នាំស្រីស្នេហ៍ ទៅមើលទោងហោះ ត្រូវក្រុមចោរ វាយប្លន់ យកទូរស័ព្ទ ១គ្រឿងបាត់

8/14/2014 0 Comments A+ a-

phone
ភ្នំពេញ៖ គូស្នេហ៍១គូ បានឌុបគ្នាដើរលេងកម្សាន្ត ក៏ឈានចូលអង្គុយមើលទោងហោះ និងអង្គុយចុកទូរស័ព្ទលេង ស្រាប់តែ ជនសង្ស័យមានគ្នា៣នាក់ ម្នាក់អង្គុយចាំម៉ូតូ និង២នាក់ទៀត ចូលទៅធ្វើសកម្មភាពវាយប្លន់ ប៉ុន្តែដោយសារមាននគរបាល ដើរល្បាតប្រទះឃើញទាន់អន្តរាគមន៍ ទើបជនដណ្តើមបានតែទូរស័ព្ទ ១គ្រឿង គេចខ្លួនបាត់ នគរបាលក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យ ដែលអង្គុយលើម៉ូតូនោះតែម្តងទៅ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះ ឈ្មោះ ឡុង តាំងលី ភេទប្រុស អាយុ ២៧ឆ្នាំមានមុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ជិះម៉ូតូ មួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០8 ឡើងតែម ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-2256 និងបក្ខពួកគេពីរនាក់ទៀត ពុំត្រូវបាន ស្គាល់ឈ្មោះនោះទេ ចំណែកឯជន រងគ្រោះវិញ ឈ្មោះ ប៉ែន សុផា ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរ លក់ផ្លែឈើ និងនារីជាស្រីស្នេហ៍នោះ មានអាយុ ២៣ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រកាត់ដេរ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាក លេខ កំពង់ចាម 1B-8181 ។ សម្ភារបាត់បង់ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកសាំស៊ុងកាឡាក់ស៊ី អេសស្រ៊ី។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបនារីជាសង្សាដើរកម្សាន្ត នាពេលរាត្រី រួចហើយចូលទៅអង្គុយ លេងកន្លែងទោងហោះ ដែលមានល្បែងក្មេងលេងជាច្រើនប្រភេទ ហើយក៏បានអង្គុយលេងនៅម៉ូតូ ជាមួយគ្នាដោយជន រងគ្រោះជាបុរស បានដកទូរស័ព្ទដៃមកចុចលេង ក្រោយស្រាប់តែមានជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ជិះចូលទៅ ហើយអ្នកជិះខាងក្រោយ បានចុះពីលើម៉ូតូ ដើរសំដៅទៅរកជនរងគ្រោះ រួចហើយធ្វើសកម្មភាពវាយជនរងគ្រោះប្លន់ ប៉ុន្តែ ភ្លាមៗនោះ ដោយសារតែនគរបាលខណ្ឌ បានដើរល្បាត នៅក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋនោះ ប្រទះឃើញទាន់ បានជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ដណ្តើមបានតែទូរស័ព្ទដៃមួយគ្រឿង រួចហើយរត់គេច ខ្លួនបាត់ទៅអស់។ រំពេចនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលអង្គុយចាំលើម៉ូតូ នាំយកមកសាកសួរ រួចបញ្ជូន មកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមផ្លូវច្បាប់៕
Photo by DAP-News
Photo by DAP-News
______________________
ផ្តល់សិទ្ទិដោយ៖dap-news