គិត​ម៉េច​បើ​នារី​​ខ្មែរ​អាច​​​ជិះ​ ម៉ូតូ​ធំ​​ម៉ា​អេម​មិន​ចាញ់​បុរស?

7/04/2014 0 Comments A+ a-

វា​ប្រហែល​ជា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​ឃើញ​បុរស​ជិះ​ម៉ូតូ​ធំ​នៅ​តាម​ដង​ផ្លូវ។ ចុះ​បើ​ឃើញ​នារីៗ​ជិះ​ម៉ូតូ​ធំ​វិញ​ គិត​យ៉ាង​ណា​ដែរ?
កំពុង ​តែ​អង្គុយ​លេង យុវជន​ យ៉ាន​ កុម្ភៈ អាយុ​២៤​ឆ្នាំ បាន​បញ្ចេញ​មតិ​ថា តាម​បរិបទ​ខ្មែរ​គេ​ប្រាកដ​ជា​ម៉ៃ​ថា នារី​នោះ​ជា​នារី​មិន​ល្អ ឬ​​អាច​ហៅ​ថា​ជា​ស្រី​ទំនើង។
“គ្រាន់​តែ​មនុស្ស​ប្រុស​ជិះ​ផង​ គេ​នៅ​វាយ​តម្លៃ​ចេះ​ចុះ​ ចុះ​ទម្រាំ​នារី​វិញ​សាក​គិត​មើល​ថា​វា​យ៉ាង​ម៉េច​វិញ​?”។ កុម្ភៈ​បញ្ជាក់​បន្ថែម។
​​​​ចំណែក​ឯ បុរស​មាឌ​តូច​តែ​ខ្ពស់ ជា​អ្នក​បញ្ចូល​ទិន្នន័យ​នៅ​ក្រុម​ហ៊ុន BSK លោក​ជួន ឌឿន ប្រាប់​ថា បើ​គិត​លើ​ប្រពៃណី​មើល​ទៅ​មិន​ល្អ​ទេ តែង​បើ​យោង​តាម​ការវិវឌ្ឍន៍​នៃ​សង្គម គេ​ថា​មនុស្ស​ទាន់​សម័យ។ ឌឿន​ថា សម័យ​នេះ​គេ​លែង​សូវ​គិត​ទៀត​ហើយ មិន​ថា​បុរស​ឬ​នារី​ឲ្យ​តែ​មាន​សមត្ថភាព​គឺ​អាច​ធ្វើ​អ្វី​មួយ​បាន​ដូច​ គ្នា។
បន្ថែម​ពី​នេះ យុវជន​រូប​នេះ​ក៏​សរសើរ​នារី​មួយ​ចំនួន​ ដែល​មាន​សមត្ថភាព​អាច​បើកបរ​ម៉ូតូ​ធំ​បាន ដោយសារ​តែ​គិត​ថា​អ្នក​បើកបរ​ម៉ូតូ​ធំ ទាល់​តែ​អ្នក​នោះ​មាន​រាងកាយ​មាំមួន​និង​ស្មារតី​រឹងប៉ឹង។
សូម​បន្ត​អាន៖ ឥទ្ធិពល​ស្រី​ស្អាត។
សូម​បន្ត​អាន៖ សិល្បៈ​ចែក​រំលែក​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ផ្នត់​គំនិត​ពលរដ្ឋ​កម្ពុជា។
ងាក ​មក កញ្ញា សាន ផល្លីការ វិញ ហាក់​មិន​ពេញចិត្ត​នៅ​ពេល​ឃើញ​នារី​ខ្មែរ​មួយ​ចំនួន ជិះ​ម៉ូតូ​ធំ​ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន​ឯង ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​នោះ​ដែរ។
និស្សិត​ដែល​សិក្សា​ផ្នែក​ធនាគារ​រូប​នេះ​​ថា៖​” មិន​សម​ភ្នែក​ទាល់​តែ​សោះ ខ្លួន​ជា​ស្រី​តែ​បើកបរ​ម៉ូតូ​ដូច​ប្រុស​នោះ​”។
កញ្ញា ​បន្ត​ថា៖ “បើ​មើល​ទៅ នារី​ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​អស់​ហ្នឹង​ច្រើន​តែ​ចរិត​ដូច​ប្រុស ឃើញ​ភាគ​ច្រើន​តែង​ស្លៀក​ពាក់​ទំនើប​ដូច​បរទេស តែ​មើល​ទៅ​​អត់​​ទំនង​ទាល់​តែ​សោះ វា​មិន​ស៊ី​គ្នា​ជាមួយ​ប្រពៃណី​ខ្មែរ​ឡើយ​គេ​ថា​ជា​ស្រី​ជើង​កាង​ទៅ​វិញ​ទេ​ បើ​តាម​ខ្ញុំ​គិត”។
មិន​អីចឹង​ទេ ស្រី​ៗ​ដែល​ជិះ​ម៉ូតូ​ធំ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ និង​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​។ នេះ​បើ​តាម​សំដី​ យុវតី សុខា និរតី សិស្ស​វិទ្យាល័យ​ព្រះ​សី​ហ​នុ ថ្នាក់ទី១១ ។
សុខា ថា បើ​គិត​ពី​យែន​ឌ័រ​ នារី​គួរ​តែ​ទទួល​ការ​ស្ងើច​សរសើរ​ដែល​ពួកគេ​អាច​មាន​សមត្ថភាព​អាច​ធ្វើ​ អ្វី​មួយ​ដែល​អ្នក​ផង​ទាំង​ពួង​ធ្លាប់​មើល​ស្រាល និង​មិន​ឲ្យ​តម្លៃ។
“មិន ​ចម្លែក​អី​ផង​ ព្រោះ​នៅ​បរទេស​ទាំង​ស្រី​ទាំង​ប្រុស​គេ​និយម​សឹង​អី​ម៉ូតូ​ធំ​ៗ​ចឹង​ ។ ​បើ​និយាយ​ពី​នៅ​ស្រុក​កំណើត​ខ្ញុំ​វិញ​ក្នុង​ក្រុង​សួង​ មាន​មនុស្ស​ស្រី​ជិះ​ម៉ូតូ​ធំ​ច្រើន​ណាស់ ហើយ​អត់​មាន​អ្នក​ណា​បង្អាប់​ឲ្យ​ទេ”។
ចុះ​អ្នក​វិញ​ យល់​យ៉ាង​ណា​ដែរ​ ?

អត្ថបទ៖ លឹម សុនា​​​