មនុស្សយ៉ាងតិច១០នាក់ របួសខណៈប៉ះទង្គិចនៅមុខ ស្ថានទូតវៀតណាម
សាក្សី បានអះអាងប្រាប់អ្នកសារព័ត៌មាន
នៅកន្លែងតវ៉ានោះថា ក្រុមកងសន្តិសុខខណ្ឌចំការមន
បានដេញវាយលើក្រុមយុវជន
និងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន
សុថាវរិន្ទ្រ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម
រួមទាំងព្រះសង្ឃជាច្រើនអង្គ
ដែលព្យាយាមចូលរួមតវ៉ានៅលើកកំណាត់ផ្លូវព្រះមុនីវង្ស។
សាក្សីបានឲ្យដឹងដែរថា
ក្នុងចំណោមអ្នករបួសនោះ ក៏មានសមត្ថកិច្ច
និងកងសន្តិសុខរងរបួសម្នាក់ដែរ ដោយសារវាយច្រឡំគ្នាឯង
នៅពេលស្ថានការណ៍ច្របូកច្របល់ ខណៈមានការគប់ដុំថ្មដាក់គ្នា។
ការផ្ទុះហិង្សានេះ
បានឡើងបន្ទាប់ពីក្រុមសមត្ថកិច្ចដេញបំបែកអ្នកតវ៉ាចេញពីមុខ
ស្ថានទូតវៀតណាម
ដោយសារមន្ត្រីទូតនេះចេញមកទទួលញ្ញត្តិតែមិនមានញ្ញត្តិ។
ប៉ុន្តែក្រុមអ្នកតវ៉ា ឲ្យដឹងថា ញ្ញត្តិ និងទង់ជាតិខ្មែរកម្ពុជាក្រោម
ត្រូវសមត្ថកិច្ចចាប់យកទៅហែកចោលអស់ហើយ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគម អាដហុក
លោក ណៃ វ៉ង់ដា ដែលតាមដានករណីនេះថ្លែងថា
ការរារាំងពីសំណាក់អាជ្ញាធរទៅលើក្រុមបាតុករ
ដែលយកញ្ញតិ្តដាក់នៅស្ថានទូតវៀតណាមនោះ
ហើយបង្កឲ្យមានហិង្សាបែបនេះ
គឺមិនមានផលចំណេញដល់រដ្ឋាភិបាលនិងប្រជាជនខ្មែរទេ។
VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃអង្គារនេះ។
ព្រះតេជគុណ យី តារា គង់នៅវត្តសាមគ្គីរង្សី
ក្នុងរាជធានីភ្នំពេញ មានថេរដីកាថា កងប្រដាប់អាវុធ
ក្នុងដៃកាន់កាំភ្លើង ដំបងឆក់ និងខែល ប្រមាណ៤០០នាក់ បានឡោមព័ទ្ធ
ដើម្បីរារាំងព្រះសង្ឃ សិស្ស និស្សិត និងពុទ្ធបរិស័ទ
មិនឲ្យទៅចូលរួមបាតុកម្មជាមួយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
នៅមុខស្ថានទូតវៀតណាមនោះទេ។
ការតវ៉ាដែលដឹកនាំដោយលោក ម៉ៅ ពិសេស
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជានេះ
ដោយសារតែមន្ត្រីនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង
វ៉ានថុង បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា «បារាំងមិនបានកាត់ទឹកដីខ្មែរ កម្ពុជាក្រោមឲ្យវៀតណាមទេ គឺកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ»។
ប៉ុន្តែតាមឯកសារប្រវត្តិសាស្ត្របញ្ជាក់ថា
កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង
បានអនុម័តច្បាប់មួយ ដោយសម្រេចកាត់ទឹកដីខ្មែរកម្ពុជាក្រោម
ចំនួន២១ខេត្តក្រុង ទៅឲ្យវៀតណាមត្រួតត្រា
ដោយមិនបានសួរមតិប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក
ឬថ្នាក់ដឹកនាំនៃកម្ពុជា នាសម័យនោះឡើយ៕
ប្រភពពី vodhotnews.com