សហព័ន្ធនិស្សិតបញ្ញវន្ត និងព្រះសង្ឃមិនញញើត នឹងការព្រមានរបស់សាលាក្រុង
កង
កម្លាំងអាជ្ញាធររារាំងព្រះសង្ឃនិងពលរដ្ឋអ្នកតវ៉ារឿងទឹក
ដីកម្ពុជាក្រោម មិនឲ្យចូលក្បែរស្ថានទូតវៀតណាម នៅព្រឹកថ្ងៃទី៨
កក្កដា ឆ្នាំ២០១៤។
មន្ត្រីសាលារាជធានីភ្នំពេញ ព្រមានថា
នឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើសហព័ន្ធនិស្សិត បញ្ញន្តកម្ពុជា
និងព្រះសង្ឃខ្មែរកម្ពុជាក្រោម
នៅតែចចេសប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា។
ការព្រមាននេះធ្វើឡើងស្របពេលដែលមានការ
លេចឮថា សាលារាជធានីភ្នំពេញ
នឹងប្ដឹងបាតុករទៅតុលាការដើម្បីផ្ដន្ទាទោស
ប្រសិនបើពួកគេធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
តែទោះជាយ៉ាងណា ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
និងសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម មិនញញើតនឹងការព្រមាននេះឡើយ
ហើយបានសម្រេចចិត្តថា នឹងធ្វើការប្រមូលផ្ដុំតាមការគ្រោងទុក
បើទោះជាត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅពន្ធនាគារក៏ដោយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង
ឌីម៉ង់ ឲ្យដឹងនៅថ្ងៃទី២០ កក្កដា ថា សាលារាជធានីភ្នំពេញ
នឹងចាត់វិធានការប្រឆាំងការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូត
វៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី២១ កក្កដា
បើទោះជាបាតុកម្មនោះធ្វើឡើងដោយហិង្សាក្តី ឬអហិង្សាក្តី។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា
សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
ហើយថា សាលារាជធានីភ្នំពេញ
នឹងមិនអនុញ្ញាតឲ្យពួកគេធ្វើការប្រមូលផ្តុំ
ឬដើរដង្ហែក្បួនតាមផ្លូវនោះឡើយ ប៉ុន្តែសាលារាជធានីភ្នំពេញ
អាចអនុញ្ញាតឲ្យពួកគេធ្វើការជួបជុំនៅទីតាំងឯកជនណាមួយ
រួចពួកគេអាចចាត់តំណាងក្រោម ១០នាក់
ដើម្បីយកញត្តិទៅដាក់នៅតាមបណ្ដាស្ថានទូតនានាបាន
ពេលនោះសាលារាជធានីភ្នំពេញ នឹងជួយសម្របសម្រួលឲ្យពួកគេទៀតផង។
លោកថា ប្រសិនបើសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
នៅតែចចេសធ្វើផ្ទុយពីសេចក្ដីណែនាំ
ឬបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ
ពួកគេត្រូវទទួលខុសត្រូវនៅពេលដែលមានហេតុការណ៍អ្វីមួយកើតឡើងជា
យថាហេតុ។
មន្ត្រីនាំពាក្យរូបនេះ ថែមទាំងលើកឡើងថា
ក្រុមអ្នកតវ៉ាចូលចិត្តបង្កើតភ្លើង និងចេះបង្កើតភ្លើង
ប៉ុន្តែពួកគេមិនដឹងថា ត្រូវពន្លត់ភ្លើងវិញយ៉ាងដូចម្ដេចនោះទេ៖ «សម្រាប់
យើងខ្ញុំ យើងបានបញ្ជាក់ជូនគាត់រួចរាល់អស់ហើយថា
យើងមិនអាចអនុញ្ញាតឲ្យគាត់បានទេ។ ទី១
យោងទៅលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ផង
ហើយបញ្ហាសំខាន់មួយទៀត
គឺការអនុវត្តទៅតាមអនុសញ្ញាអន្តរជាតិស្ដីពីទំនាក់ទំនងការទូតក្រុង
វ៉្យែន (Vienna)
យើងមានកាតព្វកិច្ចក្នុងការការពារសុវត្ថិភាព
សន្តិសុខជូនបណ្ដាស្ថានទូតទាំងអស់ដែលដាក់ទូតក្នុងរដ្ឋម្ចាស់ផ្ទះ
នេះ គឺថា
យើងមានភារកិច្ចការពារទៅលើអង្គទូតទៅលើស្ថានទូតទៅលើនិវេសនដ្ឋាន
ទូត ទ្រព្យសម្បត្តិទូត
សូម្បីតែឡានក៏យើងត្រូវការពារមិនឲ្យមានការប៉ះពាល់ដែរ
ដូច្នេះយើងខ្ញុំអនុវត្តទៅតាមអ្វីដែលជាសិទ្ធិ
និងកាតព្វកិច្ចរបស់យើងខ្ញុំ»។
ទាក់ទងនឹងបញ្ហានេះដែរ
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង
បានមានប្រសាសន៍តាមសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៩ កក្កដា ថា
ប្រសិនបើក្រុមយុវជននិស្សិតមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរ
ហើយនៅតែធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ
ឬបង្កឲ្យមានជាអំពើហិង្សានោះ
នោះពួកគេនឹងត្រូវប្ដឹងទៅតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារពី ១០ ទៅ
១៥ឆ្នាំ ទៀតផង។
ឆ្លើយតបចំពោះការព្រមានម្ដងហើយម្ដងទៀត
នេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់ថា
លោកមិនបារម្ភចំពោះការព្រមាននេះឡើយ ព្រោះលោកថា
អ្វីដែលក្រុមរបស់លោកធ្វើគឺអហិង្សា។ លោកថា
ប្រសិនបើអាជ្ញាធរបង្ក្រាបមែននោះ
វានឹងឆ្លុះបញ្ចាំងឲ្យមតិសាធារណៈជាតិនិងអន្តរជាតិឃើញរឹតតែច្បាស់
អំពីអំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា
ពេលនោះគេអាចវិនិច្ឆ័យបានថា រដ្ឋាភិបាលសព្វថ្ងៃល្អ
ឬអាក្រក់យ៉ាងណាហើយ។
លោក ម៉ៅ ពិសេស ថ្លែងបន្តថា
ក្រុមលោកមិនអាចធ្វើតាមការណែនាំរបស់អាជ្ញាធរបានទេ ព្រោះថា
រឿងទឹកដីកម្ពុជាក្រោម និងខ្មែរក្រោម
គឺជារឿងធំនិងជារឿងប្រវត្តិសាស្ត្ររបស់ជាតិ៖ «ទោះបីជាគាត់
ព្រមានដូច្នេះក៏ដោយ ក្រុមរបស់ពួកយើងគឺរក្សាជំហរនៅដដែល
យើងនឹងទៅជួបជុំគ្នាចាប់ពីម៉ោង ៧ព្រឹកទៅ នៅមុខស្ថានទូតបារាំង
ដោយអត់មានការភ័យខ្លាចការគំរាមកំហែង ការចាប់ខ្លួនណាមួយទេ។
ចំពោះខ្ញុំផ្ទាល់ ខ្ញុំត្រៀមខ្លួនរួចហើយ
បើសិនជាគាត់ចង់ចាប់ក៏ចាប់ចុះ ព្រោះអ្វីដែលខ្ញុំធ្វើ
គឺខ្ញុំគ្រាន់តែបំពេញករណីយកិច្ចរបស់ខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយ
រូបដែលស្រឡាញ់ជាតិ ស្រឡាញ់ប្រវត្តិសាស្ត្រ ស្រឡាញ់ទឹកដីតែប៉ុណ្ណោះ»។
ស្រដៀងគ្នាទៅនឹងលោក ម៉ៅ ពិសេស
អគ្គលេខាធិការនៃសមាគមព្រះសង្ឃខ្មែរកម្ពុជា ក្រោមព្រះតេជព្រះគុណ ឡាយ
ឡាត មានថេរដីកានៅថ្ងៃទី២០ កក្កដា ថា
សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
នឹងចូលរួមក្នុងការតវ៉ាជាមួយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
នៅថ្ងៃទី២១ កក្កដា៖ «យើងនាំគ្នាប្ដេជ្ញាចិត្តហើយ
ទោះបីជាមានឧបសគ្គអ្វីកើតឡើងក៏ដោយ យើងក៏ត្រូវតែទៅដែរ
ពីព្រោះថា យើងធ្វើនេះមិនមែនយើងធ្វើរដ្ឋប្រហាររដ្ឋាភិបាលទេ
តែយើងធ្វើនេះ បើតាមការពិតហ្នឹងរដ្ឋាភិបាលគួរតែដឹងគុណបានត្រូវ
ពីព្រោះយើងធ្វើដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន
ក៏ដូចជាអ្នកនាំពាក្យយួន សុំទោសយើងតែប៉ុណ្ណឹងឯង
មិនមែនទៅធ្វើសង្គ្រាម ទៅវាយ ទៅជេរទៅស្តីអីគេទេ
អ៊ីចឹងទោះបីជាការគំរាមកំហែងរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយ
ក៏ក្រុមនិស្សិតបញ្ញវន្ត យុវជន ហើយនិងព្រះសង្ឃខ្មែរក្រោម
ក៏ដូចជាញាតិញោមខ្មែរក្រោមហ្នឹង ត្រូវតែធ្វើដែរ»។
ក្រុមយុវជន និស្សិត ប្រជាពលរដ្ឋ
និងព្រះសង្ឃខ្មែរក្រោម
បានប្រមូលផ្តុំគ្នាម្ដងរួចមកហើយនៅមុខស្ថានទូតវៀតណាម
ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា
ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតប្រទេសកុម្មុយនិស្តមួយនេះ
ទទួលស្គាល់ការពិតប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម
និងសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ
ចំពោះការលើកឡើងដោយបំពានដែលថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម
តាំងពីយូរមកហើយ ហើយបារាំងមិនបានកាត់ទឹកដីនេះទៅឲ្យវៀតណាមឡើយ។
ប៉ុន្តែការប្រមូលផ្តុំនៅពេលនោះ
ត្រូវបានអាជ្ញាធររដ្ឋាភិបាលធ្វើការបំបែក និងវាយបង្ក្រាប
ដែលប្រការនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការ
សង្គមស៊ីវិល ដោយពួកគេអះអាងថា ជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ
និងសិទ្ធិជួបជុំរបស់ពលរដ្ឋ
ព្រមទាំងរំលោភទៅលើច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយ
សន្តិវិធីចែងថា បាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្តុំគ្នា
ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា
ឬសម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត
ឬឆន្ទៈរបស់ក្រុមខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។
ច្បាប់ដដែលនេះក៏ចែងដែរថា
ប្រសិនបើដំណើរការនៃការធ្វើបាតុកម្មដោយសន្តិវិធីបង្កជាអំពើ
ហិង្សាបណ្ដាលឲ្យអន្តរាយដល់ទ្រព្យសម្បត្តិឯកជនក្តី
ឬទ្រព្យសម្បត្តិសាធារណៈក្តី ការជួសជុលការខូចខាត
ត្រូវជាបន្ទុករបស់ជនល្មើសនិងអ្នកសមគំនិត។ មួយវិញទៀត
ជនណាដែលបានប្រព្រឹត្តល្មើសបណ្ដាលឲ្យអាជ្ញាធរមានសមត្ថកិច្ច
ឬបាតុករ ឬបុគ្គលដទៃទៀតមានរបួសស្នាម ឬបណ្ដាលឲ្យស្លាប់
ជននោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕
_________________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
ប្រភពព័ត៌មានពី៖ អាស៊ីសេរី