កម្លាំងកម្ពុជា-ថៃបារម្ភថា រឿងចំណុច “ដីខ្មែរស្រែថៃ” នឹងមិនស្ងប់ បើពលរដ្ឋថៃ ចេះតែចចេសមក ចង់ធ្វើស្រែជាថ្មីនោះ
នេះបើយោងមន្ត្រីអាជ្ញាធរដែនដី និងកងកម្លាំងកម្ពុជា នៅខេត្តបន្ទាយមានជ័យ និយាយក្នុងប្រជុំមួយ នៅថ្ងៃទី២៩កក្កដានាសាលាខេត្ត។
ហេតុនេះ មានតែភាគីថៃបន្តព្យាយាមពន្យល់ពលរដ្ឋ ដែលជាកសិកររបស់ខ្លួន អោយយល់ច្បាស់ និងកុំបំពានទៀត។ ពុំនោះទេ ការពូតផ្តុំ ឬការបកស្រាយខុស អាចនាំអោយប្រទេសទាំងពីរប្រឈមមុខ ឬឈានដល់តានតឹង ប៉ះទង្គិចគ្នាបាន។
គួររំលឹកថា ចំណុចនោះ ទាំងភាគីថៃនិងកម្ពុជា ទទួលស្គាល់ថា ជាបូរណភាពទីកដីកម្ពុជា ហើយគិតពីខ្សែបន្ទាត់ព្រំដែនពិតប្រាកដ ទឹកដីកម្ពុជាហួសទៅខាងលិចបង្គោលព្រំដែននេះ ជាង ១ គីឡូម៉ែត្រទៀត គឺនៅខាងលិចប្រាសាទស្តុកកក់ធំ ភូមិស្តុកកក់ធំឃុំណូនម៉ាក់មុន ស្រុកគោកធ្យូងឯណោះ។ តែដីចំណុចនោះ ពលរដ្ឋថៃ ធ្លាប់លួចចូលមកធ្វើស្រែអំឡុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ចុងទសវត្សរ៍ទី៧០ ដល់ដើម៩០។ លុះដល់ឆ្នាំ២០១១ ភាគីថៃយល់ព្រម ផ្អាកមិនអោយពលរដ្ឋខ្លួនមកធ្វើស្រែនៅទីនោះទៀត ដោយទុកអោយនៅទំនេរ ភាគីណាក៏ប៉ះពាល់មិនបានលើកលែងការកសាងផ្លូវតភ្ជាប់គម្រោង ច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុន។
“ដីខ្មែរស្រែថៃ” ក្បែរបង្គោលព្រំដែនលេខ៤៣នោះ មានទំហំ ២៦៦ ហិចតា។ កន្លងមកពលរដ្ឋថៃ ជាង ៣០ គ្រួសារ បានលួចធ្វើស្រែនោះ៕