រដ្ឋាភិបាលសម្រេច ដកហូតដីពីក្រុមហ៊ុន ប្រគល់ឲ្យពលរដ្ឋ ស្រុកស្នួលខេត្តក្រចេះ
ពលរដ្ឋមានជម្លោះដីជាង ៣០០គ្រួសារ
នៅស្រុកស្នួល ខេត្តក្រចេះ
ទទួលបានការសន្យាប្រគល់ដីតាមប្លង់ដែលមាន នៅថ្ងៃពុធ ទី៣ ខែកញ្ញា
ដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានប្រកាសចំពោះមុខជនរងគ្រោះនៅវត្តសាមគ្គីរង្ស៊ី រសៀលថ្ងៃទី៣០
ខែសីហា។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ លោក អឹម ឈុនលឹម មានប្រសាសន៍ថា ក្រុមហ៊ុនកូរ៉េ ឈ្មោះ
ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន
មិនបានដាំដុះលើដីដែលរដ្ឋាភិបាលប្រគល់ឲ្យវិនិយោគទេ
ទើបរដ្ឋាភិបាលដកដីទំហំជាង ១.៦០០ហិកតារ ប្រគល់ជូនពលរដ្ឋពីរភូមិ
គឺភូមិគ្រង និងភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ចំនួន ៣២៩គ្រួសារ
ឲ្យទៅបើកយកប្លង់ដីពីសាលាខេត្តក្រចេះ នៅថ្ងៃពុធ ទី៣ ខែកញ្ញា
ឆ្នាំ២០១៤។ ប្រសិនបើពលរដ្ឋទៅយកពីសាលាខេត្តមិនទាន់
អាចបើកប្លង់យកពីមន្ទីរសុរិយោដីខេត្តគ្រប់ម៉ោងធ្វើការ៖ «ទី១
គឺផ្តល់ប័ណ្ណកម្មសិទ្ធិលើចំនួន ៣៩១ក្បាលដី ជូនប្រជាពលរដ្ឋចំនួន
៣២៩គ្រួសារ។ នេះ គឺឋិតនៅភូមិថ្ពង ភូមិគ្រង ឃុំស្នួល ស្រុកស្នួល
ខេត្តក្រចេះ អនុលោមទៅតាមបញ្ជីឈ្មោះនៅប្លង់សុរិយោដី
ដែលបានធ្វើការបិទផ្សាយជាសាធារណៈរួច កាលពីថ្ងៃទី៤ ខែមិថុនា
ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣»។
នៅក្នុងដំណោះស្រាយនោះដែរ
ពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តក្រចេះ កាត់ក្បាលដីចំនួន ៦៦ក្បាលដី
បានទាមទារដីពួកគេវិញដែរ។
លោករដ្ឋមន្ត្រីបានសន្យានឹងបន្តដោះស្រាយ
បើសិនជាប្រជាពលរដ្ឋបានប្លង់ត្រឹមត្រូវដែលចេញដោយយុវជនស្ម័គ្រ
ចិត្តវាស់ដីនោះ៖«៣២៩គ្រួសារ ១.៦៥២,៧៥ហិកតារ។ ប៉ុន្តែឥឡូវនេះ
គឺមាន ៦៦ក្បាលដីដែលមិនបានបិទផ្សាយទេ កាត់ចេញ ដូច្នេះអានេះ
គឺថាត្រូវបន្តពិនិត្យ បញ្ហាហ្នឹងជាជំហានទី២ បើយើងពិនិត្យហើយ
យើងបិទផ្សាយទៅ បិទផ្សាយចប់ហើយ គឺយើងដោះស្រាយ ៦៦ក្បាលដីនេះទៀត»។
យុវជន ភារម្យ ឲ្យដឹងថា គាត់ត្រឡប់ទៅភូមិគ្រង វិញនៅថ្ងៃស្អែក ដើម្បីទទួលយកប្លង់ដី៖ «នេះ គឺខ្ញុំមានក្បាលដីលេខ១០៧៤»។
អ្នកស្រី ផុន សុខុន មកពីភូមិគ្រង ឲ្យដឹងថា
គាត់រស់នៅខេត្តព្រៃវែង មិនមានដីល្អដាំដុះ
ទើបគាត់ចូលទៅកាប់គាស់ដីនៅស្រុកស្នួល
ដាំដំណាំចិញ្ចឹមជីវិតចំនួន ៣ហិកតារ កាលពីឆ្នាំ១៩៩៩។
ឥឡូវគាត់ឮការប្រកាសផ្ទាល់មាត់ពីថ្នាក់ដឹកនាំ
គឺគាត់នឹងរស់នៅបានស្ងប់លើដីទំហំ ៣ហិកតារ
ដែលនឹងទទួលកម្មសិទ្ធិស្របច្បាប់នៅដើមខែកញ្ញា៖ «ឥឡូវបានសម្ដេច
លោក ហ៊ុន សែន គាត់ដោះស្រាយឲ្យហើយ។ ហើយរដ្ឋមន្ត្រីក្រសួងដែនដី
បានដោះស្រាយឲ្យប្រជាពលរដ្ឋ ខ្ញុំបានដីវិញហើយ។
ខ្ញុំត្រេកអរខ្លាំងណាស់រកអីប្រៀបមិនបានទេ
ខ្ញុំបានវិលទៅជួបកូនចៅខ្ញុំវិញ»។
ប្រជាពលរដ្ឋដែលមកពីឃុំ២ធ្នូ ស្រុកឆ្លូង
ខេត្តក្រចេះ និងគ្រួសារច្រើនទៀត ដែលមានជម្លោះដី
តែមិននៅក្នុងក្រុមហ៊ុន ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន
ដែលរដ្ឋាភិបាលបានដកយកមកចែកប្រជាពលរដ្ឋនេះ
បានដាក់ពាក្យបណ្ដឹងផ្ទាល់ដៃជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ សុំឲ្យលោកជួយដោះស្រាយបន្ត។
អ្នកភូមិសន្យាត្រឡប់ទៅភូមិកំណើតវិញនៅថ្ងៃអាទិត្យ
ដើម្បីទទួលបានប្លង់ដីស្របច្បាប់តាមការសន្យារបស់រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ប្រភពពី វិទ្យុអាស៊ីសេរី