បាញ់ប្រហារ​មន្ដ្រី ធ្វើការ​នៅ​ស្ថានទូត​អូស្ដ្រាលី ៣គ្រាប់ នៅជិត​វត្ត​ដំបូក​ខ្ពស់

7/17/2014 0 Comments A+ a-

(ភ្នំពេញ)៖ បុរសជាមន្ដ្រី ធ្វើការនៅស្ថានទូតអូស្ដ្រាលីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ៣គ្រាប់ ខណៈកំពុងជិះរថយន្ដ បណ្ដាលឲ្យរងរបួស ចំកញ្ចឹងកយ៉ាងធ្ងន់ នាម៉ោង ៦៖១៥នាទី មុខវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមសេចក្ដីរាយការណ៍ ភ្លាមៗបានឲ្យដឹងថា បុរសដែលរងការបាញ់ប្រហារ យ៉ាងសាហាវនេះឈ្មោះ ហ៊ាន វុទ្ធី អាយុ ៥៩ឆ្នាំ ជិះរថយន្ដម៉ាក ហាយប្រីដ ពាក់ស្លាកលេខ 2Y-6664 ពណ៌ខ្មៅ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាម។
ជុំវិញអំពើឃាតកម្ម បាញ់ប៉ងសម្លាប់មន្ត្រីសា្ថនទូតអូស្រ្តាលីខាងលើនេះ មេបញ្ជាការអាវុធហត្ថ ខណ្ឌមានជ័យ លោក គិត សុផល បានថ្លែងឲ្យដឹងថា មូលហេតុពិតប្រាកដនោះ មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការ ស្រាវជ្រាវ ស៊ើបអង្កេត ជាមុនសិន ប៉ុន្តែលោកសន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនជាសកម្មភាព ប្លន់នោះឡើយ។
លោក គិត សុផល បានបន្តទៀតថា ខ្មាន់កាំភ្លើងបាញ់សំដៅទៅជនរងគ្រោះ ចំនួន៣គ្រាប់ ក្នុងគោលបំណង សម្លាប់ចោលតែម្តង ដូច្នេះវាអាចជាករណីគំនុំ ប៉ុន្តែមិនដឹងថា ជារឿងគំនុំ ផ្តើមចេញពីមូលហេតុអ្វីឲ្យ ពិតប្រាកដនៅឡើយទេ ។
យ៉ាងណាក៏ដោយមេបញ្ជាការអាវុធហត្ថរូបនេះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយកម្លាំងនគរបាលបាននឹងកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕