នាយករដ្ឋមន្ដ្រី ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​ តំណែង ពីឪពុកទៅ កូន នៅកម្ពុជា

8/06/2014 0 Comments A+ a-

Lay-052
ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ញើសារទៅកាន់កាសែតឌឹណេសិន របស់ថៃ ថា នៅកម្ពុជា គ្មាននោះឡើយ ការ ផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ពីឪពុកទៅកូន ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។
ការផ្ញើសាររបស់សម្ដេចនាយករដ្ឋមន្ដ្រី ខាងលើនេះ បានធ្វើឡើងក្រោយពីកាសែត របស់ថៃ បានចុះផ្សាយលើកឡើងពីតួនាទី របស់លោកហ៊ុន ម៉ាណែតថា នៅពេលអនា គតនឹងក្លាយជាមេដឹកនាំរបស់ប្រទេសកម្ពុជា តាមរយៈការបង្ហាញវត្ដមាននិងទស្សនកិច្ច ជាញឹកញាប់ទៅបរទេស បូករួមទាំងប្រទេស ថៃ ជាពិសេសក្នុងដំណើរទស្សនកិច្ចជាមួយលោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៅជួបជាមួយមេដឹកនាំយោធាថៃ លោកប្រាយុទ្ធ ចាន់អូឆា ។
សម្ដេចនាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតីភាព នៅក្នុងសន្និសីទអន្ដរជាតិ ស្ដីពីយុវជនឆ្នើម ប្រចាំឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា កាសែតឌឹណេសិន បានចុះផ្សាយពីវត្ដមាន កូនសម្ដេចអមដំណើរជាមួយរដ្ឋមន្ដ្រីការពារ ជាតិ ទៅកាន់ប្រទេសថៃ ហើយការបង្ហាញ វត្ដមានរបស់លោកហ៊ុន ម៉ាណែតជាញឹក ញាប់នេះ គឺពិតប្រាកដ ជាការបន្ដធ្វើនាយករដ្ឋមន្ដ្រី ដោយស្នងតំណែងពីឪពុក ។
ជាសារត្រឡប់ទៅកាន់កាសែតឌឹណេសិន វិញ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា នៅក្នុងពិភពលោក គ្មាន ប្រទេសដែលកាន់របបលទ្ធិប្រជាធិបតេយ្យ ណាមួយ ផ្ទេរតំណែងពីឪពុកទៅកូនយ៉ាង ដូច្នោះឡើយ មានតែប្រទេស៣ប៉ុណ្ណោះ គឺ កូរ៉េខាងជើង កុងហ្គោ និងស៊េរី ។ ដោយ ឡែកនៅកម្ពុជាវិញ ដែលជាប្រទេសកាន់ របបលទ្ធិប្រជាធិបតេយ្យ គឺទាមទារឱ្យមាន ការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំ ៕