លោក ឡាច ច័ន្ទសុវណ្ណ ទម្លាយរឿងអំពើ ពុករលួយនៃការ ប្រកួតកីឡា

8/21/2014 0 Comments A+ a-

sea game
ភ្នំពេញ៖ កីឡា SEA Games គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ ២ឆ្នាំម្ដង ហើយកម្ពុជា ក៏ធ្លាប់បញ្ជូនអត្តពលិកខ្លួន ទៅចូលរួមប្រកួតផងដែរ ។ ប៉ុន្ដែរាល់ការទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ ប្រទេសណាក៏ដូច ប្រទេសណាដែរ គេតែងឃើញភាពអយុត្តិធម៌ កើនឡើងជាពិសេស គឺម្ចាស់ផ្ទះដែលច្រើន តែមានទំនោរទៅរកអត្តពលិក ប្រទេសរបស់ខ្លួន ។ នេះបើតាមការ បញ្ជាក់របស់មន្ដ្រី កីឡាធំៗ ក្នុងតំបន់អាស៊ាន ។
ទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួនអំឡុងពេលប្រកួតកីឡា SEA Games កន្លងទៅនោះលោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូបានថ្លែងឲ្យដឹងថា កន្លងមកការប្រកួតកីឡាជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺ ច្រើនតែកើនមានអំពើពុករលួយពិតមែន ដោយគណៈកម្មការ ឬអាជ្ញាកណ្ដាលមិនបានផ្ដល់ភាពយុត្តិធម៌សុក្រឹត និង ត្រឹមត្រូវជូនអត្តពលិកដែលគ្នាខិតខំប្រកួតនោះទេផ្ទុយទៅវិញអ្នកដែលមិនត្រូវបានមេដាយមាសបែរជាបាន ហើយអ្នក ដែលត្រូវបានមេដាយមាសបែរជាបានមេដាយប្រាក់ទៅវិញ ។
លោក ឡាច ច័ន្ទសុវណ្ណ បានលើកយកប្រភេទកីឡា សូរីនហ្ស៊ិកាំប៉ូរបស់លោក មកធ្វើជាឧទាហរណ៍ ជាក់ស្ដែងដោយ បុរសវ័យ៦១ឆ្នាំរូបនេះ បានបញ្ជាក់ប្រាប់ថា ឆ្នាំ២០១១ គឺជាលើកដំបូង ដែលកីឡាសូរីនហ្ស៊ិកាំប៉ូ បានចូលរួមប្រកួតកីឡា SEA Games លើកទី២៦ នៅឥណ្ឌូនេស៊ី ហើយយើងដណ្ដើម បានមេដាយ៨គ្រឿង ឲ្យកម្ពុជាក្នុងនោះ មានមេដាយ មាស១, ប្រាក់១ និងសំរិទ្ធិ៦ ប៉ុន្ដែយើងមិនត្រូវបាន មេដាយមាសត្រឹម ១គ្រឿងនោះទេ គឺយើងអាចបាន ៣គ្រឿងឯណោះ បើតាមការប្រកួតជាក់ស្ដែង តែដោយសាភាពអយុត្តិធម៌ របស់អាជ្ញាកណ្ដាល និងគណៈកម្មការ គេបានស៊ីមេដាយមាស យើងបាត់តែម្ដង ។
អតីតកីឡាករជម្រើសជាតិ ការ៉ាតេដូរូបនេះ បានបន្ដឲ្យដឹងថា “ពេលឡើងប្រកួតគេបានរៀបចំ មេដាយឲ្យអ្នកចូលរួមរួច មុនទៅហើយ គេមិនបានផ្ដល់ ភាពយុត្តិធម៌សម្រាប់ការខិតខំ ហ្វឹកហាត់នឹងប្រឹងប្រែង ប្រកួតរបស់កីឡាករនោះទេ ជាក់ស្ដែង SEA Games ឆ្នាំ២០១១នោះ កីឡាករកម្ពុជា គង់ សាវ័ន្ដ បានវ៉ៃកីឡាករឡាវ ដួលត្រឡប់ត្រឡិន តែគេមិន ឲ្យពិន្ទុយើង គេថាយើងវ៉ៃស្រាលពេក ឬក៏បង្កគ្រោះថ្នាក់ដល់គូប្រកួត ចឹងគេមេដាយមាស ក៏បានទៅគេ ។ មួយទៀត កីឡាករ សុវណ្ណ គិរី ដោយសារមើលឃើញ ភាពអយុត្តិធម៌បែបនេះ គេក៏បានប្រកាសធ្វើ ពលីការ មិនចូលប្រកួត នៅពេល ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែដោយសារភាគីម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី មកសម្រួលថានឹង ផ្ដល់យុត្តិធម៌ទើប សុវណ្ណ គិរី ចូលរួម ប្រកួតដល់ពេលប្រកួតកីឡាករ កម្ពុជារូបនេះ ក៏ដណ្ដើមបានមេដាយមាស ឲ្យកម្ពុជាតែម្ដង” ។
គ្រូធំមានស្រុកកំណើត នៅខេត្តកណ្ដាលរូបនេះ បានបន្ថែមថា “មួយវិញទៀតកាលពី SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ ក៏នៅតែមានភាពអយុត្តិធម៌ ដូចគ្នាដដែលរហូតដល់ គ្រូបង្វឹកជនជាតិ ឥណ្ឌូនេស៊ី របស់កីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាយើង បានប្រកាសធ្វើពលីការ សាជាថ្មីម្ដងទៀត ហើយក៏មានមន្ដ្រីគណៈកម្មការ មួយចំនួន មកស្នើឲ្យកម្ពុជា យើងចូលរួមប្រកួតដែរ តែដល់ពេលកម្ពុជា យើងស្នើឲ្យផ្ដល់យុត្តិធម៌ គេបែរជាមិនព្រម ទៅ វិញ ដូច្នេះយើងក៏មិនចូលប្រកដែរ ហើយបានត្រឹមមេដាយ សំរិទ្ធប៉ុណ្ណោះ” ។
សូមបញ្ជាក់ថា ប្រភេទកីឡាសូរីនហ្ស៊ិកាំបូ ទើបរីកដុះដាល ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១១ប៉ុណ្ណោះ ប៉ុន្ដែចូលរួម ប្រកួត កីឡា SEA Games ចំនួន២លើក កន្លងមកនេះ រកបានមេដាយចំនួន ១១គ្រឿងឯណោះ ក្នុងនោះ SEA Games លើក ទី២៦ នៅឥណ្ឌូនេស៊ី ឆ្នាំ២០១១ រកបាន៨គ្រឿង (មាស១, ប្រាក់១, សំរិទ្ធ៦) រីឯ SEA Games លើកទី២៧ នៅ មីយ៉ាន់ម៉ា ឆ្នាំ២០១៣កន្លងទៅ គឺរកបានមេដាយសំរិទ្ធ ៣គ្រឿងប៉ុណ្ណោះ ៕