លោក សម រង្ស៊ី​៖ វិបត្តិ​នយោបាយ មិនទាន់​ចប់ បើ​នៅមាន​អ្នក​ជាប់គុក និង​មាន​អ្នក ដែល​គេ​តាមដាន រករឿង​

8/14/2014 0 Comments A+ a-

sam-rainsy_cenភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា​នេះ​ថា ចំពោះ​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបន្ត​នីតិវិធី​របស់​តុលាការ មកលើ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក​បាបញ្ជាក់ ​ហើយ​នៅ​រដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្តាប់ និង​បានទាមទារ​ស្នើ​ឲ្យ​គេ​កត់ត្រា​ពាក្យសំដី​របស់លោក គឺ​វិបត្តិ​នយោ បាយ​ចប់​ហើយ​។ ដូច្នេះ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ ត្រូវតែ​បញ្ចប់​។​
លោក​បាន​សង្កត់ធ្ងន់ថា បើ​នៅមាន​អ្នក​ជាប់គុក មាន​អ្នក​ដែល​គេ​តាមដាន​រករឿង មានន័យថា វិបត្តិ​នយោបាយ​មិនទាន់​ចប់​ទេ​។ កាកសំណល់​នៃ​វិបត្តិ​នយោបាយ ត្រូវតែ​បញ្ចប់ ហើយ​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ស្មារតី​នេះ ត្រូវបាន​គេ​គោរព​ទាំងអស់គ្នា​។​
​សូមជម្រាបថា សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​លើ​ករណី​បាតុកម្ម ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ កើតមាន​អំពើហិង្សា នៅ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ ក្នុង​ដំណើរការ​នីតិវិធីតុលាការ ដើម្បី​ប្រឆាំងនឹង​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក​ចៅក្រម បានចេញ​ដីកា​ថ្មី​មួយទៀត បង្គាប់​ឲ្យ​លោក មៀ​ច សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ធ្លាក់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤​។​
​ក្នុង​សំណុំ​រឿងក្តី​នោះ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣ នាក់ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​២​សីហា ហើយ​រហូតដល់​ពេលនេះ មិនទាន់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​វិញ​ទេ​។ ក្នុងនោះ តំណាងរាស្ត្រ ៨ រូប រួមទាំង​លោក​កឹម​សុខា និង​យុវជន​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣​សីហា​។ ប៉ុន្តែ​ដោយសារតែ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ មិនបាន​ចូលខ្លួន​ទៅ​តុលាការ​ទេ​៕​H/L
ប្រភពពី CEN