កម្ពុជា ប៉ះ ម៉ាឡេស៊ី​ល្ងាច​នេះ សំ វ៉ាន់ដេត ថា​ស្មើ​ តែ​ប្រាក់​ សុវណ្ណារ៉ា​ថា ឈ្នះ

8/13/2014 0 Comments A+ a-

ក្នុង​ជំនួប​រវាង​ក្រុម​កម្ពុជា​ និង​ម៉ាឡេស៊ី​ ល្ងាច​នេះ​ លោក​ សំ​ វ៉ាន់ដេត​ គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង​រំពឹង​ទុក​ថា ​ក្រុម​ទាំង​ពីរ​នឹង​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​ រីឯ​គ្រូ​បង្វឹក​របស់​ណាហ្គាខប​ លោក​ប្រាក់​ សុវណ្ណារ៉ា​ព្យាករ​ថា កម្ពុជា​អាច​នឹង​យក​បាន​បី​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​នេះ។
ចុច​អាន៖ ល្ងាច​នេះ​កាត់​សេចក្ដី​​ថា កម្ពុជា ឬ ម៉ាឡេស៊ី នឹង​ឈរ​កំពូល​តា​រាង​ពូល B ក្នុង​ពាន​ស្ដេច​ប្រ៊ុយណេ?
លោក ​ សំ​ វ៉ាន់ដេត​ គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា​ក្រុម​ទាំង​ពីរ​អាច​នឹង​ស្មើ​គ្នា​ច្រើន​ ពីព្រោះ​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា​យើង​ល្អ​ ប៉ុន្តែ​ការ​ការពារ​របស់​ម៉ាឡេស៊ី​ក៏​ល្អ​ដែរ។ កន្លង​មក​ ខ្ញុំ​ឃើញ​ម៉ាឡេស៊ី​លេង​ការពារ​ច្រើន​ ហើយ​គេ​ចាំ​វាយ​បក​…ហើយ​ការ​វាយ​បក​របស់​គេ​ល្អ​ណាស់»។
លោក​បន្ត​ថា​ ក្រុម​កម្ពុជា​គួរ​លេង​ដោយ​ប្រយ័ត្ន​បន្តិច​ ហើយ​ចាំ​វាយ​បក​ពេល​ដាច់​មាត់​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ម៉ាឡេស៊ី​គេ​អាច​នឹង​វាយ​សម្រុក​ខ្លាំង។ ក្រុម​កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​សម្រាប់​តំបន់​ការពារ​ ដូច្នេះ​ប្រកួត​នេះ​ត្រូវ​តែ​ពង្រឹង​ឲ្យ​បាន​ល្អ​ ហើយ​ប្រសិន​បើ​ម៉ាឡេស៊ី​លេង​ទប់​ចាំ​វាយ​បក​នោះ​ក្រុម​កម្ពុជា​នឹង​មាន​ឱកាស ​រក​គ្រាប់​បាល់​បាន​មុន។

សំ វ៉ាន់ដេត (ឆ្វេង) និង ប្រាក់ សុវណ្ណារ៉ា (ស្តាំ)

ងាក ​ទៅ​លោក​ប្រាក់​ សុវណ្ណារ៉ា​ គ្រូ​បង្វឹក​ក្រុម​ណាហ្គាខប​វិញ​យល់​ថា​ ក្រុម​កម្ពុជា​មាន​ប្រៀប​ជាង​ម៉ាឡេស៊ី​បន្តិច​ ពី​ព្រោះ​ក្រុម​កម្ពុជា​គឺ​ត្រៀម​សម្រាប់​ Suzuki Cup។ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​​ថា​ក្រុម​ទាំង​ពីរ​នឹង​លេង​ដោយ​ប្រុង​ប្រយ័ត្ន​ច្រើន​ ពីព្រោះ​លទ្ធផល​ចាញ់​ឈ្នះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឱកាស​របស់​ក្រុម​ទាំង​ ពីរ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត»។
លោក​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ម៉ាឡេស៊ី​ គេ​ចូល​ចិត្ត​លេង​ការពារ​ច្រើន​ ហើយ​ចាំ​វាយ​បក​ ដូច្នេះ​បើ​ថ្ងៃ​នេះ​គេ​បន្ត​លេង​បែប​នេះ​ទៀត​ នោះ​នឹង​ផ្ដល់​ឱកាស​ច្រើន​ដល់​ក្រុម​កម្ពុជា​យើង​ ហើយ​ប្រាកដ​ណាស់​ថា​កម្ពុជា​នឹង​អាច​រក​គ្រាប់​បាល់​បាន​ពីព្រោះ​ប្រយុទ្ធ​ យើង​ល្អ»។
យ៉ាងណាក្ដី​ លោក​ចង់​ឲ្យ​តំបន់​ការពារ​របស់​កម្ពុជា​ពង្រឹង​បន្ថែម​ទៀត​ ពិសេស​ទប់​ការ​វាយ​បក​របស់​ដៃ​គូ​ឲ្យ​បាន​ ទើប​អាច​ទទួល​បាន​ជ័យ​ជម្នះ។ លោក​រំពឹង​ទុក​ថា​ ក្រុម​កម្ពុជា​អាច​នឹង​ឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល​ ១‑០ ឬ​២‑១។
កុំ​ភ្លេច​ណា ​​ម៉ោង ៧:១៥ នាទី​ល្ងាច​នេះ​ លើ​កីឡដ្ឋាន Track & Field Sports Complex ក្នុង​​រាជ​ធានី​​បាន​ដារ​សេរី​បេហ្គា​វ៉ាន់។ ចាំ​អ៊ុត​មើល​ល្ងាច​នេះ​ថា​តើ​លទ្ធផល​ដូច​ការ​ទាយ​ទុក​របស់​លោក​គ្រូ​ទាំង​ ពីរ​ឬ​យ៉ាងណា?
អត្ថបទ៖ អៀង សូទ្រី