ថៃនឹងដោះលែង អាជីវករខ្មែរ ទាំង១៦នាក់ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ

8/16/2014 0 Comments A+ a-

បន្ទាយមានបជ័យ ៖ អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ដែលដឹកនាំដោយ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន នោះបានថ្លែងថា ជាលទ្ធផលតាមកិច្ចប្រជុំនេះ គឺនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ភាគីថៃនឹងដោះលែង អាជីវករខ្មែរទាំង ១៦នាក់ មកវិញហើយ។ នេះជាការសម្រេចក្នុងកិច្ចប្រជុំ ដែលធ្វើឡើងរវាងភាគីទាំងពីរ នារសៀលថ្ងៃទី១៦ ខែសីហា នេះ ។
គួរបញ្ជាក់ថា  រយៈ៣ថ្ងៃមកហើយ ដែលអាជ្ញាធរថៃ បានចាប់ផ្តើមរឹតបន្តឹងទំនិញចេញចូល តាមច្រក អន្តរជាតិប៉ោយប៉ែត ក្នុងនោះទំនិញខ្មែរជាច្រើនត្រូវឃាត់ទុក ដោយមិនបញ្ជាក់ពីមូលហេតុ និងមិនបាន ផ្តល់ដំណឹងជាមុន ដល់ភាគីកម្ពុជា ធ្វើឱ្យអាជីវករខ្មែរជាច្រើន រួមទាំងកម្មករ អូសរទេះផង ផ្ទុះការតវ៉ា រហូតដល់យករទេះដឹកទំនិញ បិទនៅម្តុំស្ពានមិត្តភាពកម្ពុជា-ថៃ ។
ដោយឡែកព្រឹកមិញនេះ អាជ្ញាធរកម្ពុជា ដឹកនាំដោយ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន បានចុះ សម្របសម្រួលជាមួយភាគីថៃ ប៉ុន្តែមិនទទួលបានលទ្ធផល នៅឡើយទេ ។
អាជ្ញាធរថៃ បានបញ្ជាក់ថា ចំពោះអាជីវករឃាត់ខ្លួន ១៦នាក់ នោះ ខាងអាជ្ញាធរ នឹងសុំគោលការណ៍ទៅថ្នាក់លើសិន ហើយលទ្ធផលយ៉ាងណានោះ នឹងជម្រាបជូននៅពេលក្រោយ ៕