ចោរលួចម៉ូត២នាក់ ត្រូវបានប្រជាពលរដ្ធ ព្រួតគ្នាវាយ ស្ទើរស្លាប់ស្ទើររស់
នគរបាល បាននិយាយថា យុវជនសង្ស័យនោះ ឈ្មោះ នួន យ៉ាង អាយុ ២២ ឆ្នាំ ស្រុកកំណើត នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងបុរសម្នាក់ទៀត ឈ្មោះ ឡ សន អាយុ ៣៥ ឆ្នាំ នៅភូមិ-ឃុំភ្នំទំពូង ស្រុកទូកមាស ខេត្តកំពត (ឃាត់ខ្លួន) ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ។ ចំណែកជនរងគ្រោះ ឈ្មោះ សៅ វណ្ឌី អាយុ ៣២ ឆ្នាំ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ដែលជាម្ចាស់ ម៉ូតូហុងដា សេ១២៥ សេរី ២០១៤ ពណ៌ខ្មៅ។
ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូចោល នៅខាងមុខផ្ទះ ភូមិតាសេក ដោយភ្លេចដកសោ។ បន្តិចក្រោយមក ក្រុមចោរទាំងពីរនាក់ បានចូលមកលួច ដោយបើកយ៉ាងលឿន។ ឃើញដូច្នេះ គាត់ក៏បានស្រែកថា ចោរៗ។ បន្ទាប់មក ប្រជាការពារ ចាប់បាន ហើយត្រូវបានប្រជាពលរដ្ឋ ព្រួតគ្នាវាយជិតស្លាប់ ទើបយកមកប្រគល់អោយ ប៉ូលិសប៉ុស្តិកំបូល សួរនាំ និងចាត់ការតាមច្បាប់៕V/c