តុលាការខេត្តកំពង់ឆ្នាំង កោះហៅមន្ត្រីក្រុមប្រឹក្សា បក្សប្រឆាំង៣នាក់ចូល បំភ្លឺនៅថ្ងៃ១៥សីហា
មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកការចេញដីកាកោះនេះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីផ្នែកនយោបាយ។
មន្ត្រីក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះ
ជាតិ ទាំងបីរូប គឺមានទី១ លោក កែវ ថៃ ទី២ លោក ដួង ចន្ដ្រា និងទី៣
លោក ហែម សម្ផស្ស ថ្លែងនៅថ្ងៃទី១៣ ខែសីហា ថា
ខ្លួននឹងចូលទៅបំភ្លឺនៅចំពោះមុខតំណាងអយ្យការតាមកាលកំណត់
ប៉ុន្តែពួកគេយល់ថា ការចោទរបស់ដើមបណ្ដឹងដែលថា
ខ្លួនទៅគំរាមកំហែង
និងប្រឆាំងការអនុវត្តការងាររបស់អ្នករាជការសាធារណៈ
នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតនោះ គឺជារឿងមិនត្រឹមត្រូវ។
មន្ត្រីក្រុមប្រឹក្សាម្នាក់ក្នុងចំណោមបី
នាក់ គឺលោក ដួង ចន្ដ្រា មានប្រសាសន៍ថា អាជ្ញាធរ
និងគណបក្សប្រជាជនកម្ពុជា តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ
ដើម្បីគាបសង្កត់ពលរដ្ឋ និងគណបក្សប្រឆាំង
ហើយការអនុវត្តរបស់តុលាការនាពេលនេះ
គឺធ្វើឡើងដើម្បីគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋ
និងកម្លាំងស្នូលរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង។
លោកបន្តថា
បណ្ដឹងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៨បណ្ដឹង
ទាក់ទងនឹងការដកស្លាកសញ្ញាគណបក្ស
និងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា
ដែលខាងលោកបានដាក់ចូលដល់ដៃតុលាការតាំងពីមួយឆ្នាំមុន
មិនត្រូវបានតុលាការលើកមកចាត់ការឡើយ
សូម្បីតែហៅទៅសួរបន្ថែមលើពាក្យបណ្ដឹងរបស់ខ្លួនដែលបានដាក់នោះ៖ «ខ្ញុំ
ក៏មិនបានទៅហាមឃាត់ ឬទៅចាប់អីគេដែរ គ្រាន់តែជម្រាបទៅ អ្នកស្រី
នួន ចាន់នី ដែលជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត
ហើយបានជម្រាបទៅប៉ុស្តិ៍ខ្សាម ហ្នឹងថា សូមឲ្យមានការទប់ស្កាត់គាត់
ព្រោះការចាក់ផ្សាយនេះ គឺអំពើមួយមិនគប្បី»។
វិទ្យុអាស៊ីសេរី
មិនអាចសុំការអត្ថាធិប្បាយពី លោក គឹម ហុងសាន ដែលជាតំណាងអយ្យការ
និងជាអ្នកចេញដីកានេះបានទេ
ដោយអ្នកលើកទូរស័ព្ទប្រាប់ថាច្រឡំលេខ។
ចំណែកអភិបាលក្រុងកំពង់ឆ្នាំង លោក ហៃ មនោរម្យ
ក៏មិនអាចទាក់ទងបានដែរនៅរសៀលថ្ងៃទី១៣ ខែសីហា។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា
ការកោះហៅមន្ត្រីក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រឆាំងនាពេលនេះ
គឺមានចរិតនយោបាយច្រើនជាងបញ្ហាសង្គម ឬបុគ្គល
ដោយលោកលើកយកទិដ្ឋភាពសំខាន់ពីរមកបញ្ជាក់
គឺនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋមានសិទ្ធិទទួលព័ត៌មាន
និងទី២នៅក្នុងច្បាប់បោះឆ្នោតគណបក្សនីមួយៗមានសិទ្ធិផ្សព្វផ្សាយ
គោលនយោបាយរបស់ខ្លួន នៅអំឡុងពេលនៃការឃោសនាបោះឆ្នោត៖ «នៅពេល
ជាប់គាំងនយោបាយហ្នឹងឃើញថា តុលាការអត់ទាន់បានកាត់ទោសទេ
គ្រាន់តែនយោបាយត្រូវដោះលែង។ ទិដ្ឋភាពបី
ទី១សម្ពាធរបស់ម្ចាស់បញ្ជាទិញលែងកម្មករ ២៣នាក់។ ទី២
ទិដ្ឋភាពនយោបាយចាប់ ៨នាក់ មាន ៧នាក់ជាសមាជិកសភា
និងម្នាក់ជាជំនួយការហ្នឹង ហើយទី៣
យើងឃើញចាប់សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ហ្នឹង ចុងក្រោយលែង។
អ៊ីចឹងអាហ្នឹងវាហាក់ដូចជាឃើញស្ដែង មិនបាច់តែខ្ញុំទេ
ប្រជាជនសាមញ្ញក៏លោកឃើញអ៊ីចឹងដែរបាទ»។
កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣
គឺចំពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី
ខេត្តក្រុងអាណត្តិទី២ សកម្មជនគណបក្សសង្គ្រោះជាតិ
បានស្នើឲ្យសមត្ថកិច្ចឃាត់ឡានមួយគ្រឿងប្រដាប់ដោយមេក្រូ
និងទូរស័ព្ទថតសំឡេងផ្សព្វផ្សាយអំពីការរៀបចំសណ្ដាប់ធ្នាប់
និងសន្តិសុខក្នុងក្រុងកំពង់ឆ្នាំង ដោយអះអាងថា
ខ្លឹមសារចុងក្រោយនៃការប្រកាសនោះ គឺបានប្រមាថ
និងបន្ទច់បង្អាក់មិនឲ្យពលរដ្ឋចូលរួមស្ដាប់សារនយោបាយរបស់ លោក សម
រង្ស៊ី និងលោក កឹម សុខា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា
អ្នកដែលជួលឡានដើរចាក់ផ្សព្វផ្សាយនោះ គឺជាអភិបាលក្រុងកំពង់ឆ្នាំង
លោក ហៃ មនោរម្យ ហើយខ្លឹមសារចុងក្រោយនៃការផ្សព្វផ្សាយនោះ
មានសំឡេងដូច្នេះ៖ «សំឡេង»។
ក្រោយពីហេតុការណ៍នោះ
ស្រាប់តែមានដីកាចេញដោយតំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង
លោក គឹម ហុងសាន ដើម្បីឲ្យមន្ត្រីក្រុមប្រឹក្សាទាំងបីនាក់
ចូលខ្លួនទៅបំភ្លឺទាក់ទងនឹងរឿងនេះទៅវិញ។ រហូតមកដល់ពេលនេះ
គេនៅមិនទាន់ដឹងច្បាស់ថា
នរណាជាដើមបណ្ដឹងក្នុងសំណុំរឿងនេះនៅឡើយទេ
ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងដាក់ការសង្ស័យថា
អាចជាបណ្ដឹងរបស់អភិបាលក្រុងកំពង់ឆ្នាំង លោក ហៃ មនោរម្យ
ដោយឃើញលោកស្ថិតនៅក្នុងហេតុការណ៍កាលនោះដែរ៕
ប្រភពពី វិទ្យុអាស៊ីសេរី