សងសឹកគុំនំចាស់ បើករថយន្តមកបាញ់គេ ត្រូវគេចាប់កាំភ្លើងបាន វាយបែកមុខ
ក្រោយពេលកើតហេតុមានភាគីម្ខាង បានទៅវាយកំទេចរថយន្តពីគ្រឿងទៀត ដែលចតនៅខាងមុខផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១:៣០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា (ក្បែរហាងកាហ្វេដាលីងដាលីង)។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានភាគីម្ខាងមានគ្នា៥-៦នាក់ បានចូលមកអង្គុយហូបគុយទាវ បបរ នៅកន្លែងកើតហេតុ បានមួយសន្ទុះ ក៏មានភាគីម្ខាងទៀតបើករថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P.2919 មានគ្នា៣-៤ មកឈប់ ដោយមានបុរសម្នាក់ពាក់អាវខ្មៅ បានដកកាំភ្លើងខ្លីមកបាញ់គំរាមចំនួន២គ្រាប់ តែមិនមានអ្នករងរបួសនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើល។
ភ្លាមៗនោះ ភាគីដែលមកអង្គុយហូបគុយទាវ បបរ បាននាំគ្នារត់ទៅដេញចាប់បុរសដែលមានកាំភ្លើង ដណ្តើមបានកាំភ្លើង រួចនាំគ្នាវាយទៅលើជនបង្កវិញ បណ្តាលឲ្យបែកមុខបែកមាត់ហូរឈាមស្រោយខ្លួន ត្រូវបានគេដឹកតាមរថយន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច។ នៅកន្លែងកើតហេតុកំលាំងកងរាជអាវុធហត្ថខណ្ឌ៧មករាបានរកឃើញសំបក គ្រាប់កាំភ្លើងពីរគ្រាប់ នៅកន្លែងកើតហេតុ និងដកហូតកាំភ្លើងខ្លីមួយដើមពីជនបង្ក។ ក្រោយពេលកើតហេតុភាគីខាងម៉ូតូ បានហៅបក្ខពួកមកបន្ថែមទៀត ទៅវាយកំទេចរថយន្តពីរគ្រឿង គឺមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡេនឌើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X.7626 និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរី ពាក់ស្លាកលេខ ភ្នំពេញ2O.3525 ដែលចតនៅខាងមុខផ្ទះ លក់កង់ ម៉ូតូ រថយន្តប្រើអាគុយក្មេងលេង យីហោពេញចិត្ត ។
បើកតាមសម្តីបុរសម្នាក់ជាអ្នកប៉ះកង់ម៉ូតូដែលដេកនៅក្បែរនោះ បានឲ្យដឹងថា គាត់បានឃើញមនុស្ស៥-៦នាក់បើកម៉ូតូ៣គ្រឿង និងមានរថយន្តមួយគ្រឿងបានមកឈប់នៅកន្លែងនេះ (កន្លែងវាយរថយន្ត) ដោយយកកាំភ្លើងវាយកញ្ចក់ខាងក្រោយរថយន្តហាយឡេនឌើ រួចហើយក៏ទៅលើកជើងឆ័ត្រមកវាយបំបែកកញ្ចក់រថយន្តតូយ៉ូតាកាមរីទៀត ទើបនាំគ្នាបើករថយន្ត និងម៉ូតូគេចខ្លួនបាត់ស្រមោលអស់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីទំនាស់គ្នានេះអាចជាមនុស្សស្គាល់គ្នា ហើយធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក បានជាវាយគ្នាហើយ ទៅវាយកំទេចរថយន្តពីរគ្រឿងទៀតដែលចតនៅខាងមុខផ្ទះទៀតនោះ។ រថយន្តទាំងពីរគ្រឿង ត្រូវបានកំលាំងកងរាជអាវុធហត្ថយកទៅរក្សាទុក
នៅទីបញ្ជាការខណ្ឌ៧មករារង់ចាំស្រាវជ្រាវបន្ត៕L
រូបបុរសពាក់អាវខ្មៅដៃខ្លីមានឈាមហូតពេញមុខជាអ្នក់កាន់កាំភ្លើងមកបាញ់គេ
ទិដ្ឋភាពរួមនៅកន្លែងកើតហេតុ
ស្នាមគ្រាប់កាំភ្លើងបាញ់ភ្ជុជថ្នល់នៅកន្លែងកើតហេតុ
រថយន្តទាំងពីរគ្រឿងឈប់នៅមុខផ្ទះដែលភាគីម្ខាងទៀតវាយកំទេច
ប្រភពពី CEN