លេងកំដសព ផ្ទុះហិង្សាវាយតប់គ្នា ចាប់បញ្ជូន ទៅតុលាការ

8/14/2014 0 Comments A+ a-

cut sb
បាត់ដំបងៈ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ ពីបទហិង្សាដោយចេតនា បន្ទាប់ពីកម្លាំងនគរបាលស្រុកកំរៀង បានឃាត់ ខ្លួនជនសង្ស័យ ដែលបានបង្កហិង្សាក្នុងវង់ល្បែង (វង់បៀរ) ក្នុងឱកាសបុណ្យសព កាលពីវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងកន្លងទៅ។
តាមរបាយការណ៍ បញ្ជូនខ្លួនជនសង្ស័យ របស់អធិការនគរបាលស្រុកកំរៀង បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ ខ្លួនមានឈ្មោះ ជឿង ប៊ុនរិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះ ចាន់ ទិត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង។
របាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ពួកខ្លួនកំពុងលេងបៀរជុំគ្នា កំដរបុណ្យសពជីដូនជនរងគ្រោះ ក្រោយមកអ្នកលេង ជាមួយ ឈ្មោះ ច្រឹក ប៊ុនសុង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ.សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានលូកដៃយកលុយ កាច់ចំនួន៣ដង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះ បានដើរចេញ ហើយទៅយកបំពង់ទីប បម្រុងវ៉ៃ ទៅលើឈ្មោះ សុង ដែលត្រូវជាឪពុកមាជនសង្ស័យ ភ្លាមៗនោះ ជនសង្ស័យបានស្ទុះមកជួយ ខ្លាចជនរងគ្រោះវ៉ៃមារបស់ខ្លួន រួចក៏ទាញកាំបិតប័ុងតោ ពីកន្លែងចុងភៅបុណ្យសពនោះ មកកាប់ជនរងគ្រោះ បណ្តាលឲ្យដាច់ស្លឹកត្រចៀកស្តាំម្ខាង ហើយនាំ គ្នាដើរចេញបាត់។ លុះដល់ម៉ោង៥៖៣០នាទី ល្ងាចថ្ងៃដដែល សមត្ថកិច្ចបានចុះមកឃាត់ខ្លួន តាមពាក្យបណ្តឹងជនរងគ្រោះ នាំយកមកអធិការស្រុក ដើម្បីសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់។
បន្ទាប់ពីបានទទួលសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ពីកម្លាំងនគរបាលស្រុកកំរៀងរួចមក កម្លាំងជំនាញនគរបាលខេត្ត បាន បញ្ជូនខ្លួនជនសង្ស័យ បន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕