អ្នកភូមិឡពាង៦នាក់ ដែលដើរមកភ្នំពេញ តវ៉ារឿងដីកំពុងឈឺធ្ងន់
តំណាងអ្នកភូមិឡពាង បានឲ្យដឹងថា
ក្នុងចំណោមស្ត្រី ៨នាក់ ដែលបានដួលសន្លប់កាលពីម្សិលមិញ ២នាក់
បានចេញពីពេទ្យអង្គការសិទ្ធិមនុស្សលីកាដូហើយ ប៉ុន្តែ ៦នាក់ទៀត
ដែលមានសភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅឡើយ។
ទោះបីជាមានការចាប់ចង
និងការប្រើអំពើហិង្សាបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចចម្រុះជាង
១០០នាក់ នៅខេត្តកំពង់ឆ្នាំង ប្រដាប់ដោយដំបងខែល
វាយសន្ធាប់លើពលរដ្ឋកាលពីថ្ងៃ១២ សីហា
និងការទប់ស្កាត់របស់កងសន្តិសុខខណ្ឌឫស្សីកែវ កាលពីថ្ងៃ១៣ សីហា
ក្រុមអ្នកភូមិឡពាង ប្រមាណ ៦០នាក់ ដែលបានពុះពារជម្នះឧបសគ្គទាំងនោះ
ក្នុងដំណើរតស៊ូដោយចិត្តអំណត់
ប៉ុន្តែពោរពេញទៅដោយទឹកចិត្តក្លាហានពីខេត្តកំពង់ឆ្នាំង
បានមកដល់រាជធានីភ្នំពេញ ជាគោលដៅរបស់ខ្លួនហើយកាលពីយប់មិញនេះ។
តំណាងអ្នកភូមិឡពាង ភូមិបឹងកក់ ភូមិសំរោង
នៃឃុំតាជេស្ឋ អ្នកស្រី អ៊ុំ សុភី
ដែលក្រុមអ្នកស្រីកំពុងស្នាក់នៅក្នុងសហគមន៍បឹងកក់
មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ក្រុមអ្នកភូមិឡពាង
នៅមិនទាន់មានវិធានការហែញត្តិ តវ៉ាសុំឲ្យស្ថាប័នកំពូលៗ
ជួយធ្វើអន្តរាគមន៍ក្នុងរឿងដីធ្លីរបស់ពួកគាត់នៅឡើយទេ
ដោយត្រូវការសម្រាកយកកម្លាំងសិន និងរង់ចាំស្ត្រី
៦នាក់ផ្សេងទៀតចេញពីកន្លែងសម្រាកព្យាបាលរបស់អង្គការសិទ្ធិមនុស្ស
លីកាដូ។
អ្នកស្រី អ៊ុំ សុភី៖ «ខំដើរពីផ្ទះមក
ពួកគាត់អស់កម្លាំងណាស់ និងទទួលរងការប៉ះទង្គិចជាមួយសមត្ថកិច្ច។
ដោយយើងសំបូរចាស់ៗនិងក្មេៗ ហើយសុខភាពមិនសូវល្អ
យើងសម្រាកស្អែកមួយថ្ងៃសិន ដើម្បីព្យាបាលជំងឺឲ្យធូរស្បើយសិន។
ម្សិលមិញពួកខ្ញុំមកតាមផ្លូវ សមត្ថកិច្ចចាប់ពលរដ្ឋ
៣នាក់ក្នុងនោះរួមទាំងប្តីខ្ញុំផង»។
បញ្ហាទំនាស់ដីធ្លីរបស់អ្នកភូមិឡពាង
នៃឃុំតាជេស្ឋ ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី
ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
មានរយៈពេលជិត ១០ឆ្នាំមកហើយ។ អ្នកភូមិទាំងនោះបាននាំគ្នាតវ៉ា
ប៉ុន្តែត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់
ក្រោយពីមានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក
និងដុំថ្មរវាងអ្នកភូមិ
និងកម្លាំងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន
បណ្ដាលឲ្យរងរបួសជាង ២០នាក់ទាំងសងខាង កាលពីរសៀលថ្ងៃទី១៧
ខែកក្កដា។
អ្នកស្រី អ៊ុំ សុភី ថ្លែងបញ្ជាក់ផងដែរថា
គោលដៅសំខាន់របស់ក្រុមអ្នកស្រីដែលធ្វើដំណើរមកភ្នំពេញនេះ
គឺទទូចសុំឲ្យរដ្ឋសភា និងប្រមុខដឹកនាំរដ្ឋាភិបាល
ដោះលែងពួកគាត់ចេញពីពន្ធនាគារ
និងដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់ៗ៖ «គោលបំណងពួកខ្ញុំ គឺទី១
ឲ្យរដ្ឋសភាធ្វើអន្តរាគមន៍ដោះលែងអ្នកទាំង ៥នាក់នោះ។
ការចាប់ខ្លួនដល់ពេលនេះ ៥នាក់ហើយ។ ទី២
សុំឲ្យដោះស្រាយរឿងដីធ្លីពួកខ្ញុំប៉ុន្មានភូមិនោះជាបន្ទាន់
ពីព្រោះពួកខ្ញុំជាអ្នកស្រែ
បើគ្មានដីធ្លីទេមិនដឹងជារស់នៅយ៉ាងម៉េចតទៅទៀតទេ
អ៊ីចឹងហើយពួកខ្ញុំបានជម្នះគ្រប់ឧបសគ្គដើម្បីមកទីក្រុងភ្នំពេញ»។
ដោយបញ្ហាទំនាស់ដីធ្លីនេះអូសបន្លាយយូរ
ពេកនិងដោយអស់សង្ឃឹម ក្រុមអ្នកភូមិឡពាង និងបឹងកក់ បានរែកមុងភួយ
កន្ទេលខ្នើយ និងចានឆ្នាំង
ទៅតវ៉ានៅខាងមុខតុលាការខេត្តចាប់ពីថ្ងៃទី៥ ខែសីហា
ប៉ុន្តែនៅតែគ្មានដំណោះស្រាយ
ទើបពួកគេសម្រេចធ្វើដំណើរថ្មើរជើងចម្ងាយ ៦០គីឡូម៉ែត្រ
ពីខេត្តកំពង់ឆ្នាំង មកផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងស្ថានទូតមួយចំនួនទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យជួយដោះស្រាយ។
កាលពីថ្ងៃទី១៣ ខែសីហា នេះដែរ លោក សម
រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅទំព័រហ្វេសប៊ុក
(Facebook) ថា លោកនឹងអញ្ជើញលោក ស៊ុយ សែម
រដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពល ឲ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភា
ជុំវិញករណីទំនាស់ដីធ្លីរវាងភរិយាគាត់ ឈ្មោះ ជា ខេង
និងប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស្ឋ ខេត្តកំពង់ឆ្នាំង។
អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃអង្គារ
ក៏បានចេញសេចក្តីថ្លែងការណ៍មួយ
ថ្កោលទោសការប្រើអំពើហិង្សារបស់ក្រុមអាជ្ញាធរចម្រុះជាង
១០០នាក់នៅខេត្តកំពង់ឆ្នាំង
មកលើពលរដ្ឋស្លូតត្រង់ដែលធ្វើដំណើរស្វែងរកអន្តរាគមន៍ដោះស្រាយ
ទំនាស់ដីធ្លីរបស់ពួកគាត់នៅទីក្រុងភ្នំពេញ៕
ប្រភពពី វិទ្យុអាស៊ីសេរី