ហេង ផាន់ណា លោកតា ឲ្យប្ដូរឈ្មោះយកហុងស៊ុយ
“លោក តាខ្ញុំឲ្យដូរ ខ្ញុំក៏ដូរតាមគាត់ទៅ គឺដូរជិត១ឆ្នាំហើយតើបង…គាត់ថា ផាន់ណា ជាឈ្មោះមនុស្សប្រុស អត់សូវល្អទេ អីចឹងឲ្យរកឈ្មោះថ្មីមកជំនួស ខ្ញុំក៏ដាក់ ហេង កែវនីតា វិញទៅ!”។
នៅក្នុងសិល្បៈមានសិល្បការិនីជាច្រើនមាន ឈ្មោះ “នីតា” ដូចជា សូដា នីតា រ៉ា សូនីតា មាន សូនីតា និងម៉ាក សែនសូនីតាជាដើម។ ប៉ុន្តែកញ្ញា ផាន់ណា ឬ កែវនីតា បញ្ជាក់ថា នាងផ្លាស់ប្តូរឈ្មោះមិនធ្វើតាមនរណាទេ គឺដើម្បីហ៊ុងសុយ ឬលើករាសី។ “ឈ្មោះចាស់ មានឧបសគ្គច្រើន តែក្រោយដូរហើយ ឃើញថា ការងាររីកចម្រើនខ្លះៗមែនបង!”។ នីតា បញ្ជាក់។
ពិធីការិនីរូប នេះ មិនបានអធិប្បាយលម្អិតទេ ពាក់ព័ន្ធថាការងារអ្វីខ្លះដែលនាងទទួលបានបញ្ជាក់ពីការរីក ចម្រើន។ ប៉ុន្តែថា បច្ចុប្បន្ននាងកំពុងកាន់តំណែងជាពិធីការិនីក្នុងកម្មវិធីផ្សាយ ផ្ទាល់ចំនួនពីរនៅទូរទស្សន៍បាយ័ន និងបាយ័ន BTV ។ ក្រៅពីនេះ នាងធ្វើការងារខាងក្រៅដូចជា ធ្វើពិធីការិនីតាមកម្មវិធីឯកជននានា រួមទាំងការងារថតស្ប៉តពាណិជ្ជកម្មមួយចំនួនផង។
បើ ទោះឈ្មោះបានដូរទៅហើយក្ដី តែអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៣រូបនេះ ប្រាប់ថា មកទល់ពេលនេះ ឈ្មោះចាស់របស់នាង នៅតែត្រូវបានគេហៅដដែល។ “គេនៅតែហៅ អ្នកធ្លាប់ស្គាល់យើងពីមុនគេនៅតែហៅ ហើយអ្នកដែលដឹងថាយើងដូរ ក៏ហៅថា “នីតា” ទៅ និយាយរួមគេនៅតែហៅឈ្មោះទាំងពីរហ្នឹង! ហើយអត់បញ្ហាអីទេ នរណាចង់ហៅម៉េច ក៏ហៅទៅបង”។
យ៉ាងណាកញ្ញា បញ្ជាក់ជាចុងក្រោយថា ឈ្មោះ “ផាន់ណា” នៅតែជាឈ្មោះដើម(ឈ្មោះក្នុងបញ្ជីជាតិ)របស់នាង ឯ “នីតា” គ្រាន់តែជាឈ្មោះក្នុងសិល្បៈប៉ុណ្ណោះ៕
អត្ថបទ៖ ទារិកា