ចេញរត់ម៉ូតូឌុប ដើម្បីជីវិត ត្រូវជនទុច្ចរិត អារកសម្លាប់ទាំងព្រឹក ប៉ងប្លន់យកម៉ូតូ

8/19/2014 0 Comments A+ a-

ភ្នំពេញ៖ បុរសប្រកបរបររត់ម៉ូតូឌុប ដើម្បីជីវិតផ្ទាល់ និងក្រុមគ្រួសារ ត្រូវជនទុច្ចរិតឥតមេត្តា លើកកាបិតអារក ប្រហារបណ្តាលឲ្យដេកដួលស្លាប់ ក្នុងថ្លុកឈាមទាំងព្រឹកគួរឲ្យអាសូរ ខណៈសមត្ថកិច្ចសង្ស័យថា ជាករណីអារក ប៉ុនប៉ងប្លន់ម៉ូតូ តែយកមិនបានសម្រេច។
សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍ចាក់សម្លាប់បុរសរត់ម៉ូតូឌុបប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចនេះ បាន កើតឡើងនៅវេលាម៉ោង ៤ និង៤០នាទីព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅតាមផ្លូវមួយលេខ ៧២សេ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមិនមាននរណាម្នាក់ស្គាល់អត្តសញ្ញាណនោះទេ តែមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាង បុរសរងគ្រោះរត់ម៉ូតូឌុបប្រចាំការនៅតំបន់កើតហេតុនោះ។
ករណីអារកបុរសរត់ម៉ូតូឌុប មិនទាន់មានការអះអាងថា ជាករណីគំនុំ ឬប្លន់នោះទេ តែសមត្ថកិច្ច បានដាក់ការ សង្ស័យលើករណីអារកនេះថា ជារឿងប្លន់មិនបានសម្រេច ដោយសារមានការប្រតាច់ប្រតបពីជនរងគ្រោះមុន ពេលស្លាប់។
សមត្ថកិច្ច បានរកឃើញតំណក់ឈាមពីលើដងផ្លូវពីចំណុចចាប់ផ្តើម ដែលជនទុច្ចរិតអារក និងកន្លែងជនរងគ្រោះ ដួលស្លាប់ចម្ងាយប្រហែលជា១០០ម៉ែត្រ។ ដូច្ចេះសមត្ថកិច្ចសន្និដ្ឋានថា ពេលជនល្មើសធ្វើសកម្មភាពអារក ជនរង គ្រោះព្យាយាមប្រតាយប្រតប់ និងជិះម៉ូតូគេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រីឯជនល្មើសឃើញសភាព ការណ៍មិនស្រួលក៏រត់គេចខ្លួនតែម្តងទៅ។
 ក្រោយកើតហេតុ ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានដឹកនាំសមត្ថកិច្ច ចុះពិនិត្យមើល រឿងនេះនៅកន្លែងកើតហេតុ ប៉ុន្តែអាជា្ញធមិនទាន់បញ្ជាក់ពី ហេតុការណ៍ឱ្យ បានច្បាស់លាស់នៅឡើងទេ ខណៈសមត្ថកិច្ចកំពុងធ្វើ កោសល្យវិច័យទៅសពជនរងគ្រោះ។
សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូនៅពេលយប់ បានដឹកជនសង្ស័យ តែមិនដឹងដឹកពីណាមកនោះទេ លុះមកដល់កន្លែងស្ងាត់ ក៏ចាក់ និងអារក ពីក្រោយបណ្តាលឲ្យ ជនរងគ្រោះមូលហ្គ្រែរ យ៉ាងខ្លាំងក៏ស្ទុះទៅបុក ចូលផ្ទះប្រជាពលរដ្ឋ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ដឹងថានេះជាករណីប្លន់ម៉ូតូនោះទេ ដោយរង់ចាំការស្រាវជ្រាវ ជាមុនសិន ពីព្រោះអាចជាករណី គំនុំក៏ថាបាន។
សពជនរងគ្រោះត្រូវបានចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ ចាត់ចែងដឹកយកទៅតម្កល់នៅវត្តសំបួរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រង់ចាំស្វែងរកសាច់ញាតិ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news