ស្ថានទូតអង់គ្លេស នៅកម្ពុជា ឧបត្ថម្ភថវិកាជាង ៦ពាន់ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

7/09/2014 0 Comments A+ a-

ភ្នំពេញ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំ នៅកម្ពុជា លោក Bill Longhurst នៅរសៀលថ្ងៃទី០៨ ខែកក្កដា  ឆ្នាំ២០១៤នេះ បាននាំយកថវិកាចំនួន ៦.១០០ដុល្លារ ទៅប្រគល់ដល់ដៃលោកវេជ្ជបណ្ឌិត Beat Richner  ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់សម្រាប់ព្យាបាលជំងឺពួកគេជា រៀងរាល់ថ្ងៃនោះ។
យោងតាមហ្វេសប៊ុករបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា ថវិកាប្រគល់ប្រគល់ជូន  មន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ ដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់ម្ចាស់ក្សត្រិយ៍អង់គ្លេស អាលីហ្សាបែត២។
តាមទំព័រហ្វេសប៊ុក ក៏បានឲ្យដឹងផងដែរថា ថវិកាជំនួយដល់គន្ធបុប្ផានាថ្ងៃនេះ បានមកពីសប្បុរសជន ដែលជាដៃគូ  មានដូចជាក្រុមហ៊ុនសម្លៀកបំពាក់ Quantum និងក្រុមហ៊ុនរថយន្ត RMA Cambodia ព្រមទាំងថវិកាពីអ្នកចូល រួមប្រារព្ធថ្ងៃខួបកំណើតម្ចាស់ក្សត្រិយ៍អាលីហ្សា២ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។
មន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយជាមធ្យមប្រមាណ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃសម្រាប់ចំណាយទៅការព្យាបាលកុមារ  កម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យស្វែងរកប្រាក់កម្រៃមួយនៅកម្ពុជា ដែលមានគុណភាពក្នុងការព្យាបាលកុមារ ហើយបានផ្តល់នូវទំនុកចិត្តខ្ពស់ផងដែរលើសេវាព្យាបាល។
ទាំងសាខាក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប តាំងពីព្រលឹម ទល់ព្រលប់ពលរដ្ឋកម្ពុជា រាប់រយនាក់ ជារៀង  រាល់ បានទៅតម្រង់ជួរគ្នា ដើម្បីនាំកូនៗរបស់ពួកគេទៅរកសេវាព្យាបាលស្ទើរគ្រប់ប្រភេទជំងឺទាំងអស់។
មន្ទីរពេទ្យគន្ធបុប្ផា មិនត្រឹមតែបានជួយដល់កុមារក្រីក្រកម្ពុជា មានក្តីសង្ឃឹមពេលពួកគេមានជំងឺនោះទេ នៅពេល  ថ្មីៗនេះទៀតសោត មន្ទីរពេទ្យមួយនេះ បានបំផុសនូវស្មារតីរួបរួមជួយគ្នារបស់ប្រជាជនកម្ពុជាថែមទៀតផង។ គ្រា  ដែលមន្ទីរពេទ្យប្រកាសអាសន្ន នៃការខ្វះថវិកា ដើម្បីទ្រទ្រង់ដល់សេវារបស់ខ្លួននោះ ប្រជាពលរដ្ឋកម្ពុជា  មកពីគ្រប់ទិសទី រួមទាំងបណ្តាក្រុមហ៊ុននានា បាននាំគ្នាចូលរួមយ៉ាងសស្រាក់សស្រាំបរិច្ចាគថវិកា ដើម្បី បន្តដង្ហើមមន្ទីរពេទ្យ ដ៏មានគុណប្រយោជន៍សម្រាប់កុមារកម្ពុជាមួយនេះ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល