ពលរដ្ឋម្នាក់សន្លប់ ១៤ នាក់របួសក្នុងការប៉ះទង្គិច ជាមួយក្រុមហ៊ុន KDC
កំពង់ឆ្នាំងៈ យ៉ាង
ហោចណាស់ ក៏មានពលរដ្ឋម្នាក់បានសន្លប់ និង ១៤
នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុង ភូមិឡពាង
ឃុំតាជេស ស្រុកកំពង់ត្រឡាច
រវាងប្រជាពលរដ្ឋនិងកម្មកររបស់ក្រុមហ៊ុន KDC
ដែលជាកម្មសិទិ្ធរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ការប៉ះទង្គិចគ្នានៅក្នុងរឿងជម្លោះដី
ធ្លីដ៏រ៉ាំរ៉ៃ
ដែលបានកើតឡើងនៅពេលដែលប្រជាពលរដ្ឋបានរារាំងមិនឲ្យក្រុមហ៊ុន
KDC ធ្វើការឈូសឆាយដីធ្វើព្រំ នៅខណៈកម្លាំងសមត្ថកិច្ចចម្រុះជាង
២០០
នាក់បាននៅព័ទ្ធជុំវិញភូមិដើម្បីរង់ចាំចាប់ខ្លួនពលរដ្ឋដែលហ៊ាន
តវ៉ា។
សំឡេងស្រែកទ្រហោយំ
កងរំពងពេញភូមិបន្ទាប់ពីកម្មករក្រុមហ៊ុនម្នាក់ក្នុងចំណោមកម្មករ
ជាង ១០០ នាក់ដែលមានចម្ពាមកៅស៊ូ និងកាន់កាំបិតខ្វែវជាប់នៅក្នុងដៃ
បានស្ទុះទៅវាយស្ត្រីម្នាក់ដែលកំពុងតែឈរនៅខាងមុខអេស្កាវ៉ាទ័រ
រារាំងមិនឲ្យឈូសដីកាលពីម្សិលមិញ។
អ្នកស្រី អ៊ុំ សុភី
ដែលសមត្ថកិច្ចចម្រុះបានសម្រុកចូលផ្ទះរបស់អ្នកស្រីដើម្បីចាប់
ខ្លួន តាមដីការបស់តុលាការបានថ្លែងថា អ្វីដែលកម្លាំងប៉ូលិស
និងកម្មករធ្វើមកលើពលរដ្ឋដែលជាម្ចាស់ដី
គឺជារឿងមួយដែលសាហាវបំផុតពីព្រោះពលរដ្ឋគ្រាន់តែការពារដីរបស់
ខ្លួនប៉ុណ្ណោះ បែរជារងនូវការចាប់ខ្លួននិងប្រើហិង្សាទៅវិញ។
ការប៉ះទង្គិចគ្នារវាងអ្នក ភូមិឡពាង និងកម្មករក្រុមហ៊ុន KDC កាលពីម្សិលមិញ។ ហេង ជីវ័ន
អ្នកស្រីថ្លែងបញ្ជាក់ថា៖
«ច្បាប់គេអនុវត្តមកលើតែយើងអ្នកក្រប៉ុណ្ណោះយើងការពារដីយើង
បែរជាគេសម្រុកចូលមកចាប់យើងដូចជាយើងឧក្រិដ្ឋជន»។
អ្នកស្រីថ្លែងទៀតថា
សមត្ថកិច្ចពុំមែនជាអ្នកការពារពលរដ្ឋនោះទេ
គឺគេការពារឲ្យក្រុមហ៊ុនបើទោះបីជាពលរដ្ឋអង្វរករឲ្យសមត្ថកិច្ច
ជួយការពារពលរដ្ឋ នៅពេលដែលពលរដ្ឋចេញទៅទប់ស្កាត់ក្រុមហ៊ុន
ដែលមកឈូសឆាយដីពលរដ្ឋក៏ដោយ គឺសមត្ថកិច្ចអង្គុយធ្វើមិនដឹង។
អ្នកស្រីបានបន្តថា៖
«សមត្ថកិច្ចគេការពារក្រុមហ៊ុនហើយគេចាំតែឆ្មក់ចូលចាប់ពលរដ្ឋនៅ
ពេលដែលគេមានឱកាស។
ពួកខ្ញុំសុខចិត្តស្លាប់នៅក្នុងផ្ទះនេះតែម្តង»។
ចំណែកអ្នកស្រី ពៅ ឌឿ អាយុ ៥៦ឆ្នាំ
ដែលរងរបួសក្បាលកាលពីថ្ងៃសុក្រសប្តាហ៍មុន
ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងកម្មករក្រុមហ៊ុនដោយគេបាញ់
នឹងចម្ពាមកៅស៊ូ គ្រាប់ឃ្លីដែក បានថ្លែងថា អ្នកស្រី សាន សុខុម
ដែលទើបតែមានផ្ទៃពោះមួយខែ
កំពុងតែរារាំងកម្មករក្រុមហ៊ុនកុំឲ្យគេឈូសដី
ស្រាប់តែកម្មករម្នាក់ដែលត្រូវជាឪពុកមា
បានស្ទុះមកវាយនាងរហូតដល់សន្លប់។
អ្នកស្រីបានថ្លែងថា៖
«យើងខ្ញុំស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តា
ជួយពួកខ្ញុំផងកុំជួយតែក្រុមហ៊ុន
ពួកយើងជាម្ចាស់ដីមិនមែនជំទាវដែលមករំលោភយកដីយើងជាម្ចាស់ដី
នោះទេ ហើយរដូវនេះជារដូវធ្វើស្រែទៀត
មេត្តាជួយដោះស្រាយឲ្យពួកយើងផង»។
អ្នកស្រីបានឲ្យដឹងថា
ពលរដ្ឋក្នុងភូមិពុំដឹងថា
នឹងត្រូវធ្វើយ៉ាងម៉េចជាមួយកម្លាំងប៉ូលិសនិងប៉េអឹមដែលកំពុងតែ
ពង្រាយព័ទ្ធជុំវិញភូមិនោះទេ
ហើយអ្នកភូមិក៏មិនឲ្យសមាជិកណាម្នាក់ដើរចេញទៅណាពីផ្ទះអ្នក
ស្រី អ៊ុំ សុភី ដែរព្រោះខ្លាចគេចាប់ខ្លួន។
អ្នកស្រីបានថ្លែងបញ្ជាក់ថា៖
«ដោយសារតែខ្លាចគេចាប់ព្រឹកមិញប៉េអឹមសម្រុកចូលផ្ទះពួកយើងពួក
យើងទប់ស្កាត់ហើយរឹបអូសបានខែលមួយដំបងមួយនិងអាយកូមមួយ។
ពួកគេធ្វើដូច្នេះ
ដើម្បីឲ្យយើងប្រើហិង្សាដាក់គេដើម្បីឲ្យគេងាយស្រួលចាប់ខ្លួន
យើង»។ នៅតាមដងផ្លូវ និងនៅតាមព្រៃក្នុង ភូមិឡពាង
កាលពីម្សិលមិញគេឃើញមានការពង្រាយកម្លាំងប៉ូលិសប្រមាណជាង ១០០
នាក់។
លោក ប្រាក់ វុទ្ធី ស្នងការនគរបាល
ខេត្តកំពង់ឆ្នាំង ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
ប៉ុន្តែលោក ស៊ីវ ចន្ធី មន្ត្រីនគរបាលដែលចុះមកឡោមព័ទ្ធ ភូមិឡពាង នោះ
បានឲ្យដឹងថា មន្ត្រីប៉ូលិស ទាហាន និង ប៉េអឹម
ត្រូវបានមេបញ្ជាឲ្យចុះមកអនុវត្តដីកាចាប់ខ្លួនពលរដ្ឋ។
លោកបានថ្លែងថា៖
«យើងចុះមកធ្វើតាមតែដីកាប៉ុណ្ណោះ ប៉ុន្តែខ្ញុំពុំដឹងថា
ត្រូវចាប់ខ្លួនប៉ុន្មាននាក់នោះទេ។ ខ្ញុំធុញទ្រាន់ណាស់
ខាតពេលអត់ប្រយោជន៍ឲ្យខ្ញុំវាយពលរដ្ឋខ្ញុំវាយមិនបានទេ
អ្វីដែលខ្ញុំភ័យនោះ
គឺខ្លាចពលរដ្ឋនិងកម្មករក្រុមហ៊ុនកាប់គ្នាដោយសារតែកម្មករមាន
សុទ្ធតែកាំបិតខ្វែវ។ ខ្ញុំមិនដឹងថា
តើពេលណាត្រូវដកទៅវិញនោះទេ»។
លោក ថៃ ហ៊ី តំណាងក្រុមហ៊ុន KDC
បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ
ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖
«លោកបងខ្ញុំអត់ឆ្លើយទេទាក់ទងរឿងហ្នឹង»។
កម្មករក្រុមហ៊ុន KDC ដែលប្រដាប់ដោយកាំបិតខ្វែវនៅលើដីជម្លោះកាលពីម្សិលមិញ។ ហេង ជីវ័ន
ចំណែកលោក ឈូក ចាន់ឌឿន អភិបាល
ខេត្តកំពង់ឆ្នាំង បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ
ប៉ុន្តែលោកបានឆ្លើយតាមទូរស័ព្ទប្រាប់មន្ត្រីសិទ្ធិមនុស្ស
ដែលទាក់ទងសុំឲ្យជួយអន្តរាគមន៍ដោយសារតែមានបញ្ហាប្រឈមមុខដាក់
គ្នាខ្លាំងនោះថា កម្លាំងទាំងនោះមិនអាចដកថយបានទេ
ដោយសារតែរឿងនេះវាជ្រុលទៅមុខហើយ។
លោកបានថ្លែងថា៖ «ពួកនេះ ប្រឆាំងទៅនឹងអាជ្ញាធរគេចង់ធ្វើអបគមន៍ នៅក្នុងតំបន់នេះ ដូច្នេះយើងត្រូវតែទប់ស្កាត់»។
លោក ចាន់ សុវេត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគម អាដហុក
ដែលចុះទៅអង្កេតផ្ទាល់នៅកន្លែងកើតហេតុបានថ្លែងថា ករណីពលរដ្ឋ
ភូមិឡពាង មានការប៉ះទង្គិចគ្នា ជាមួយកម្មករក្រុមហ៊ុន
បណ្តាលឲ្យរងរបួសនេះកើតឡើងមកពីអាជ្ញាធរមានសមត្ថកិច្ចអសីលធម៌
ដែលមិនបានជួយការពារប្រជាពលរដ្ឋ។
លោកថ្លែងថា៖
«ដីកាចាប់ខ្លួននោះមិនសមស្របសោះគឺសមត្ថកិច្ចមិនត្រឹមតែមក
អនុវត្តដីកាទេ
តែហាក់ដូចមកការពារឲ្យក្រុមហ៊ុនរំលោភយកដីប្រជាពលរដ្ឋតែម្តង។
សមត្ថកិច្ចធ្វើមិនដឹងមិនឮ ចំពោះកម្មករដែលប្រើហិង្សាមកលើពលរដ្ឋ។
យើងសុំឲ្យអាជ្ញាធរបញ្ឈប់ការមិនទទួលខុសត្រូវនេះទៀតទៅ
ហើយងាកមករកដំណោះស្រាយដើម្បីឲ្យភាគីទាំងសងខាងអាចទទួលបានផល
ទាំងសងខាង»។
បើតាមអង្គការសង្គមស៊ីវិល
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុង ភូមិឡពាង ឃុំតាជេស នេះ
ប្រជាពលរដ្ឋដែលអះអាងថា
ពួកគាត់ជាម្ចាស់ដីបានដាក់ពាក្យបណ្តឹងជាង ២០
ទៅតុលាការប្តឹងក្រុមហ៊ុន KDC ដោយចោទប្រកាន់ថា
ក្រុមហ៊ុនមានអំណាចមួយនេះ
បានរំលោភបំពានយកដីស្រែចម្ការរបស់ពួកគាត់
ប៉ុន្តែតុលាការមិនសូវជាយកចិត្តទុកដាក់លើបណ្តឹងរបស់ប្រជាពលរដ្ឋ
នោះទេ គឺឃើញចាត់ការតែបណ្តឹងដែលក្រុមហ៊ុនប្តឹងពលរដ្ឋប៉ុណ្ណោះ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍