ឃាត់ខ្លួន បុរសម្នាក់ ស្លៀកពាក់ជាសន្តិសុខ បន្លំលួចឥវ៉ាន់ អ្នកជំងឺ ក្នុងមន្ទីរពេទ្យ

8/20/2014 0 Comments A+ a-

ភ្នំពេញ ៖ បុរសម្នាក់ បានលួចឯកសណ្ឋាន ស្លៀកពាក់ជាសន្តិសុខ ហើយបន្លំចូលយកឥវ៉ាន់អ្នកជំងឺ តាមបន្ទប់ក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរសូរវៀត  ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១២ និង៤៥ នាទី ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមនចំការមន ។
ប្រភពព័ត៌មាន ពីសាក្សីនៅក្នុងមន្ទីរពេទ្យ បានឱ្យដឹងថា គេតែងតែសង្កេតឃើញ បុរសខាងលើ តែងតែ ស្លៀកសម្លៀកបំពាក់សន្តិសុខ ចូលទៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ជាញឹកញាប់ ហើយបានចូល ទៅបន្លំយកសម្ភារៈ និងរបស់របរផ្សេងៗ ពីអ្នកជំងឺដែលសម្រាកនៅទីនោះ ហើយនៅវេលាថ្ងៃកើតហេតុ ស្រាប់តែឃើញជនសង្ស័យ ដើរក្រវែលជាច្រើនជុំ នៅក្នុងកន្លែងសម្រាករបស់អ្នកជំងឺ ទើបសន្តិសុខនៅ ក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ធ្វើការឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយពីទទួលបាន សេចក្តីរាយការណ៍ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ នៅកន្លែងកើត ហេតុ ប៉ុន្តែមិនបានយកជនសង្ស័យខាងលើ យកទៅធ្វើការសាកសួរនោះទេ ដោយសារតែជនសង្ស័យ ជាមនុស្សមានសតិមិនគ្រប់ ៕
_____________________
ផ្តល់សិទ្ទិដោយ៖dap-news