តំណាង​អ្នក​ភូមិ​ឡពាង​បង្ខំ​ ចិត្ត​ទទួល​សំណង​ពី​ក្រុម​ហ៊ុន KDC

7/09/2014 0 Comments A+ a-


20140709_03
កំពង់ឆ្នាំងៈ តំណាង ​ពលរដ្ឋ ភូមិ​ឡពាង ម្នាក់​ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ ដីធ្លី​ពី​សំណាក់​ក្រុម​ហ៊ុន KDC នៅ​ទី​បំផុត បាន​បង្ខំ​ចិត្ត​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​មាន​អំណាច​មួយ​នេះ ដើម្បី​ឲ្យ​តុលាការ​ដក​ការ​ចោទ​ប្រកាន់​រាល់​បទ​ចោទ​មក​លើ​ខ្លួន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ឡោម​ព័ទ្ធ ភូមិ​ឡពាង កាល​ពី​ម្សិល​មិញ។
លោក រាជ សីម៉ា តំណាង​ប្រជា​ពលរដ្ឋ ដែល​រង​នូវ​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​នៅ​តុលាការ​ក្នុង​ជម្លោះ​ដីធ្លី​ ជា​មួយ​ក្រុម​ហ៊ុន KDC ដែល​ជា​ក្រុម​ហ៊ុន​របស់​លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​នូវ​ទឹក​ប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ ដើម្បី​ដោះ​ដូរ​ដី​មាន​ជម្លោះ​របស់​លោក​ជិត​មួយ​ហិកតា​និង ១០ លាន​រៀល ដើម្បី​ឲ្យ​ឈប់​តវ៉ា ប្រឆាំង​ក្រុម​ហ៊ុន។
លោក​បញ្ជាក់​ថា៖ «ដើម្បី​សុត្ថិភាព ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​ចាប់ ​ខ្លួន​ខ្ញុំ តាម​អំណាច​របស់​តុលាការ»។
លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​លោក​ស្រី ជា ខេង គឺ​ខាង​ក្រុម​ហ៊ុន គេ​នឹង​ព្យាយាម​ចរចា​ជាមួយ​ពលរដ្ឋ​ដែល​មាន​បណ្តឹង​នៅ​តុលាការ​ទាំង​អស់​គឺ​ គេ​ប្រើ​តុលាការ ដើម្បី​ដាក់​សម្ពាធ ដូច​ជា រូប​លោក ដែល​ទទួល​យក​សំណង​នេះ ដោយ​សារ​តែ​សម្ពាធ​ពី​តុលាការ។ «ករណី​ខ្ញុំ​នេះ​ទើប​ខ្ញុំ​ហ៊ាន​និយាយ​ថា តុលាការ​គឺ​ធ្វើ​តាម​តែ​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ បើ​គេ​ឲ្យ​ចាប់​គឺ​ចាប់ បើ​គេ​ឲ្យ​លែង​គឺ​លែង»។
យោង​តាម​កិច្ចសន្យា​ព្រម​ព្រៀង​ទទួល​យក​គោល​ នយោបាយ ពី​ក្រុមហ៊ុន​នៅ​ថ្ងៃ ទី៧ ខែ​កក្កដា នៅ​ត្រង់​ចំណុច ទី២ លោក រាជ សីម៉ា បាន​សរសេរ​ថា ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​ផ្តិត​មេដៃ​ទទួល​យក​គោល​នយោបាយ​រួច​រាល់​គឺ​លោក សូម​សន្យា​ថា ឈប់​បង្ក​នូវ​ការ​រំខាន​គ្រប់​រូបភាព​ទាំង​អស់ ដូច​ដែល​លោក​បាន​ធ្វើ​កន្លង​មក​ចំពោះ​ក្រុម​ហ៊ុន​ទៀត ជា​ពិសេស​ឈប់​ជឿ​ការ​ញុះ​ញង់​ពី​គ្រប់​មជ្ឈដ្ឋាន។
លិខិត​នោះ​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ទាំង​ស្រុង​ជូន​ក្រុម​ហ៊ុន KDC ដើម្បី​ដក​ពាក្យ​បណ្តឹង​ជំនួស​ខ្ញុំ​បាទ​នៅ​ឯ​តុលាការ​គ្រប់​ថ្នាក់​និង​នៅ​ ស្ថាប័ន​ទាំង​អស់​ដែល​មាន​ការ​ពាក់​ព័ន្ធ»។
នៅ​ឯ​ក្នុង ភូមិ​ឡពាង ឯ​នោះ​វិញ កម្លាំង​សមត្ថកិច្ច​ចម្រុះ ខេត្ត​កំពង់ឆ្នាំង ជាង ២០០ នាក់​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ភូមិ​និង​នៅ​តាម​វាល​ស្រែ​ដែល​មាន​គម្ពោត​ ព្រៃ ដោយ​ក្រុម​អាជ្ញាធរ​ទាំង​នោះ បាន​អះអាង​ថា ធ្វើ​តាម​បទ​បញ្ជា​ពី​ថ្នាក់​លើ​ដើម្បី​អនុវត្ត​ដីកា​ចាប់​ខ្លួន​ពលរដ្ឋ។ ចំណែក​ផ្ទះ​អ្នក​ភូមិ​វិញ បាន​យក​បន្លា​ស្រះ នៅ​តាម​ច្រក​ចូល​ហើយ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ផ្ទះ​អ្នក​ស្រី អ៊ុំ សុភី ដើម្បី​ការពារ​កុំ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ចំណែក​កម្មករ​ក្រុម​ហ៊ុន ប្រដាប់​ដោយ​កាំបិត​ខ្វែវ ឈរ​នៅ​ពី​ក្រោយ​ផ្ទះ​ពលរដ្ឋ ដោយ​មាន​ចាក់​មេក្រូ​ឮ​សំឡេង​ខ្លាំងៗ។
អ្នក​ស្រី អ៊ុំ សុភី ដែល​កំពុង​ប្រឈម​ការ​ចាប់​ខ្លួន​បាន​ថ្លែង​ថា ពួក​អ្នក​ស្រី មិន​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដែល​កំពុង​តែ​ឈូស​ឆាយ​ធ្វើ​ ព្រំ​ដី​នោះ​ទេ ដោយ​សារ​តែ​មាន​កម្លាំង​ប៉ូលិស និង​ប៉េអឹម នៅ​ពង្រាយ​តាម​ភូមិ​ច្រើន​ពេក។
អ្នក​ស្រី​ថ្លែង​ថា៖ «នៅ​ពេល​ដែល​កម្លាំង​ដក​ចេញ​ខ្ញុំ​នឹង​ចេញ​ទៅ​ប្រឆាំង​ជាមួយ​កម្មករ​ ក្រុមហ៊ុន​មិន​ឲ្យ​ឈូស​ឆាយ​ទេ ហើយ​ខ្ញុំ​នឹង​ឡើង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ ភ្នំពេញ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ។ ខ្ញុំ​ជា​ជន​រងគ្រោះ​ខ្ញុំ​មិន​មែន​ជា​ជន​ល្មើស​ទេ»។
ចំណែក​ឯ​អ្នក​ស្រី អ៊ុន ទុំ អាយុ ៦៧​ឆ្នាំ ដែល​រង​របួស​ដោយ​ចម្ពាម​បាញ់​ត្រូវ​ចំ​ស្មា​ខាង​ស្តាំ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​អស់ ១ ឆ្នាំ ៨ ខែ​បន្ទាប់​ពី​បាន​អនុវត្ត​ទោស​របស់​ខ្លួន​ដែល​ក្រុម​ហ៊ុន​បាន​ចោទ​ប្រកាន់​ ថា រំលោភ​បំពាន​លើ​កម្មសិទិ្ធ​ស្រប​ច្បាប់​បាន​ថ្លែង​នៅ​ពេល​កំពុង​ដេក​នៅ​លើ​ កន្ទេល​ថា៖ «នៅ​ក្នុង​រឿង​ដីធ្លី​នេះ ខ្ញុំ​ឆ្អែត​ហើយ គេ​យក​ដី​យើង​ហើយ គេ​ប្តឹង​យើង​ដាក់​គុក​ទៀត ហើយ​ពេល​នេះ​គេ​យក​ពលរដ្ឋ​យើង​ដែល​មាន​ជម្លោះ​ពី​មុន​មក​វាយ​ពួក​យើង​វិញ។ ខ្ញុំ​ឈឺ​ចាប់​ណាស់»។
កាល​ពី​ថ្ងៃ​ចន្ទ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ម្នាក់​ក្នុង ភូមិ​ឡពាង បាន​សន្លប់​និង​ពលរដ្ឋ ១៤ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ ក្រុមហ៊ុន KDC ខណៈ​ដែល​ពលរដ្ឋ​បាន​ចេញ​រារាំង​មិន​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ ធ្វើ​ព្រំ។
លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល ខេត្ត​កំពង់ឆ្នាំង ពុំ​អាច​ទាក់ង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា លោក​មិន​ដឹង​ថា ពេល​ណា​នឹង​ត្រូវ​ដក​កម្លាំង​ចេញ​ទៅ​វិញ​នោះ​ទេ។ លោក​បញ្ជាក់​ថា៖ «គ្រាន់​តែ​ជា​រឿង​របស់​មនុស្ស​ម្នាក់​សោះ​ធ្វើ​ឲ្យ​ពួក​កង​កម្លាំង​យើង​ រវល់​ពេញ​មួយ​ខេត្ត»។
កាល​ពី​ថ្ងៃ​ម្សិល​មិញ​សមាគម​ការពារ​សិទ្ធិ​ មនុស្ស អាដហុក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​អមនុស្សធម៌ គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ខេត្ត​កំពង់ឆ្នាំង ដែល​មិន​បាន​ធ្វើ​អន្តរាគមន៍​បញ្ឈប់​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​រវាង​ ប្រជា​ពលរដ្ឋ ភូមិ​ឡពាង ជាមួយ​កម្មករ​ស៊ី​ឈ្នួល​របស់​ក្រុម​ហ៊ុន KDC។
នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា៖ «សមាគម អាដហុក ទទូច​ស្នើ​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​បញ្ឈប់​អំពើ​ហិង្សា​ជា​ពិសេស​កម្លាំង ​សមត្ថកិច្ច​ត្រូវ​ដក​ចេញ​ពី​ភូមិ​ចំណែក​ភាគី​ក្រុម​ហ៊ុន​ត្រូវ​តែ​បញ្ឈប់​ ធ្វើ​សកម្មភាព​របស់​ខ្លួន»។
លោក ថៃ ហ៊ី តំណាង​ក្រុម​ហ៊ុន KDC បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថ្លែង​ថា៖ «ខ្ញុំ​អត់​ឆ្លើយ​ទេ»។ ចំណែក​លោក ឈួរ ចាន់ឌឿន អភិបាល ខេត្ត​កំពង់ឆ្នាំង បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ឡើយ។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម អាដហុក ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច ក្រោយ​ពេល​សមត្ថកិច្ច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ពួក​គាត់ ហើយ​អាជ្ញាធរ​មិន​ធ្វើ​សកម្មភាព​ណា​មួយ​អនុវត្ត​ដីកា​ទេ គឺ​ដូច​ពង្រាយ​កម្លាំង​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ដើម្បី​ការពារ​ឲ្យ​កម្មករ​ ធ្វើ​ព្រំ​ដី​បោះ​របង​ទៅ​វិញ។
លោក​ថ្លែង​ថា នេះ​ជា​ចំណុច​ខ្សោយ​របស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​ដែល​ពុំ​អាច​រក​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នេះ​ដោយ​សន្តិវិធី​បាន។
កាល​ពី ខែ​មេសា អាជ្ញាធរ ស្រុក​កំពង់ត្រឡាច អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន​បាន​ចុះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​ មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន KDC ម្តង​ម្នាក់ៗ​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ទទួល​យក​គោល​ការណ៍​សំណង​ពី​ក្រុម​ ហ៊ុន​ដែល​ពេល​នោះ​មាន​ពលរដ្ឋ ៣៣ គ្រួសារ​បាន​ព្រម​ទទួល​យក​សំណង​នៅ​សល់​ជាង ៥០ គ្រួសារ​ទៀត​កំពុង​រក​ដំណោះ​ស្រាយ​បន្ត៕