អូស្ត្រាលី កំពុងដំណើរការ ការចរចាកិច្ចព្រមព្រៀង បញ្ជូនជនភៀសខ្លួន ទៅកម្ពុជា

8/18/2014 0 Comments A+ a-

ភ្នំពេញ៖ សេចក្តីរាយការណ៍ ព័ត៌មានពីអូស្ត្រាលី ឱ្យដឹងថា រដ្ឋមន្ត្រីអន្តោប្រវេសន៍ អូស្ត្រាលីលោក Scott Morrison បានឲ្យដឹងថា ប្រទេសអូស្ត្រាលី កំពុងដំណើរការ ការចរចាកិច្ចព្រមព្រៀង ជាមួយប្រទេសកម្ពុជា ក្នុងការទទួល យកជន ស្វែងសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសអូស្ត្រាលី ដែលជាជនភៀសខ្លួន ពិតប្រាកដ។
វិទ្យុអូស្រ្តាលីជាខេមរភាសា ផ្សាយនៅថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ ២០១៤ បានស្រង់សម្តីលោករដ្ឋមន្ត្រីអន្តោប្រវេសន៍ អូស្ត្រាលីដែលបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយ នៃគោលនយោបាយរដ្ឋាភិបាលអូស្ត្រាលី ដែលមិន ទទួលយកជនស្វែងសុំសិទ្ធិជ្រកកោន តាមទូកខុសច្បាប់មកក្នុង ប្រទេសអូស្ត្រាលី។
ប្រភពដដែលបន្តថា មិនទាន់មានព័ត៌មានលម្អិត ពីចំនួននៃជនភៀសខ្លួន ដែលថាប្រទេសកម្ពុជា នឹងទទួលនៅ ឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលអូស្ត្រាលី ចង់បញ្ជូនជនស្វែងសុំសិទ្ធិជ្រកកោន ដែលមកកាន់ប្រទេស អូស្ត្រាលី តាមទូកដោយខុសច្បាប់ ដែលជាជនភៀសខ្លួនពិតប្រាកដទៅកាន់ប្រទេសមួយស្ថិតក្នុង ចំណោមប្រទេស ក្រីក្រជាងគេក្នុងពិភពលោក។
កិច្ចព្រមព្រៀងនោះ ត្រូវបានសមាជិកព្រឹទ្ធសភា មកពីគណបក្សហ្រ្គីន នៃប្រទេសអូស្តា្រលី ថ្កោលទោសយ៉ាង ធ្ងន់ធ្ងរ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចចរចាជាមួយរដ្ឋាភិបាលកម្ពុជា នៅកំពុងដំណើរការ រហូតដល់ចប់ សព្វគ្រប់។ កិច្ចព្រមព្រៀងនេះដើម្បីធានាថា នឹងមានដំណើរការ និងការគាំទ្រសមស្របមួយ ជាមួយរដ្ឋាភិបាល កម្ពុជាជាដៃគូ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news