ជម្លោះដីធ្លីបានកក្រើក ឡើងច្រើនជាងឆ្នាំមុន
ភ្នំពេញៈ ជម្លោះ
ដីធ្លី និងការប្តឹងចោទប្រកាន់ប្រជាពលរដ្ឋ
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០១៤
នេះមានការកើនឡើង
បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើតាមរបាយការណ៍អង្គការអាដហុក ដែលចេញកាលពីថ្ងៃម្សិលមិញ
ស្របពេលដែលអាជ្ញាធរ ខេត្តក្រចេះ បានឡើងមកជួបប្រជាពលរដ្ឋរងគ្រោះ
ដោយសារបញ្ហាដីធ្លី មកពី ឃុំស្នួល
ដែលកំពុងតែធ្វើការតវ៉ាទាមទារឲ្យមានដំណោះស្រាយនៅភ្នំពេញ
មួយថ្ងៃបន្ទាប់ពីមានការស្តីបន្ទោសជាសាធារណៈ
ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមរបាយការណ៍របស់សមាគមអាដហុក
បានឲ្យដឹងថា ចាប់តាំងពីដើម ខែមករា ដល់ពាក់កណ្តាល ខែសីហា
ឆ្នាំ២០១៤ នេះ មានប្រជាពលរដ្ឋចំនួន ១២៦ នាក់
ត្រូវបានចោទប្រកាន់ទាក់ទងនឹងករណីជម្លោះដីធ្លីក្នុងនោះ ១៩ នាក់
ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ ដែលចំនួននេះ
កើនឡើងច្រើនជាងឆ្នាំមុនដែលមានពលរដ្ឋចំនួន ១០៩
នាក់ត្រូវបានចោទប្រកាន់និង ៤៣ នាក់ ត្រូវបានឃាត់និងឃុំខ្លួន។
លោក នី ចរិយា
ប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស នៃសមាគមអាដហុក
បានថ្លែងកាលពីម្សិលមិញថា
តាមការពិនិត្យនិងអង្កេតករណីជម្លោះដីធ្លីនេះ ឃើញថា
មានភាពមិនប្រក្រតីជាច្រើន ហើយប្រជាពលរដ្ឋ
មិនបានទៅយកដីឬទន្រ្ទានដីរដ្ឋឬដីក្រុមហ៊ុនបន្ថែម
ដូចការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាននោះទេ។
ពលរដ្ឋគ្រាន់តែចង់បានដីកម្មសិទ្ធិ ដែលក្រុមនិសិ្សតបានវាស់វែង
និងចេញសាលាកបត្រឲ្យរួចហើយ។
លោក ចរិយា ព្រមានថា
ប្រសិនបើប្រមុខរាជរដ្ឋាភិបាល
មិនមានចំណាត់ការជាក់លាក់លើបញ្ហាជម្លោះដីធ្លី
ដែលកំពុងតែកក្រើកឡើងយ៉ាងក្តៅគគុកនេះទេ
នោះវិបត្តិសង្គមនឹងកើតមានកាន់តែធំ ដោយសារតែមន្ត្រីក្រោមឱវាទ
មិនបានដោះស្រាយបញ្ហាដីធ្លី ឲ្យមានប្រសិទ្ធភាព
និងពុំបានផ្តល់ព័ត៌មានជាក់លាក់
ពីការកើតមានជម្លោះជូននាយករដ្ឋមន្ត្រី។
លោក នី ចរិយា បានបញ្ជាក់ថា៖
«ចាប់ពីពេលនេះទៅ លោកនាយករដ្ឋមន្ត្រី
ត្រូវតែមានយន្តការដោះស្រាយនិងពង្រឹងយន្តការនោះ …
ហើយត្រូវហ៊ានអារកាត់
ដកហូតមន្ត្រីដែលលាក់លៀមព័ត៌មាននោះចេញពីតំណែង។
មន្ត្រីទាំងនោះហើយដែលនាំឲ្យមានវិបត្តិនៅក្នុងសង្គម
មិនមែនប្រជាពលរដ្ឋនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃចន្ទ បានធ្វើការស្តីបន្ទោសដល់អភិបាល ខេត្តក្រចេះ លោក សរ
ចំរុង
ថាបានព្រងើយកន្តើយមិនព្រមធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លី
ជូនប្រជាពលរដ្ឋ ខណៈដែលពលរដ្ឋជិត ៣០០នាក់ តំណាងឲ្យ ៤១៦
គ្រួសារបានឡើងមកសុំអន្តរាគមន៍នៅមុខរដ្ឋសភា និងភូមិគ្រឹះលោក
រហូតដល់មានការប៉ះទង្គិចជាមួយអាជ្ញាធរ ធ្វើឲ្យក្មេងតូចអាយុ ៦
ខែម្នាក់ និងស្រ្តីម្នាក់សន្លប់ និងរបួសប្រមាណ ១០ នាក់ថែមទៀត។
បន្ទាប់ពីមានការស្តីបន្ទោសពីលោក ហ៊ុន
សែន កាលពីម្សិលមិញ អាជ្ញាធរ ខេត្តក្រចេះ ដឹកនាំដោយអភិបាលរងលោក
ខាន់ ចំណាន បានឡើងមកជួបពលរដ្ឋដែលកំពុងស្នាក់នៅ វត្តសាមគ្គីរង្សី
ក្នុងរាជធានីភ្នំពេញ ប្រមាណ ១
ខែហើយដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីក្នុង
រឿងជម្លោះដីធ្លីរបស់ពួកគាត់។
លោក ខាន់ ចំណាន បានឲ្យដឹងថា
លោកបានមកជួបប្រជាពលរដ្ឋ គឺក្រោយពីទទួលបាននីតិវិធី
និងចំណាត់ការដោះស្រាយរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ
ដែលបានកោះអញ្ជើញប្រជាពលរដ្ឋ ទៅចូលរួមដោះស្រាយករណីវិវាទដីធ្លី
នៅសាលា ស្រុកស្នួល នាថ្ងៃ ទី២៦ និង ២៧ ខែសីហា ខាងមុខនេះ។
លោកថ្លែងថា៖
«ខាងគណៈកម្មការសុរិយោដីថ្នាក់ជាតិនិងលោកបានដាក់កម្មវិធីរួចហើយ
គឺនៅថ្ងៃ ទី២៦ ពេលព្រឹក លោកនឹងជួបជាមួយខាងក្រុមហ៊ុន ពេលរសៀល
នឹងជួបជាមួយពលរដ្ឋ ហើយនៅថ្ងៃ ២៧ នឹងចុះទៅពិនិត្យទីតាំងដីទំនាស់។
នេះជាដំណើរការនៃការដោះស្រាយទៅតាមអ្វីដែលពលរដ្ឋបានស្នើសុំ
អន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន»។
លោក ខាន់ ចំណាន បានបន្តថា
ក្រោយពីបានពិភាក្សាគ្នាហើយ ខាងពលរដ្ឋ
បានយល់ព្រមវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្នុងអំឡុងថ្ងៃ ទី ២២ ឬ ២៣
ខាងមុខនេះ ដើម្បីចូលរួមដោះស្រាយទំនាស់ដីធ្លីនេះ។
លោក សួន វិច្ឆិកា តំណាងពលរដ្ឋ បានឲ្យដឹងថា
ក្រោយពីបានជជែកគ្នាពីការស្វែងរកដំណោះស្រាយជម្លោះដីធ្លីនេះ
ពួកលោកបានឯកភាពគ្នាវិលត្រឡប់ទៅកាន់លំនៅឋានវិញក្នុងពេលឆាប់ៗ
នេះ បន្ទាប់ពីមានការសូត្រមន្តរំដោះគ្រោះនៅថ្ងៃសុក្រខាងមុខ។
តែទោះជាយ៉ាងណា លោកថា
ពលរដ្ឋបានដាក់លក្ខខណ្ឌចំនួន ៨ ចំណុចទៅកាន់អាជ្ញាធរ
មុននឹងវិលត្រឡប់ទៅវិញ ដែលក្នុងនោះរួមមាន ១-
បញ្ឈប់ការឈូសឆាយដីដែលបានវាស់វែងហើយ ២-
ដីដែលបានវាស់វែងហើយត្រូវប្រគល់ជូនប្រជាពលរដ្ឋ ៣-
រក្សាទីតាំងដីដែលពលរដ្ឋកំពុងអាស្រ័យផល ៤-
ឲ្យមានការប្រគល់ប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋសម្រាប់ដីដែលវាស់វែង
ហើយ ៥- រក្សាទំហំដីដែលបានវាស់វែងហើយ ៦-
ផ្ដល់សំណងចំពោះដំណាំដែលក្រុមហ៊ុនបានឈូសឆាយ ៧-
ធានាសុវត្ថិភាពពលរដ្ឋគ្រប់ៗគ្នា និង៨-
ស្នើឲ្យមានសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
ចូលរួមដោះស្រាយជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន។
តំណាងប្រជាពលរដ្ឋរូបនេះ បានព្រមានថា
បើចំណាត់ការដោះស្រាយនៅតែពុំមានលទ្ធផលជាផ្លែផ្កាទេនោះ
ពួកគាត់នឹងត្រឡប់មកសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ជាថ្មីទៀត
និងដាក់ពាក្យប្តឹងមន្ត្រីដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាជម្លោះ
ដីធ្លីជូនអ្នកភូមិពួកលោក។
ទាក់ទងនឹងលក្ខខណ្ឌទាំង ៨ ចំណុចខាងលើ លោក
ខាន់ ចំណាន បានស្វាគមន៍ហើយថា ចំណុចមួយចំនួនក្នុងសំណូមពរនោះ
គឺស្ថិតនៅក្នុងនីតិវិធី
នៃការដោះស្រាយរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។
ក្នុងញត្តិរបស់ពលរដ្ឋ
ដែលសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីកន្លងមក បានឲ្យដឹងថា
ពួកគាត់ចំនួន ៣២៩ គ្រួសារ បានចូលកាន់កាប់និងដាំដំណាំលើដីទំហំ
១៥៦២,៧៥ ហិកតានោះ តាំងពី ឆ្នាំ២០០២ មក ប៉ុន្តែនៅ ឆ្នាំ២០១២ ក្រុមហ៊ុន
ហឹរ៉ាយហ្សិន អេហ្គ្រីខលឈ័រ បានទៅឈូសឆាយលើដីរបស់ពួកគាត់។ រហូតដល់
ឆ្នាំ២០១២ ក្រុមនិសិ្សតស្ម័គ្រចិត្ត បានចុះទៅវាស់វែងដី
និងបានប្រគល់សាលាកបត្រសម្គាល់ដីជូនពលរដ្ឋ
ប៉ុន្តែមកទល់ពេលនេះអាជ្ញាធរខេត្ត
នៅមិនទាន់ចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់នៅឡើយ
ហើយថែមទាំងកាត់តម្រឹមដីពលរដ្ឋដែលមានលើសពី ៣ ហិកតាថែមទៀត៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍