ប៉ូលិសខេត្តកំពង់ឆ្នាំង-ចាប់មេកន្ទុយលេខម្នាក់-បញ្ជូនទៅតុលាការ
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អោយដឹងថា បុរសដែលជាមេកន្ទុយលេខនេះ មានឈ្មោះ ឌុក ប៉េងស្រ៊ន អាយុ ៦៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្នុងពេលឃាត់សមត្ថកិច្ច បានរកឃើញនូវវត្ថុតាង មានដូចជា ក្រដាស់សម្រាប់កត់កន្ទុយលេខ ចំនួន ៣ ដុំ ក្រដាស់ផ្តាមចំនួន ៥ ដុំ ប៊ិចចំនួន ៤ ដើម ទូរស័ព្ទដៃ ១ គ្រឿង និងថវិកាចំនួន ១៥.០០០ រៀល។ ចំពោះថវិកាដែលមាននៅក្នុងកន្ទុយឆ្នោត មានចំនួន ១៧៥.៨០០ រៀល។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា កិច្ចប្រតិបត្តិការចាប់មេកន្ទុយលេខនេះ គឺធ្វើឡើងក្រោយពីទទួលបាននូវព័ត៌មានសកម្មភាពចាក់កន្ទុយលេខយ៉ាង អាណាធិបតេយ្យ នៅចំណុចផ្លូវលេខ១ ចុះទៅភូមិទី៣ សង្កាត់ខ្សាម។
សមត្ថកិច្ច បានអោយដឹងទៀតថា បុរសដែលជាមេកន្ទុយលេខនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋនៅក្នុងខេត្ត បានសំដែងនូវការគាំទ្រចំពោះចំណាត់ការរបស់លោកស្នងការថ្មី ដែលចាប់មេកន្ទុយលេខរូបនេះ តែប្រជាពលរដ្ឋបានសំណូមពរអោយប៉ូលិសធ្វើដូចភ្លៀងរលឹម ព្រោះថាល្បែងកន្ទុយលេខនេះ កន្លងទៅពុំដែលឃើញចាប់បានម្តងណាឡើយ ហើយនេះចាត់ទុកថា ជាលើកទីមួយហើយ សម្រាប់ខេត្តកំពង់ឆ្នាំង៕