មន្ត្រីជាន់ខ្ពស់និយាយ ខុសគ្នាអំពីបាតុកម្ម តវ៉ារបស់ខ្មែរក្រោម
ភ្នំពេញៈ មួយ
ថ្ងៃបន្ទាប់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា បានប្រាប់លោក ង្វៀន
តាន់យុង (Nguyen Dan Dung) នាយករដ្ឋមន្រ្តីវៀតណាម នៅ ទីក្រុងហាណូយ ថា
រដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់បាតុកម្មជ្រុល
និយមរបស់ខ្មែរក្រោម តែលោក ហោ ណាំហុង
រដ្ឋមន្រ្តីការបរទេសបានប្រាប់មេដឹកនាំបាតុកម្មកាលពីម្សិលមិញថា
រដ្ឋាភិបាលក៏បានយល់ពីក្តីបារម្ភរបស់បាតុករដែរ។
អ្នកសង្កេតការណ៍បានឲ្យដឹងថា
សេចក្តីថ្លែងខុសគ្នានេះគឺបង្ហាញអំពីការព្យាយាមរបស់គណបក្ស
ប្រជាជន
ក្នុងការដើរតាមផ្លូវការទូតដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យពាក់
ព័ន្ធនឹងកំហឹងជាទូទៅប្រឆាំងនឹងវៀតណាម
ហើយទន្ទឹមនឹងនេះក៏ចង់បញ្ចៀសកុំឲ្យវៀតណាម
ដែលជាដៃគូប្រវតិ្តសាស្រ្តរបស់គណបក្សកាន់អំណាចខឹង។
តាមមេដឹកនាំក្រុមបាតុករបានឲ្យដឹង
បន្ទាប់ពីបានចូលរួមប្រជុំនៅការិយាល័យរបស់លោក ហោ ណាំហុង
កាលពីរសៀលថ្ងៃអង្គារថា
រដ្ឋមន្រ្តីការបរទេសបានស្នើសកម្មជនផ្អាកបាតុកម្មនៅក្រៅស្ថានទូត
វៀតណាម ដែលធ្វើឡើង ៣ ថ្ងៃជាប់ៗគ្នាពីសប្តាហ៍មុន
ដើម្បីទុកពេលរិះរកវិធីដោះស្រាយ។
សកម្មជនរូបនេះបានថ្លែងថា លោក ហោ ណាំហុង
បានលើកឡើងថា បើទោះជារដ្ឋាភិបាលប្រគល់ញតិ្តទៅឲ្យវៀតណាម
តាងនាមឲ្យបាតុករក៏ដោយ ក៏ពួកគេនៅតែរង់ចាំចម្លើយតបដែរ។
ប៉ុន្តែ បើតាមលោក សុខ សុថា
នៃសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានឲ្យដឹងថា
រដ្ឋាភិបាលក៏បានយល់ស្របជាមួយនឹងបាតុករដែរថា
វៀតណាមមិនអាចប្តូរប្រវតិ្តសាស្រ្តកម្ពុជាក្រោមបានទេ។
និស្សិត ព្រះសង្ឃ
និងសកម្មជនខ្មែរក្រោមបានអំពាវនាវឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម
សុំទោសចំពោះការលើកឡើង កាលពី ខែមិថុនា ថា វៀតណាម
មានអធិបតេយ្យលើអតីតខេត្តកម្ពុជាក្រោមតាំងពីមុនបារាំង
ប្រគល់ជាផ្លូវការឲ្យទៅវៀតណាម ក្នុង ឆ្នាំ១៩៤៩ ទៅទៀត។
បាតុករបានដុតទង់ជាតិវៀតណាម
ក្នុងអំឡុងបាតុកម្ម
នៅក្រៅស្ថានទូតកាលពីសប្តាហ៍មុនធ្វើឲ្យមានការថ្កោលទោសភ្លាមៗពី
ក្រសួងការបរទេសវៀតណាម
ដែលបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការបញ្ឈប់
សកម្មភាពនេះ។
ចំណុចនេះ
ត្រូវលើកឡើងដោយលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តាន់យុង
ដោយផ្ទាល់ប្រាប់លោក ហេង សំរិន កាលពីថ្ងៃចន្ទ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា លោក ហេង សំរិន
បានលាបពណ៌បាតុករថា មានសម្ព័ន្ធជាមួយក្រុមជ្រុលនិយម។
លោក សុខ សុថា មេក្រុមយុវជនថ្លែងថា ប៉ុន្តែ
លោក ហោ ណាំហុង «ប្រាប់យើងថា ការដុតទង់ជាតិវៀតណាម
ក្នុងអំឡុងបាតុកម្ម គឺជារឿងធម្មតា ក្នុងប្រទេសប្រជាធិបតេយ្យ»។
លោកបន្តថា៖ «ក្នុងអំឡុងកិច្ចប្រជុំ
រដ្ឋាភិបាលបានសម្តែងឆន្ទៈគាំទ្រសកម្មភាពពួកយើង…យើងទទួលយកសំណើពួក
គេផ្អាកបាតុកម្ម ប៉ុន្តែ ជំហរយើងនៅតែទាមទារឲ្យរដ្ឋាភិបាលវៀតណាម
សុំទោសនិងទទួលស្គាល់ប្រវតិ្តសាស្រ្ត»។
លោក ថាច់ សេដ្ឋា
មន្រ្តីគណបក្សប្រឆាំងដែលចូលរួមក្នុងកិច្ចប្រជុំជាប្រធានសហគមន៍
កម្ពុជាក្រោមបញ្ជាក់ថា លោក ហោ ណាំហុង បានផ្ញើសារវិជ្ជមានមួយ។
សារនោះខុសពីសាររបស់លោក ហេង សំរិន
ជម្រាបទៅលោកនាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃចន្ទ។
សារព័ត៌មាន Thanh Nien របស់ វៀតណាម
បានរាយការណ៍ថា៖ «លោក ហេង សំរិន ថ្លែងថា
រដ្ឋាភិបាលកម្ពុជាសោកស្តាយចំពោះហេតុការណ៍នេះ ហើយថា
ទង្វើនេះធ្វើដោយក្រុមជ្រុលនិយមមួយក្តាប់តូច
ដែលត្រូវបានញុះញង់ដោយបុគ្គលដែលឈឺចាប់ចំពោះប្រវតិ្តសាស្រ្ត»។
លោកបន្តថា រូបលោកនិងរដ្ឋាភិបាលកម្ពុជា
ពុំសប្បាយចិត្តចំពោះសកម្មភាពនេះទេ ហើយបានចាត់វិធានការតឹងរ៉ឹង
ដើម្បីបង្ការកុំឲ្យកើតមានបែបនេះទៀត»។
លោក ហេង សំរិន
ប្រធានរដ្ឋសភានិងជាស្ថាបនិកបង្កើតគណបក្សកាន់អំណាច
កំពុងធ្វើទស្សនកិច្ចផ្លូវការទៅ ប្រទេសវៀតណាម
ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ។
លោក កុយ គួង
អ្នកនាំពាក្យក្រសួងការបរទេសនិងតំណាងរាស្រ្តជាច្រើនរូបរបស់
គណបក្សកាន់អំណាច ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ
កាលពីម្សិលមិញ។
កាលពីថ្ងៃសុក្រ លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងតាមវិទ្យុថា
បាតុករគ្រាន់តែបញ្ចេញមតិនៅក្នុងប្រទេសប្រជាធិបតេយ្យ។
លោកប្រាប់វិទ្យុអាស៊ីសេរីថា៖ «កម្ពុជាខុសពីវៀតណាម។
កម្ពុជាប្រកាន់ខ្ជាប់នូវលទិ្ធប្រជាធិបតេយ្យពហុបក្សនិងអនុញ្ញាត
សេរីភាពបញ្ចេញមតិក្រោមក្របខ័ណ្ឌច្បាប់»។
ប្លុក Khmerization
ជាប្លុករិះគន់រដ្ឋាភិបាលជាញឹកញាប់ថា ជាអាយ៉ងវៀតណាម
ហើយជាប្លុកពេញនិយមរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
បានសរសើរចំពោះការអត្ថាធិប្បាយនេះ ហើយលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ក៏កោតសរសើរផងដែរ។
លោក អ៊ូ វីរៈ
អ្នកអត្ថាធិប្បាយនយោបាយថ្លែងថា
រដ្ឋាភិបាលគ្រាន់តែផ្គាប់ចិត្តមហាជនដែលខ្លួនប្រឈមដោយលោក ណាំហុង
ត្រូវកោះអញ្ជើញបាតុករហើយលោក ហេង សំរិន ទៅធ្វើទស្សនកិច្ចនៅវៀតណាម
គឺជាសកម្មភាពគិតគូរមួយ។
លោកគិតថា៖
«អ្នកនាំពាក្យស្ថានទូតធ្វើឲ្យរដ្ឋាភិបាលស្ថិតក្នុងភាពលំបាក។
ខ្ញុំគិតថា
គណបក្សប្រជាជនស្ទាក់ស្ទើរក្នុងការថ្កោលទោសរដ្ឋាភិបាលវៀតណាម
ដោយសារទំនាក់ទំនងយូរអង្វែង។ ពួកគេស្ថិតក្នុងស្ថានភាពពិបាក»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍