ពលរដ្ឋនៅកំពង់ធំ ចោទអាជ្ញាធរឃុំថា បានឃុបឃិតលក់ដី សាធារណៈរបស់វត្ត
ការប្រតិកម្មនេះ
កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅឃុំបល្ល័ង្ក ស្រុកសន្ទុក
មួយចំនួនបានឃើញការបោះបង្គោលព្រំដីពីសំណាក់ពលរដ្ឋ
ដែលបានទទួលទិញដីរបស់វត្តគិរីមានជ័យ ហៅវត្តស្រឡៅទោង។
ពលរដ្ឋបានលើកឡើងថា ការលក់ដីសាធារណៈរបស់វត្តដោយស្ងាត់ៗនោះ
គឺជារឿងមិនត្រឹមត្រូវនោះទេ និងខុសពីច្បាប់ភូមិបាល។
ពលរដ្ឋម្នាក់រស់នៅឃុំបល្ល័ង្ក លោក ឡាង ខែម
ឱ្យដឹងថា
លោកទើបដឹងរឿងលក់ដីផ្លូវចូលវត្តចាស់នៅប៉ុន្មានថ្ងៃមុននេះ
គឺដោយមានការប្រជុំពុទ្ធបរិស័ទចំណុះជើងវត្ត
រួមនឹងអាជ្ញាធរខេត្តផង បញ្ជាក់ពីរឿងលក់ដីនោះ ហើយពីមុនមក
លោកមិនបានដឹងរឿងនោះឡើយ៖ «ក្បាលដីហ្នឹងបែបលក់យូរហើយ
ប៉ុន្តែពួកដឹងៗ ពួកអត់ដឹងៗ គេប្ដឹងទៅ។ គេលក់ដូរអត់ប្រាប់គេដែរ
កាលពីទិញដូរប្រាប់គេដែរ ព្រោះលុយហ្នឹងលុយពួកភូមិអីទិញដែរ។
ពេលលក់ៗអត់ប្រាប់គ្នាប្រាប់អ្នកខ្លះ ប្រាប់អត់ខ្លះ»។
លោកបន្ថែមថា
អាជ្ញាធរទាំងអស់គប្បីបំពេញការងារក្នុងការលក់ដូរសម្បត្តិសាធារណៈ
ឱ្យមានតម្លាភាព ពិសេសដីផ្លូវចូលវត្តនេះ
ព្រោះដីនោះពីដំបូងឡើយវាជាការចូលរួមចំណែករបស់ពលរដ្ឋក្នុងភូមិ
ដែលបានរៃអង្គាសលុយគ្នាមួយគ្រួសារ ១៥.០០០រៀល
ដើម្បីទិញធ្វើរោងបុណ្យ និងទុកជាផ្លូវធ្វើដំណើរចូលវត្ត។
រីឯក្រុមប្រឹក្សាឃុំបល្ល័ង្ក
មកពីគណបក្សសង្គ្រោះជាតិ លោក ស៉ែម ថា មានប្រសាសន៍ថា
ដីដែលមានទំហំទទឹង ៨ម៉ែត្រ បណ្តោយប្រមាណ ៧០ម៉ែត្រនោះ
គឺមានបញ្ហាតាំងពីឆ្នាំ២០០៩ ម្តងមកហើយ ដោយអាជ្ញាធរភូមិ
និងឃុំដែលមកពីគណបក្សប្រជាជនកម្ពុជា
តែងតែទាមទារលក់ដីនោះជារឿយៗ ប៉ុន្តែដោយមានការជំទាស់ពីពួកលោក
ហើយក៏មានការព្រមព្រៀងគ្នាទាំងអាជ្ញាធរ ទាំងគណៈកម្មាធិការវត្ត
សម្រេចថាមិនលក់មិនដូរដាច់ខាត ទើបធ្វើឱ្យបញ្ហាស្ងាត់ទៅវិញ។
លោកបន្តថា នៅថ្មីៗស្រាប់តែឃើញម្ចាស់ដីថ្មីមកបោះបង្គោល
ទើបធ្វើឱ្យពួកគាត់មកពីបក្សប្រឆាំង មានការភ្ញាក់ផ្អើល។
ជាងនេះទៅទៀត
ប្រជាពលរដ្ឋមួយចំនួនដែលបានចូលប្រាក់ទិញដីពីមុនមកនោះ
ក៏រឹតតែមិនដឹងទៅទៀត៖ «បាទ! មានតាស៎ឯកសារ ខ្ញុំមានត្រឹមត្រូវ
មានមេភូមិ មានមេឃុំ អាចារ្យ
គណៈកម្មាធិការចូលរួមថាអត់លក់អត់ដូរទេដីហ្នឹង
ទុកសម្រាប់ធ្វើផ្លូវចេញចូលទាំងអស់គ្នា។
រួចទៅស្ងាត់ៗលួចលក់ដោយអត់ឱ្យខ្ញុំដឹង ដល់ពេលខ្ញុំសើរើទៅ
ម្សិលមិញហ្នឹងគេយកមតិភាគច្រើនប្រជាពលរដ្ឋចាស់ៗទេ គ្មានក្មេងៗទេ។
គេយកចូលទៅ គេថាគេព្រមលក់ដោយទះដៃព្រួស
ថាព្រមលក់ៗតែចាស់ៗបួនដប់ម្ភៃនាក់
តែក្មេងៗក៏គេមិនពេញចិត្តនឹងការលក់ដូរហ្នឹងដែរ»។
យ៉ាងណាក៏ដោយ ពលរដ្ឋដែលមិនដឹងរឿងលក់នោះ
ស្នើសុំថាប្រសិនដីលក់ទៅហើយ គ្រាន់តែចង់ឱ្យបង្ហាញថវិកា
និងការប្រើប្រាស់ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ឆ្លើយតបនឹងការចោទប្រកាន់នេះ
មេឃុំបល្ល័ង្ក លោក ញ៉ែម ធែល មានប្រសាសន៍ថា ដីនោះទាំងអាជ្ញាធរ
ទាំងពលរដ្ឋជាច្រើន រួមនឹងគណៈកម្មាធិការវត្តផង
បានសម្រេចលក់ប្រមាណជា ៣ឆ្នាំមកហើយ។ លោកបន្តថា ថ្មីៗនេះទៀត
អាជ្ញាធរខេត្ត រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏បានដឹងឮដែរ។
ដូចនេះ វាមិនចាំបាច់អីឱ្យមានការចូលរួមពីខាងបក្សប្រឆាំងឡើយ៖ «ចុះ
ម្សិលមិញទៅប្រជុំតាស៎! តាំងពីតុលាការ តាំងពីអភិបាលរងខេត្ត
តាំងពីចៅហ្វាយស្រុក អញ្ជើញប្រជាជន ៨០នាក់ចូល
តាំងពីក្រុមប្រឹក្សាឃុំទៅបញ្ជាក់ច្បាស់ហើយតាស៎។
ចាំបាច់ជម្រាបលោកគណបក្សប្រឆាំងបីបួនក្បាលហ្នឹង!
បើប៉ែតសិបនាក់អស់ម៉ាភូមិចាស់ទុំគេឯកភាពគ្នាហើយហ្នឹង
ហើយដីៗក្នុងវត្តហ្នឹង»។
មេឃុំដដែលឱ្យដឹងទៀតថា
ចំណែកលុយដែលលក់ដីនោះ
គឺគណៈកម្មាធិការវត្តយកទៅប្រើប្រាស់លើសមិទ្ធផលនៅក្នុងវត្ត
រួមមានធ្វើខ្លោងទ្វារច្រកចូលថ្មី និងទិញក្បឿងប្រក់វិហារ ជាដើម។
លោកបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរ
រួមនឹងចំណុះជើងវត្តសម្រេចចិត្តលក់ដីនោះ
គឺដោយសារតែដីផ្លូវចាស់នោះ គឺមានទីតាំងមិនល្អ
ហើយម្យ៉ាងមានភក់ជ្រាំផង។ រីឯការចោទប្រកាន់ពីបក្សប្រឆាំងនោះ
គឺជារឿងបុគ្គលទៅវិញទេ ដែលចង់ទិញដីនោះ ប៉ុន្តែទិញមិនបាន
ក៏ចោទពួកលោកទៅ។
ទាក់ទងបញ្ហានេះ
បុគ្គលិកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO)
ប្រចាំខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា
ប្រសិនមានការប្ដឹងពីពលរដ្ឋដែលមិនសុខចិត្តមកខាងអង្គការលីកាដូ
នោះលោកនឹងចុះស៊ើបអង្កេត
ដើម្បីពិនិត្យមើលពីបញ្ហានេះទៅតាមនីតិវិធីនៃច្បាប់ភូមិបាល។
លោកបញ្ជាក់ថា ក្នុងច្បាប់ភូមិបាល គេបានចែងថា ដីរបស់វត្ត
គឺជាដីសមូហភាព ដោយមិនអាចមានបុគ្គលណាលក់ដូរ
ឬរំលោភបំពានបានឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី