កម្មករ រោងចក្រ សួនវឌ្ឍនៈ២ ជាង១០០នាក់ ដួលសន្លប់ដោយសារ គ្មានកម្លាំង និងអាកាសធាតុក្តៅ

8/18/2014 0 Comments A+ a-

ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ យ៉ាងតិចចំនួន ១៤០នាក់ មកពីរោងចក្រចំនួនបី ដែលស្ថិតនៅក្នុងសួនវឌ្ឍនៈ២ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមូលហេតុគ្មានកម្លាំងកំហែង និង អាកាសធាតុជាដើម ក៏ប៉ុន្តែការដួលសន្លប់នោះ មិនបណ្តាលឲ្យកម្មករណាម្នាក់រងគ្រោះ ថ្នាក់ដល់ជីវិត នោះឡើយ ។
ករណីនេះ បានកើតឡើង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ក្នុងតំបន់សួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិត នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ តែយ៉ាងណាក៏ដោយ កម្មកររងគ្រោះទាំងនោះ ត្រូវ បានថៅកែរោងចក្រ និងមន្រ្តី នៃបេឡាជាតិ របបសន្តិសុខសង្គមជួយសង្គ្រោះ ទាន់ពេលវេលា ដោយ បញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យបង្អែក នៅគ្លីនិកដែលនៅក្បែរនោះ ។
បើយោងតាម ការចុះត្រួតពិនិត្យរបស់គណៈកម្មការសិក្សាស្រាវជ្រាវ ករណីដួលសន្លប់របស់កម្មករ នៃ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ករណីដួលសន្លប់នេះ គឺមកពីពួកគេ គ្មាន កម្លាំងកំហែង ហើយក៏មកពីបញ្ហាស្នេហ៍ហ្វូង (ការឃើញតៗគ្នា) ផងដែរ ។
ប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ ករណីដួលសន្លប់ របស់កម្មករ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត បានថ្លែងថា កម្មករ នៃរោងចក្រមួយចំនួន ដែលស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ២នេះ បានដួលសន្លប់ ជាបន្តបន្ទាប់ រយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ ក៏ប៉ុន្តែពួកគេមានលក្ខណៈបន្តិចបន្តួចតែប៉ុណ្ណោះ ទើប ថៅកែពួកគេអនុញ្ញាតឲ្យធ្វើការបន្ត តែសម្រាប់ថ្ងៃទីបីនេះ ពួកគេបានបន្តដួលសន្លប់ទៀតតែមិនបណ្តាល ឲ្យបងប្អូនកម្មករណារងគ្រោះធ្ងន់ធ្ងរនោះឡើយ ។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត បានបន្តថា កម្មករដែលបានដួលសន្លប់នៅថ្ងៃនេះ គឺជាកម្មករដែលបាន ដួលសន្លប់កាលពីថ្ងៃទី១៥ កន្លងទៅថ្មីៗនេះ ។ លោកបន្តថា កម្មករដែលបានដួលសន្លប់ទាំង ៣ រោង ចក្រនោះ រួមមាន រោងចក្រ ដុងឌូរោងចក្រ ញ៉ូធិច និងរោងចក្រផាភីលាម តែយ៉ាងណាក៏ដោយ ការ ដួលសន្លប់នោះ គឺមិនមែនមកពីបញ្ហារោងចក្រនោះឡើយ ពោលគឺមកពីពួកគេអស់កម្លាំង និងដួល សន្លប់តៗគ្នាប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កម្មកររោងចក្រចំនួនប្រាំហើយ ដែលស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ នេះ បាន ដួលសន្លប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយការដួលសន្លប់នេះ គឺមានចំនួន២៧៨នាក់ ។
បើតាមប្រធានគណៈកម្មការ ចុះសិក្សាស្រាវជ្រាវករណីដូលសន្លប់ បានថ្លែងថា ករណីដួលសន្លប់ ក្នុង រយៈពេលប្រាំបីខែដើមឆ្នាំ២០១៤នេះ គឺមានចំនួនជាងមួយពាន់នាក់ហើយ ហើយករណីនេះ បានកើន ឡើងជាងឆ្នាំ២០១៣កន្លងទៅ បើគិតរយៈពេលដូចគ្នា ដែលមានត្រឹមតែជាង៩០០នាក់ប៉ុណ្ណោះ។ កម្មករជាង១០០០នាក់ ដែលបានដួលសន្លប់ក្នុងរយៈពេលប្រាំខែនោះ គឺបានកើតឡើង នៅលើរោង ចក្រចំនួន២៦ នៅទូទាំងប្រទេស ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news