កម្លាំង នគរបាល ខេត្តកំពង់ចាម ឃាត់ខ្លួន ជនសង្ស័យ៣នាក់ អាចជាប់ពាក់ព័ន្ធ ការសម្លាប់ មេប៉ុស្តិ៍ ឃុំស្វាយពោធិ៍

7/15/2014 0 Comments A+ a-


find killer
កំពង់ចាម ៖ ក្រោយពីមានការ ស្រាវជ្រាវ និងតាមដាន យ៉ាងយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន អស់ជាច្រើនថ្ងៃមកនោះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន ស្រុកស្រីសន្ធរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ជនសង្ស័យ ចំនួន៣នាក់ ដែលអាចសង្ស័យ ជាប់ពាក់ព័ន្ធ និងការសម្លាប់ នាយនគរបាលប៉ុស្តិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ។
យ៉ាងណាក៏ដោយ ជនសង្ស័យទាំង៣នាក់ ស្ថិតក្រោមការសួរនាំបន្តទៀត ពីសំណាក់ មន្រ្តីនគរបាល ជំនាញ ថាតើពួកគេ ពិតជាជាប់ព័ន្ធ និងសកម្មភាពនេះឫមួយយ៉ាងណានោះខណៈជនសង្ស័យទាំងនេះមិនទាន់សារភាពនៅឡើយ ។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ នគរបាល ខេត្តកំពង់ចាម បានថ្លែងថា កម្លាំងនគរបាល ដឹកនាំដោយលោកស្នងការ បែន រ័ត្ន បានធ្វើការស្រាវជ្រាវ រហូតទៅដល់ចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ប៉ុន្តែជនសង្ស័យទាំងនេះ មិនទាន់សារភាព នៅឡើយទេ ដូច្នេះកម្លាំងនគរបាល កំពុងតែសាកសួរបន្តទៀត និងស្វែងរកភ័ស្តុតាង មួយចំនួន ដើម្បីដាក់បន្ទុកទៅលើពួកគេ ។
មន្រ្តីនគរបាល បានបន្តទៀតថា រយះពេល៤ថ្ងៃ មុនពេលបាត់ ជនរងគ្រោះ ដែលជានាយនគរបាល ប៉ុស្តិ៍ស្វាយពោធិ៍ បានចុះទៅចាប់ ក្រុមឆក់ត្រីទាំងនេះ រហូតដល់រត់ចោលអាគុយ និងសម្ភារះ លុះក្រោយមក ក៏ស្រាប់តែបាត់ខ្លួនជនរងគ្រោះតែម្តង។
សូមបញ្ជាក់ថា សពនាយនគរបាល ប៉ុស្ដិ៍ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។
គួររំលឹកថា អំពើឃាតកម្ម ទៅលើនាយ នគរបាលប៉ុស្ដិ៍រូបនេះ បានកើតឡើងក្រោយ ពីកម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ដែលស្ថិតនៅប៉ែក ម្ខាងនៃបឹងក្រចាប់ បានបើកប្រតិបត្ដិការ បង្ក្រាប និងដេញចាប់ខ្លួន ក្រុមជនល្មើសដែល លួចឆក់ត្រី ដោយខុសច្បាប់ ប៉ុន្ដែនៅពេល ក្រុមចោរឆក់ត្រីទាំងនោះរត់ពីការតាមចាប់ របស់កម្លាំងសមត្ថកិច្ចខេត្ដកណ្ដាល ក៏ទៅពើប និងលោកមេប៉ុស្ដិ៍ដែលកំពុងចុះទៅមើល សកម្មភាពនេះ ក៏ត្រូវប៉ះទង្គិចគ្នាបណ្ដាលឱ្យ ស្លាប់តែម្ដង។
ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ ត្រី បែន រត្ន័ កាល ពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ បានដឹកនាំមន្ដ្រី នគរបាលជាង៦០រូប ក្នុងនោះ ថ្នាក់ស្នងការរង ៣រូប ទៅចូលរួមគោរព វិញ្ញណក្ខន្ធ និងនាំយកថវិកាឧបត្ថម្ភ ២១លាន ១០ម៉ឺនរៀល ជូនក្រុមគ្រួសារ សពនាយ នគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបានស្លាប់ និងរកឃើញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤។ នៅក្នុងពិធីគោរព វិញ្ញាណក្ខន្ធ និងចូលរួម បុណ្យសព នាយនគរបាលប៉ុស្ដិ៍រូប នេះ លោកស្នងការ ខេត្ដកំពង់ចាម ក៏បានធ្វើ ពិធីបំពាក់ស័ក្ដិ ជាកិច្ចបច្ឆាមរណៈ ដោយដំឡើង ស័ក្ដិពីអនុសេនីយ៍ទោ ទៅជា អនុសេនីយ៍ឯក (ស័ក្ដិ២ឡើងស័ក្ដិ៣) ។
មន្ដ្រីនគរបាល ខេត្ដកំពង់ចាម បានថ្លែងថា ថវិកាទាំង២១លាន១០ម៉ឺនរៀល ដែលត្រូវស្នងការ នគរបាល ខេត្ដកំពង់ចាម យកទៅប្រគល់ជូន សាច់ញាតិ និងក្រុមគ្រួសារសព លោក ចាន់ សុផល នោះ បានមកពីការ ឧបត្ថម្ភ រួមមាន នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ឧបត្ថម្ភ ៤លានរៀល លោក លន់ លឹមថៃ អភិបាល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៤លានរៀល ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ ឧបត្ថម្ភ ៤លានរៀល សមាគមមិត្ដប៉ូលិស ឧបត្ថម្ភ ៤លានរៀល អធិការនគរបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ ៣លានរៀល អភិបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ១លានរៀល ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ដកំពង់ចាម ឧបត្ថម្ភ ៤០ម៉ឺនរៀល នាយខណ្ឌរដ្ឋបាលជល ផល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៥០ម៉ឺនរៀល និងមេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ចាម ឧបត្ថម្ភ ២០ម៉ឺនរៀល ។
ជាការលើកទឹកចិត្ដ ដល់ក្រុមគ្រួសារ និង ដើម្បីសងគុណដល់ កិច្ចការងារ និងខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ ក្នុងនាមជាមន្ដ្រី នគរបាលមួយ រូបនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានយល់ព្រមអនុញ្ញាត ឱ្យកូនប្រុសរបស់ លោក ចាន់ សុផល ចូលបម្រើការ ជាមន្ដ្រីនគរបាលផងដែរ ។
ដោយឡែក នៅក្នុងពិធីចូលរួម បុណ្យសព លោក ចាន់ សុផល នេះផងដែរ ស្នងការ នគរបាលខេត្ដកំពង់ចាម ក៏បានប្រគល់ថវិកា ចំនួន១លានរៀល ជូនដល់ លោក ធឿន ថន អាយុ៣៣ឆ្នាំ ដែលបានប្រទះឃើញ សព លោក ចាន់ សុផល មុនគេ ដូចទៅ នឹងអ្វីដែលលោកស្នងការ បានសន្យា ពេលដែលមិន ទាន់រកឃើញនោះ៕
ស្នងការនគរបាល ខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញានក្ខន្ធ សពលោក ចាន់ សុផល
លោកស្នងការខេត្ត បែន រ័ត្ន ប្រគល់ថវិកា ចំនួន២១លាន និង១០ម៉ឺនរៀល ដល់ភរិយាលសព លោក ចាន់ សុផល
លោកស្នងការ ប្រគល់ថវិកាចំនួន ១លានរៀល ជូនលោក ធឿន ថន ដែលប្រទះឃើញសពលោក ចាន់ សុផលមុនគេ
ស្នងការនគរបាល ខេត្តកំពង់ចាម ដឹកនាំ កម្លាំងនគរបាល និងប្រជាពលរដ្ឋ ស្វែងរកលោកមេប៉ុស្តិ៍
______________
ផ្តល់សិទ្ទិដោយ៖dap-news.com