច្នេះ ដើម្បីឲ្យ​ដំណើរការ​រដ្ឋសភា​ទៅ​មុខ តែ​យើង​នឹង​ទាមទារ​ដើម្បីឲ្យ​ធ្វើយ៉ាងណា​ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​ពេញលេញ ​នូវ​អ្វី​ដែល​យើង​បានគ្រោង​ទុក​ពី​ដើមទី​។​
​    ​
​ចំណែក​លោក ឈាង វុន សមាជិក​រដ្ឋសភា​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំ​ពាក្យ​​រដ្ឋសភា បានចាត់ទុក​ការធ្លាក់​ឆ្នោត​របស់លោក​ស្រី​មូរសុខ​ហួរ និង​លោក​យឹម​សុវណ្ណ ថា ជា​រឿង​ធម្មតា នៅក្នុង​លទ្ធិប្រជាធិបតេយ្យ ហើយ​ការ​ធ្លាក់ឆ្នោត​នោះ មក​ពី​មនុស្ស​នោះ គេ​មិន​ពេញចិត្ត​។​
​លោក ឈាង វុន បានបញ្ជាក់​ថា ការ​មិន​ជាប់​ឆ្នោត​នោះ មិនមែន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​លោក​យឹម​សុវណ្ណ ឬ​លោកស្រី​មូរ​សុខ​ហួរ​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិនមែន​មិន​ពេញចិត្ត​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​នោះ​ដែរ​។​
​លោក ឈាង វុន បានបញ្ជាក់​ថា “… មិនមែន​គណបក្ស​ប្រជាជន មិន​ពេញចិត្ត​ទេ​។ ខ្ញុំ​និយាយ​ច្បាស់​ហើយ​។ អ្នក​ដែល​មិន​បោះឆ្នោតឲ្យ មិនមែន​មាន​តែ​គណបក្ស​ប្រជាជន​ទេ​។ មាន​គ្នា​គាត់​ដែរ​។ មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ និយាយ​ហើយ និយាយ​ទៀត​។ ខ្ញុំ​មាន​ទៅ​ឆែក​អី​សំបុត្រ​របស់គេ ហើយ​បើ​គេ​មិន​ពេញចិត្ត ខ្ញុំ​ក៏​មាន​សិទ្ធិ​អី​ទៅ​សួរ​គេ រឿង​អី​បាន​ជា​មិន​ពេញចិត្ត​ជាមួយ​គាត់​? អា​នឹង​លែង​ជា​រឿង​នយោបាយ​ហើយ​។ ( សំណួរ​អ្នកកាសែត​៖ ចុះ​ចំពោះ​ឯកឧត្តម​ផ្ទាល់​? ) ចំពោះ​ខ្ញុំ ខ្ញុំ​បោះ​ឲ្យ​តើ​!”​។​
​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ ដែល​ធ្លាក់​ការបោះឆ្នោត បាន​ប្រាប់​ក្រុមអ្នក​កាសែត បន្ទាប់ពី​ចេញពី​កិច្ចប្រជុំ​រដ្ឋសភា​ថា លោក​សប្បាយចិត្ត ហើយ​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅ​រដ្ឋសភា​។​
​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា “​ខ្ញុំ​ខិតខំ​ធ្វើ​ម៉េច ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ប្រកប​ដោយ​​សេចក្តីថ្លៃថ្នូរ​។ មនុស្ស​កាលណា​និយាយ យើង​ត្រូវ​គោរព​ពាក្យ​សំដី​របស់​យើង​ឲ្យបាន​ថ្លៃថ្នូរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខ្ញុំ​បាន​គោរព និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ប្រកប​ដោយ​សុច្ចរិត​ភាព តម្លាភាព និង​ការទទួលខុសត្រូវ​”៕​
ប្រភពពី CEN