ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឲ្យស្បែកគង់ ខាតប្រាក់ចំណូល៤០%
សិល្បករសិល្បការិនីបង្ហាញវត្តមាននៅលើឆាកនៅថ្ងៃបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការរឿងស្បែកគង់។ សេត គឹមសឿន
ភ្នំពេញៈ «វាជារឿងគួរឲ្យ
ក្តៅប្រហាយបំផុតនៅពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បានចាត់នីតិវិធីតាមទំនើងចិត្តចំពោះការចូលទស្សនាភាពយន្តខ្នាតធំ
រឿង ស្បែកគង់។ ដោយសារការវិនិច្ឆយគ្មានមូលដ្ឋាន
ពេលនេះគ្រួសារខ្ញុំមិនបានចូលទស្សនារឿងខ្នាតធំរបស់ខ្មែរមួយនេះ
ទេ»។ នេះជាការខឹងសម្បារបស់គ្រួសារមួយបានលើកឡើង
ដោយសាររោងភាពយន្តហាមឃាត់មិនឲ្យកូនក្រោមអាយុ១៥ឆ្នាំទាំងពីរនាក់
របស់គាត់ចូលទស្សនាតាមបម្រាមរបស់ក្រសួងវប្បធម៌។
ជាមួយគ្នានោះ លោក ប៉ុល វិបូ ផលិតកររឿង
ស្បែកគង់ បានត្អូញត្អែរថា ការដាក់បម្រាមរបស់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈធ្វើឲ្យភាពយន្តរបស់លោកខាតបង់ចំណូលប្រហែល៤០ភាគរយ
នៃចំណូលសរុប។
យោងតាមលិខិតទិដ្ឋាការក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ចំពោះការដាក់បញ្ចាំងរឿងស្បែកគង់ ដែលភ្នំពេញ
ប៉ុស្តិ៍ ទទួលបាន បញ្ជាក់ថា
«អាយុ១៥ឆ្នាំឡើងទើបអនុញ្ញាតឲ្យចូលទស្សនា»។
ប៉ុន្តែទិដ្ឋាការនោះមិនបញ្ជាក់អំពីហេតុផលអ្វីនោះទេ។
ការដាក់បម្រាមលើរឿងខ្នាតធំជា
ប្រវត្តិសាស្ត្រនេះបានធ្វើប្រជាជនខ្មែរមួយចំនួនធំសម្តែងការ
ខឹងសម្បា។ អ្នកបម្រើការនៅរោងកុនបានឲ្យដឹងថា៖
«មានមនុស្សជាច្រើនខឹងក្រសួងវប្បធម៌
ដោយសារពួកគេខកមិនបានចូលទស្សនា ព្រោះតែភាគច្រើន
គេមកជាលក្ខណៈគ្រួសារ មានកូនតូចធំមកជាមួយ ប៉ុន្តែក្រសួងកំណត់ថា
ក្រោមអាយុ ១៤ ឆ្នាំមិនឲ្យចូលទស្សនាទេ
ដូច្នេះបើមិនឲ្យកូនពួកគេចូល នោះទាំងអស់គ្នាគឺមិនបានចូលទេ
ពេលខ្លះពួកគាត់ត្រឡប់ទៅវិញទាំងខឹងសម្បា
ពេលខ្លះពួកគាត់ទៅមើលរឿងបរទេសផ្សេងៗជំនួស»។
នៅពេល ភ្នំពេញ ប៉ុស្តិ៍
សួរចំណុចអវិជ្ជមានដែលនាំឲ្យក្រសួងចេញបម្រាមមិនឲ្យក្មេងក្រោម
អាយុ១៥ឆ្នាំចូលទស្សនានោះ លោក ប៉ុល វិបូ បានឲ្យដឹងថា
លោកក៏មិនច្បាស់ដែរ ហើយលោកបានសួរចំណុចនេះទៅក្រសួងដែរ
ហើយក្រសួងបានប្រាប់ថា ដោយសារតែនៅក្នុងរឿងនេះមានឆាកប្រយុទ្ធ វាយ
បាញ់ប្រហារសាហាវខ្លាំងពេក ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ក្មេង។
ការលើកឡើងរបស់ក្រសួងវប្បធម៌នេះ
ត្រូវបានមហាជនធ្វើការរិះគន់ និងវាយប្រហារចំៗថា
ជាការវាយតម្លៃគ្មានមូលដ្ឋាន ទំនងដោយសារមិនទទួលបានលាបសក្ការៈ។
ទស្សនិកជនដែលខឹងសម្បាដោយសារមិនបានចូលទស្សនារឿងនេះ លើកឡើងថា
ចំណុចវាយប្រហារ និងឆាកប្រយុទ្ធនានានៅក្នុងរឿងនេះ
ទោះបីជាមានសកម្មភាពខ្លាំង ក៏ប៉ុន្តែនៅក្នុងកម្រិតអាចទទួលយកបាន។
ពួកគេបានបញ្ជាក់ថា បើប្រៀបធៀបជាមួយនឹងរឿងបរទេស
ឬក៏រឿងខ្មោចព្រាយបិសាច
ដែលកំពុងចាក់បញ្ចាំងនៅតាមរោងកុនស្រុកខ្មែរ រឿង ស្បែកគង់
ហាក់មានភាពល្អប្រសើរជាង។
គួរបញ្ជាក់ថានៅបរទេសការបញ្ចាំងភាពយន្ត
ខ្លះក៏មានបម្រាមដូចគ្នានេះដែរ
ប៉ុន្តែបើឪពុកម្តាយគេធានាអះអាងថា កូនៗពួកគេអាចចូលមើលបាន
នោះក្មេងអាយុប៉ុនណាក៏អាចមានសិទ្ធិដែរ ខុសគេតែខ្មែរប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក ប៉ុល វិបូ
ថា៖«បើនិយាយពីភាពកាចសាហាវ ឈុតរន្ធត់ស្លុតអារម្មណ៍នោះ
យើងមិនទាន់ដល់បរទេសទេ ហើយបើនិយាយពីរឿងនាំឲ្យក្មេងភ័យខ្លាច
គួរតែរឿងខ្មោចព្រាយបិសាច ដែលកំពុងចាក់យ៉ាងគគ្រឹកគគ្រេងឯណោះទេ»។
ផលិតករភាពយន្តរូបនេះបន្តថា ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ គួរតែបើកឲ្យទូលាយជាងនេះ ដើម្បីភាពរីកចម្រើន
និងការស្ទុះងើបឡើងវិញនៃវិស័យភាពយន្តខ្មែរ។ លោក វិបូ
បន្តទៀតថា៖«បើផលិតករ ខិតខំផលិតភាពយន្តដែលមានគុណភាពបានហើយ
គួរតែក្រសួងលើកទឹកចិត្ត តែបែរជាក្រសួងដាក់គំនាបបែបនេះទៅវិញ។
ដូច្នេះខ្ញុំគិតថា បើនៅតែបន្តបែបនេះ
វិស័យភាពយន្តខ្មែរមិនអាចធ្វើដំណើរទៅមុខទេ
ព្រោះមើលទៅក្រសួងចាត់វិធានការតាមអារម្មណ៍»។
លោកបញ្ជាក់ថា៖«វិធានការក្រសួងនេះ
ធ្វើឲ្យខ្ញុំខាតបង់ប្រាក់ចំណូល ៤០ ភាគរយ
នោះគឺគ្រាន់តែអារម្មណ៍របស់ក្រសួងបារម្ភខ្លាចធ្វើឲ្យប៉ះពាល់
អារម្មណ៍ក្មេង ចុះបើប៉ះពាល់ខ្លាំងជាងនេះ តែបន្តិច
ប្រហែលជារឿងនឹងត្រូវបិទមិនខាន។ ខ្ញុំមិនដឹងថា
ក្រសួងវិនិច្ឆយលើមូលដ្ឋានអ្វីនោះទេ»។
សម្រាប់ការចាក់បញ្ចាំងរយៈពេល៩ថ្ងៃ
ភាពយន្តខ្នាតធំរឿង «ស្បែកគង់» រកចំណូលបានជាង១៥ម៉ឺនដុល្លារ។
លោកបន្តថា៖ «បើគ្មានបម្រាមទេ
រឿងរបស់ខ្ញុំប្រហែលអាចរកចំណូលបានជាង២០ម៉ឺនដុល្លារឯណោះ។
ចំណូលនេះ មិនមែនផលិតករយកទាំងអស់ទេ បើគិត២០ម៉ឺនដុល្លារ
ផលិតករទទួលបានតែ ៦ម៉ឺនដុល្លារប៉ុណ្ណោះ ព្រោះត្រូវចែកឲ្យរោងកុន
៥០ភាគរយ បង់ពន្ធរដ្ឋ ១០ភាគរយ និងទីភ្នាក់ងារ ១០ភាគរយ
ដូច្នេះផលិតករបានតែ ៣០ភាគរយនៃប្រាក់ចំណេញប៉ុណ្ណោះ»។
ដោយសារចំណូលទទួលបានត្រូវបែងចែកបែបនេះ
លោក វិបូ ឲ្យដឹងថា
ប្រសិនបើក្រសួងវប្បធម៌នៅតែចាត់វិធានការដាក់គំនាបបន្តទៀត
នោះផលិតករដែលមានឆន្ទៈប្រឹងចំណាយទុនដ៏ច្រើនដើម្បីថតភាពយន្តមួយ
មានគុណភាពដូចក្រុមហ៊ុនលោកច្បាស់ជានឹងត្រូវដួលរលំមិនខាន។
លោកបន្ថែមថា៖«យើងប្រឹងផលិតអស់ទុនរាប់
សិបម៉ឺនដុល្លារ ហើយទស្សនិកជនរាប់ម៉ឺននាក់គាំទ្រ
តែបើក្រសួងអត់យល់ នោះផលិតករប្រើទុនច្រើនដូចខ្ញុំនឹងក្ស័យធន។
ចុះបើខ្ញុំរលំ មិត្តភក្តិខ្ញុំរលំ
តើភាពយន្តខ្មែរនឹងទៅជាយ៉ាងណា? ឥឡូវនេះ
ពួកយើងកំពុងកើតមានបញ្ហាសតិអារម្មណ៍»។
ចំពោះប្រតិកម្មនេះ លោកស្រី ភឿង សកុណា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ មិនអាចផ្តល់បទសម្ភាសបានទេ
ដោយសារលោកស្រីប្រាប់ថា កំពុងជាប់ប្រជុំ។ រីឯលោក សោម សុគន្ធ
រដ្ឋលេខាធិការក្រសួងវប្បធម៌មិនអាចទាក់ទងបានទេ ហើយលោក ស៊ិន
ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត មិនលើកទូរស័ព្ទ៕
_________________
ប្រភពពីភ្នំពេញប៉ុស្តិ