លោក ហ៊ុន ម៉ានី ប្តឹងបុគ្គលយកឈ្មោះទៅប្រើ
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ភ្នំពេញៈ លោក ហ៊ុន ម៉ានី
កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកតំណាងរាស្ត្រមណ្ឌល
កំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី
ឆាំងទៅនឹងបុគ្គលម្នាក់ដែលបានយកឈ្មោះរបស់លោក
ទៅប្រើប្រាស់ដើម្បីធ្វើសកម្មភាពល្មើសច្បាប់នាពេលកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញ
ផ្សាយកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា
លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងនៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤
ដើម្បីប្រឆាំងនឹងបុគ្គលម្នាក់
ដែលបានប្រើឈ្មោះរបស់លោកដើម្បីបោកប្រាស់មន្ត្រីគយ
នៅកំពង់ផែស្វយ័តកាលពីដើម ខែសីហា ឆ្នាំ២០១៤ ដើម្បីទៅអន្តរាគមន៍
ឬធ្វើសកម្មភាពបន្លំបោកប្រាស់អ្នកដទៃ
ឬធ្វើសកម្មភាពល្មើសច្បាប់ជាបន្តបន្ទាប់។
លោកបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន
ថា៖ «ខ្ញុំសូមអះអាងថា ខ្ញុំមិនដែលបានអនុញ្ញាត
និងមិនដែលបានគាំទ្ររាល់ការប្រើប្រាស់ឈ្មោះ និងឋានៈរបស់ខ្ញុំ
ដើម្បីបម្រើឲ្យសកម្មភាពខុសច្បាប់ណាមួយនោះឡើយ។
ខ្ញុំសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ
មេត្តាចាត់វិធានការផ្តន្ទាទោសជនល្មើសឲ្យបានធ្ងន់ធ្ងរ
ស្របតាមច្បាប់
និងនីតិវិធីច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
លោក លី ច័ន្ទតុលា មេធាវីការពារក្តីឲ្យលោក
ហ៊ុន ម៉ានី បានឲ្យដឹងថា មូលហេតុដែលលោក ហ៊ុន ម៉ានី
បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីនៅថ្ងៃ ទី១៩ ខែសីហា នោះ
គឺបន្ទាប់ពីទទួលបាននូវការផ្តល់ព័ត៌មានពីមន្ត្រីគយ នៅ កំពង់ផែ
ព្រះសីហនុ ដែលសង្ស័យពីជនម្នាក់បានយកឈ្មោះលោក ហ៊ុន ម៉ានី
ដើម្បីធ្វើការនាំរថយន្តចូលមកកម្ពុជា។
លោកបានឲ្យដឹងថា៖ «គាត់សង្ស័យរួចក៏បានរាយការណ៍មក ពីព្រោះគាត់ដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ពុំដែលធ្វើទង្វើបែបនោះទេ»។
លោកបានឲ្យដឹងទៀតថា ជនដែលយកឈ្មោះលោក
ហ៊ុន ម៉ានី
ទៅប្រើនោះគឺគេនាំរថយន្តពេទ្យចំនួនបីគ្រឿងពេលនេះលោកបានកំណត់
មុខសញ្ញាជនសង្ស័យច្បាស់លាស់ហើយ
ប៉ុន្តែលោកសុំមិនបញ្ចេញអត្តសញ្ញាណទេ
ដោយសារនីតិវិធីស្ថិតនៅក្នុងការអង្កេតនៅឡើយ។
មិនអាចទំនាក់ទំនងមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
ទាក់ទិនទៅនឹងករណីនេះ លោក ចាន់ សុវេត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក
បានលើកឡើងថា ការយកឈ្មោះអ្នកធំទៅប្រើប្រាស់នោះ
គឺវាតែងតែកើតមានឡើង នៅពេលកន្លងមក ជាពិសេស
នៅពេលនាំទំនិញគេចពន្ធចូលស្រុកដោយសារតែមន្ត្រីសព្វថ្ងៃនេះ
ធ្វើការមានខ្សែបណ្តោយរបស់គេ។
លោកបានថ្លែងថា៖
«អ្នករកស៊ីគេតែងតែយកឈ្មោះអ្នកធំ មកដាក់នៅក្រោយខ្នង
ដើម្បីកាងឲ្យមុខរបររបស់គេ
ហើយបើរកស៊ីមិនឆ្លងកាត់អ្នកដែលមានអំណាចធំនោះ
ក៏មិនអាចរកស៊ីបានសុខដែរ»៕
_________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍