មេបញ្ជាការកងទ័ព អាមេរិកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បំពេញទស្សនកិច្ចរយៈ ពេល២ថ្ងៃ នៅកម្ពុជា
លោកនាយឧត្តមសេនីយ៍ មាស សុភា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីជំនួបជាមួយលោកឧត្តមសេនីយ៍
វិនសិន ប្រ៊ុក កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ថា
ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ វិនសិន ប្រ៊ុក នាពេលនេះ
គឺធ្វើឡើងទៅតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ហើយគោលបំណងទី១
គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពទាំងពីរ
ទី២ដើម្បីពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការវាងកងទ័ពនៃប្រទេសទាំងពីរដែលបាន
អនុវត្តរយៈពេលកន្លងមកដូចជាការប្រឆាំងភេរវកម្ម ដោះមីន
និងកាងារផ្សេងៗមួយចំនួនទៀត ជាពិសេសលើការងារ
ដែលអាមេរិកបានឧបត្ថម្ភដល់កម្ពុជា។ ម្យ៉ាងទៀត
ដើម្បីទស្សនកិច្ចឲ្យយល់ពីប្រជាជននៃប្រទេសកម្ពុជាផង
និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបន្តទៀតផងដែរ។
លោកនាយឧត្តមសេនីយ៍ មាស សុភា
បានបញ្ជាក់ដែរថា យើងក៏មិនមានអ្វីក្រៅពីកិច្ចសហប្រតិបត្តិការនោះដែរ
គឺការជួយហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទយើងបន្តទៀត
ហើយអ្វីដែលថ្មីគឺមានបន្ថែមមុខវិជ្ជាមួយចំនួនថែមទៀតដូចជា
ផ្នែកសុខាភិបាល ផ្នែកវិស្វកម្ម និងការងារគ្រោះមហន្តរាយ ជាដើម។
ទាក់ទងទៅនឹងសំណួររបស់អ្នកសារព័ត៌មាន
លើជំនួយរបស់អាមេរិក សម្រាប់កងទ័ពកម្ពុជា
ត្រូវបានលោកនាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា
មិនច្បាស់ទេ ហើយចំពោះទំនាក់ទំនងជាមួយប្រទេសណាមួយនៅលើពិភពលោកនោះ
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា
ប្រទេសកម្ពុជាបានប្រកាន់យកនូវនយោបាយអព្យាក្រឹត
ដូច្នេះត្រូវតែមានទំនាក់ទំនងនៅគ្រប់ប្រទេសទាំងអស់
ដែលសូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចក៏ដោយ
ក៏កម្ពុជាយើងមានទំនាក់ទំនងល្អជាធម្មតា៕
ប្រភពពី Free Press Magazine