សមាជិក ព្រឹទ្ធសភា អូស្ត្រាលី ថ្កោលទោស កិច្ចព្រមព្រៀង ដ៏កខ្វក់របស់ អូស្រ្តាលីនិងកម្ពុជា ជុំវិញបញ្ហាជនភៀសខ្លួន
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាមួយរូប
នៃប្រទេសអូស្រ្តាលី បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ច
ព្រមព្រៀងមួយរបស់រដ្ឋាភិបាលអូស្រ្តាលី ជាមួយនឹងប្រទេសកម្ពុជា
ជុំវិញបញ្ហាជនសុំសិទ្ធិជ្រក កោននៅប្រទេសអូស្រ្តាលីថា ជាកិច្ចព្រមព្រៀងមួយ
“ដ៏កខ្វក់”។
កាសែត The Sydney Morning Heral
បានធ្វើបទសម្ភាសន៍មួយជាមួយលោកស្រី Sarah Hanson Young
សមាជិកព្រឹទ្ធសភាអូស្រ្តាលី មកពីគណបក្សហ្រ្គីន (Green Party)
បានថ្កោលទោសរដ្ឋាភិបាល របស់ខ្លួនថា
មិនបានវិភាគឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញការបញ្ជូនជនភៀសខ្លួន
ទៅកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា ត្រូវបានសមាជិកព្រឹទ្ធស្រ្តីរូបនេះ
ចាត់ទុកថា “ប្រទេសក្រីក្ររហេមរហាម និងគ្មានការគោរព សិទិ្ធមនុស្ស”
ទាល់តែសោះ។
ដោយឡែកប្រភពព័ត៌មានក្រៅផ្លូវការឱ្យដឹងថា
ប្រតិកម្មរបស់សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ
ធ្វើឡើងស្របពេលដែលលេចឮព័ត៌មានថា រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលី
គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ
ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀង ដែលមានការថ្កោលទោសនេះផងដែរ។
សមាជិកព្រឹទ្ធសភារូបនេះ បានថ្លែងបន្តថា លោកស្រី
ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការបញ្ជូនជនភៀសខ្លួន ដែល ស្ត្រី
ជាពិសេសគឺកូនក្មេងតូចៗ “ទៅកាន់ប្រទេសក្រីក្រដូចជាកម្ពុជា ហើយយើងមិន បានមើល
ឃើញនូវការធានាសុវត្ថិភាពរបស់ពួកគេឡើយនៅទីនោះ”។ បន្ថែមពីនេះទៅទៀត
មានសេចក្តីរាយការណ៍ជាច្រើនពីការរំលោភលើពលកម្មកុមារ ជាពិសេសនោះ គឺការជួញ
ដូរក្មេងស្រី ដែលប្រការនេះពិតជាគួរឲ្យប្រុងប្រយ័ត្នខ្លាំងណាស់។
តំណាងបក្សប្រឆាំងនេះសង្កត់ធ្ងន់ទៀតថា “កាលពី
៦ថ្ងៃមុខនេះតំណាងអូស្ត្រាលី បានទៅ
ចូលរួមកិច្ចប្រជុំសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ ហើយបានទទួលរបាយការណ៍ពី
ការ កើនឡើងនៃអំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
តើរដ្ឋាភិបាលអាចយកជនភៀសខ្លួនទៅ បោះចោលនៅប្រទេសកម្ពុជាដ៏ក្រីក្រ
ដោយបិទបាំងការពិតពីប្រជាជនអូស្ត្រាលី បានដោយ របៀបណា?
នេះជាការនាំយកប្រជាជនអូស្ត្រាលី ទៅកាន់ភាពខ្មៅងងឹក ហើយសេចក្តីនេះ
ពិតជាត្រូវបានសេចក្តីសម្រេចពីសភា មិនមែនគណបក្សពលកររបស់នាយករដ្ឋមន្ត្រីទេ។”
ទោះបីជាសមាជិកបក្សប្រឆាំងលើកឡើងបែបនេះក៏ដោយ
ប៉ុន្តែកន្លងរដ្ឋាភិបាលអូស្ត្រាលី បានធានាអះអាងថា
ទោះកម្ពុជាមិនមែនជាប្រទេសល្អឥតខ្ចោះលើផ្នែកមួយចំនួនពិតមែន ប៉ុន្តែ
កន្លងការជួញដូរមនុស្សកំពុងត្រូវប្រយុទ្ធប្រឆំាងយ៉ាងខ្លាំងក្លា
ហើយគេសង្ឃឹមថា ជនភៀសខ្លួនទាំងឡាយ នឹងទទួលបានការការពារប្រកបដោយសុវត្ថិភាព។
ទាក់ទងនឹងប្រតិកម្មនេះ លោកឧត្តមសេនីយ៍ ខៀវ
សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បានបដិសេធមិនធ្វើអត្ថាធិប្បាយតបទៅវិញនោះទេ
បើទោះជាមានការប្រមាថមើលងាយប្រទេសកម្ពុជា
ពីសំណាក់សមាជិកព្រឹទ្ធសភារូបនេះក៏ដោយ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ធ្លាប់បានលើកឡើងថា
ការទទួលយកជនភៀសខ្លួនណាមួយ ពីប្រទេសអូស្ត្រាលី
គឺធ្វើឡើងក្នុងក្របខណ្ឌស្ម័គ្រចិត្តតែប៉ុណ្ណោះ។
ប្រទេសអូស្រ្តាលី
បានចូលរួមចំណែកយ៉ាងសំខាន់និងដ៏សកម្ម
ចាប់តំាងពីដំណើរការស្វែងរកសន្តិសភាពទីក្រុងប៉ារីស
ក៏ដូចជាស្តារនិងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឡើងវិញផងដែរ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news