សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើ គ.ជ.ប ដូចគ្នា
សង្គមស៊ីវិលចាត់ទុកថា
គណបក្សទាំងពីរសុទ្ធតែចង់ឲ្យសមាជិកគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។
មន្ត្រីគណបក្សប្រជាជនកម្ពុជា
តាំងពីមេដឹកនាំ រហូតដល់អ្នកតំណាងរាស្ត្រ លើកឡើងដដែលៗថា
រូបមន្តជ្រើសតាំងសមាសភាព គ.ជ.ប របស់បក្សប្រឆាំង
នឹងធ្វើឲ្យនយោបាយជាប់គាំងហើយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ចំណែកឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ថ្លែងប្រតិកម្មថា រូបមន្ត ២ ភាគ ៣
នេះមិនធ្វើឲ្យនយោបាយជាប់គាំងនោះឡើយ
បើសិនណាគណបក្សទាំងពីរត្រូវរ៉ូវគ្នានោះ។
ក៏ប៉ុន្តែអ្នកឃ្លាំមើលបញ្ហានយោបាយយល់ថា
បក្សទាំងពីរមានមហិច្ឆតាចង់ចែកអំណាចគ្នានៅក្នុងស្ថាប័នរៀបចំការ
បោះឆ្នោត។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិ
មនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា
រូបមន្តជ្រើសតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គ្រាន់តែជាវិធីដែលបក្សនយោបាយទាំងពីរចង់មានឥទ្ធិពលលើស្ថាប័នមួយ
នេះប៉ុណ្ណោះ។ លោកបន្តថា បញ្ហាសំខាន់នៅពេលនេះ
គឺការកែទម្រង់ឲ្យស្ថាប័ន គ.ជ.ប ទទួលការទុកចិត្តពីសាធារណជនទូទៅ
ដែលគ្រប់គណបក្សនយោបាយអាចជឿជាក់ថា ពួកគេអាចនឹងទទួលបានយុត្តិធម៌
បើសិនជាពួកគេចូលរួមក្នុងយុទ្ធនាការបោះឆ្នោត។ លោកបន្ថែមថា
សមាជិកអចិន្ត្រៃយ៍នៃ គ.ជ.ប មិនត្រូវនៅក្រោមឥទ្ធិពលនយោបាយទេ។
លោក អ៊ូ វីរៈ៖ «បើសិន ៥ ហើយនិង ៤ហ្នឹង
មិនមែនសង្គ្រោះជាតិគ្រប់គ្រង គ.ជ.ប ទេ គឺបក្សប្រជាជន។
ហើយនេះវាផ្ទុយទាំងស្រុងពីគោលការណ៍សេរីពហុបក្ស។ បានន័យថា
បក្សទាំងពីរហាក់ដូចជាលំអៀងទាំងស្រុងទៅរកបក្សធំៗ។
នយោបាយផ្ដាច់មុខនេះវាមិនផ្ដល់ជម្រើសឲ្យពលរដ្ឋនោះទេ
វាដូចជាការរកស៊ីធ្វើនយោបាយផ្ដាច់មុខអ៊ីចឹង។
ខ្ញុំចង់ឃើញការបើកចំហនយោបាយឲ្យគណបក្សទាំងអស់មានសិទ្ធិដូចៗ
គ្នា»។
សង្គមស៊ីវិលរកឃើញថា
បញ្ហាមួយចំនួនដែលកម្ពុជា
ត្រូវកែទម្រង់ជាបន្ទាន់ដើម្បីមានការបោះឆ្នោតដោយសេរីនិង
យុត្តិធម៌។ បញ្ហាទាំងនោះមានដូចជា ការចុះឈ្មោះបោះឆ្នោត
និងបញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ
យន្តការដោះស្រាយវិវាទនៃការបោះឆ្នោត
និងការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ។
កាលពីដើមឆ្នាំ២០១៣ សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា
បង្ហាញថា អ្នកបោះឆ្នោតជាង
១លាននាក់បានបាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ប៉ុន្តែ គ.ជ.ប
បដិសេធ។ លុះដល់ថ្ងៃបោះឆ្នោត
ក៏កើតមានអំពើហិង្សាមួយក្តៅគគុកនៅគល់ស្ពានស្ទឹងមានជ័យ
ទាក់ទងនឹងការរកឈ្មោះបោះឆ្នោតមិនឃើញនោះទៀតផង។
ម្យ៉ាងទៀត
គណបក្សកាន់អំណាចបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយភាគច្រើនលើសលប់។
នៅមុនការបោះឆ្នោតជាតិ រាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន
ថែមទាំងប្រកាសបិទមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តនូវកម្មវិធី
វិទ្យុបរទេសផ្សាយជាភាសាខ្មែរទៀតផង។
បម្រាមនោះត្រូវបានលុបចោលទៅវិញនៅពេលដែលមានការរិះគន់ខ្លាំងៗ
ពីសង្គមស៊ីវិល។
មិនតែប៉ុណ្ណោះ
គណបក្សកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់
នោះទៅឃោសនាដោយផ្ទាល់និងប្រយោលទៀតផង។
ទង្វើនេះផ្ទុយនឹងគណបក្សផ្សេងៗទៀត
ដែលមានលទ្ធភាពតិចតួចក្នុងការឃោសនាបោះឆ្នោត។
បក្សខ្លះមានលុយជួលម៉ោងវិទ្យុនិងទូរទស្សន៍ដើម្បីឃោសនាពី
គោលនយោបាយរបស់ខ្លួន
ប៉ុន្តែវិទ្យុនិងទូរទស្សន៍នោះត្រូវបានហាមជាសម្ងាត់មិនឲ្យលក់
ម៉ោងឲ្យអ្នកផ្សេងក្រៅពីបក្សកាន់អំណាចឡើយ។
ចំណែកឯច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់
គណបក្សនយោបាយវិញ នៅកម្ពុជាមិនទាន់មានឡើយ។
ដោយសារមិនទាន់មានច្បាប់នេះហើយ
ទើបគណបក្សកាន់អំណាចដែលមានធនធានច្រើនជាងគេស្រាប់នោះ
អាចចំណាយច្រើនលើសលប់ជាងគេក្នុងដំណើររៀបចំឃោសនាបោះឆ្នោត។
អង្គការខុមហ្វ្រែល (Comfrel) រកឃើញថា បក្សប្រជាជនកម្ពុជា
ចំណាយច្រើនជាងគេក្នុងការឃោសនាបោះឆ្នោតនៅពេលកន្លងទៅ។
ទាក់ទងនឹងបញ្ហានេះ
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិង
ត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (NECFIC) លោក ហង្ស
ពុទ្ធា លើកឡើងថា
បើសិនជាបក្សទាំងពីរនៅតែព្យាយាមបញ្ចូលសមាជិករបស់ខ្លួននៅក្នុង
ស្ថាប័នរៀបចំការបោះឆ្នោត
នោះពលរដ្ឋនឹងនៅតែមិនមានទំនុកចិត្តលើស្ថាប័ននេះដដែល។
លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសព្វថ្ងៃ
ជាបុគ្គលនៅក្រៅគណបក្សនយោបាយ ប៉ុន្តែពលរដ្ឋកម្ពុជា
ភាគច្រើនមិនទុកចិត្តលើរបៀបធ្វើការរបស់ពួកគាត់ដែលលំអៀងទៅរក
គណបក្សកាន់អំណាច។
លោកបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺរបៀបធ្វើការរបស់ គ.ជ.ប៖ «ជាសំណើរបស់សង្គមស៊ីវិល យើងចង់ឲ្យរៀបចំស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ មិនឲ្យក្រោមឥទ្ធិពលនយោបាយ»។
លោកបន្តថា ចំពោះយន្តការនៃការដោះស្រាយវិវាទ បន្ទាប់ពីការបោះឆ្នោតក៏ជាបញ្ហាដែលត្រូវកែទម្រង់នោះដែរ។
តាមច្បាប់បោះឆ្នោត
គណបក្សនយោបាយអាចប្ដឹងផ្ដល់ពីភាពមិនភាពប្រក្រតីនៃដំណើរការបោះ
ឆ្នោតទៅស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហើយបើភាគីណាមួយមិនសុខចិត្តអាចប្តឹងបន្តទៅក្រុមប្រឹក្សា
ធម្មនុញ្ញ។
កាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិ
នៅខេត្តក្រចេះ បានប្ដឹងសុំបើកមើលកញ្ចប់សុវត្ថិភាព “ក” ចំនួន
១៣កញ្ចប់ នៅឃុំស្វាយជ្រះ ស្រុកស្នួល។
កញ្ចប់សុវត្ថិភាពភាគច្រើនជាកញ្ចប់ចំហមាត់។
បញ្ហានេះជាការទទួលខុសត្រូវរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត។
ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញដែលដឹកនាំដោយសមាជិកអចិន្ត្រៃយ៍របស់
បក្សកាន់អំណាច លោក ឯក សំអុល
បែរជាប្រើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្លួនឯងជាអ្នក
ស៊ើបអង្កេតទៅវិញ។
ក្រុមប្រឹក្សាធម្មនុញ្ញមិនបានសួរមន្ត្រីការិយាល័យបោះឆ្នោតឃុំ
ស្វាយជ្រះ មួយម៉ាត់ឡើយ តែស្ថាប័នកំពូលមួយនេះ
ក៏ជឿលើរបាយការណ៍ស៊ើបអង្កេតរបស់ គ.ជ.ប មួយសន្លឹកដែលរកឃើញថា
មន្ត្រីថ្នាក់ក្រោមជាអ្នកប្រព្រឹត្តកំហុស
ហើយសម្រេចឲ្យដាក់ទោសតាមច្បាប់ទៀតផង។ ដើម្បីបញ្ចប់បញ្ហា គ.ជ.ប
ប្រកាសប្រាប់មន្ត្រីថ្នាក់ក្រោមថាឲ្យស្ងប់ស្ងាត់ ព្រោះ គ.ជ.ប
មិនដាក់ទោសទណ្ឌអ្វីឡើយ។
ទោះជាយ៉ាងណាក្តី វិទ្យុអាស៊ីសេរី
បានរកឃើញថា
មន្ត្រីថ្នាក់ការិយាល័យរៀបចំការបោះឆ្នោតទាំងនោះមិនបិទកញ្ចប់
សុវត្ថិភាព “ក” ដោយសារពួកគេធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។
ទាក់ទងនឹងទំនាស់នយោបាយវិញ
គណបក្សសង្គ្រោះជាតិ
បានបង្រួមការតវ៉ាតាំងពីមិនសុខចិត្តចំពោះលទ្ធផលបោះឆ្នោត
ហើយចោទថា គ.ជ.ប
ជួយបន្លំសន្លឹកឆ្នោតឲ្យបក្សកាន់អំណាចមកនៅត្រឹមទាមទាររៀបចំ
សមាសភាព គ.ជ.ប។ សង្គមស៊ីវិលរកឃើញថា ក្រៅពីមានឥទ្ធិពល គ.ជ.ប
គណបក្សកាន់អំណាចបានលូកដៃចូលទៅក្នុងតុលាការរដ្ឋសភា
និងស្ថាប័នមួយចំនួនទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី