ប៉ូលិសចាប់ជន ជាតិវៀតណាម លួចលុយ នៅកាស៊ីណូថ្មបីដុំ ខេត្តតាកែវ បញ្ជូនទៅតុលាការ
បុរសជនជាតិវៀតណាមនោះ ត្រូវបានក្រុមសន្តិសុខកាស៊ីណូថ្មបីដុំ ចាប់បានភ្លាមៗ ប្រគល់អោយប៉ូលិសស្រុកបូរីជលសារ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ដែលស្ថិតនៅក្នុងភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
លោក ឃឹម សុផល អធិការស្រុកបូរីជលសារ បានអោយដឹងថា ជនជាតិវៀតណាមនោះ ឈ្មោះ ប៊ួយ ភិនយិន ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិណាំធើយ ឃុំឆើយតាំថូម ក្រុងហូជីមិញ ប្រទេសវៀតណាម។ បុរសវៀតណាមនោះ បានចូលទៅក្នុងកាស៊ីណូថ្មបីដុំ លួចលុយចំនួន ១១ លានដុង ពីស្ត្រីម្នាក់ ឈ្មោះ ចាន់ យីធី អាយុ ៣៦ ឆ្នាំ ជាជនជាតិវៀតណាម ដែលមកលក់ដូរ នៅក្នុងបរិវេណកាស៊ីណូថ្មបីដុំ។
ម្ចាស់លុយ បាននិយាយថា មុនពេលកើតហេតុ គាត់ទៅឆ្ងាយពីកន្លែងលក់ ស្រាប់តែងាកទៅមើលកន្លែងលក់ឃើញជននោះ លូកយកលុយរបស់គាត់ គាត់ក៏រត់ទៅតោងបានវិញ ហើយស្រែកហៅសន្តិសុខ អោយជួយចាប់ជនសង្ស័យនោះ ប្រគល់អោយសមត្ថកិច្ចស្រុកបូរីជលសារ៕