លោក ហ៊ុន សែន គំរាមប្រើច្បាប់បោះឆ្នោតចាស់ បើបក្សប្រឆាំងមិនចូលសភា
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា
បើសិនជារដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន មិនធ្វើកំណែទម្រង់ គ.ជ.ប ទេ
ហើយប្រើច្បាប់បោះឆ្នោតចាស់ដដែលនោះ កម្ពុជា នឹងក្លាយជាប្រទេសឯកោ
ដែលអន្តរជាតិនឹងមិនទទួលស្គាល់ទេ។
មន្ត្រីឃ្លាំមើលការបោះឆ្នោត
ចាត់ទុកសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាលើកទីពីរ
គំរាមប្រើច្បាប់បោះឆ្នោតចាស់ដែលមានជាធរមាន
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នោះ
ថាជាយុទ្ធសាស្ត្រចរចារបស់គណបក្សប្រជាជនកម្ពុជា។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ
និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា
ហៅកាត់ថា និកហ្វិច (Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា
គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រក្នុងការចរចាផង
និងចង់ដើរលើគន្លងចាស់ផង ដែលខ្លួនចង់ធ្វើអ្វីក៏បាន
ឲ្យតែមានឱកាស គឺផ្ទុយពីប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
លោកសង្កត់ធ្ងន់ថា បើសិនជារដ្ឋាភិបាលសម្រេចដូច្នេះមែន
រដ្ឋាភិបាលនឹងប្រឈមការលំបាកក្នុងការប្រើច្បាប់បោះឆ្នោតចាស់
ដែលមានជាធរមានក្នុងការរៀបចំការបោះឆ្នោតពេលខាងមុខទៀតដែរ៖
«សំឡេង»។
នៅក្នុងពិធីប្រកាសជាផ្លូវការ
ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនពិការ ២០១៤-២០១៨
នៅថ្ងៃទី៣ កក្កដា នេះ លោក ហ៊ុន សែន ប្រកាសជាថ្មីម្ដងទៀតថា
បើសិនជាគ្មានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីទេ
លោកនឹងអនុវត្តច្បាប់បោះឆ្នោតចាស់ ដែលចែងថា រៀងរាល់
៥ឆ្នាំម្ដងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី៤
ត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ «សំឡេង»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម
សុខា មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន នេះ
ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា
មិនចង់ធ្វើកំណែទម្រង់ការបោះឆ្នោតទេ។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា
គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យមានការកែទម្រង់ គ.ជ.ប ដដែល
បើពុំនោះទេ គណបក្សសង្គ្រោះជាតិ នឹងសម្រេចថា
តើត្រូវធ្វើបាតុកម្មទៀត ឬយ៉ាងណា
នៅក្នុងមហាសន្និបាតគណបក្សពេលខាងមុខ៖ «សំឡេង»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
ពន្យល់ថា កម្ពុជា នៅកាលៈទេសៈជាប់គាំងនយោបាយនេះ
ជាឱកាសមួយដើម្បីឲ្យគណបក្សជាប់ឆ្នោតទាំងពីរធ្វើកំណែទម្រង់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ លោកបញ្ជាក់ថា
នេះជាឱកាសល្អមួយក្នុងការកែទម្រង់ គ.ជ.ប ឲ្យទូលំទូលាយ
និងមានលក្ខណៈយូរអង្វែង ស្របតាមបទដ្ឋានអន្តរជាតិ
កុំឲ្យកើតមានបញ្ហាទៀត ក្រោយបោះឆ្នោតពេលខាងមុខ។ លោកបន្ថែមថា
ការកែទម្រង់ គ.ជ.ប នេះ ត្រូវមានគ្រប់ភាគីចូលរួម
និងមិនត្រូវតែដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញប៉ុណ្ណោះទេ
គឺត្រូវបង្កើតប្រព័ន្ធច្បាស់លាស់ថ្មីមួយ
នៃការចុះឈ្មោះអ្នកបោះឆ្នោត
ដែលជាកត្តាសំខាន់ក្នុងការអនុវត្តសិទ្ធិអ្នកបោះឆ្នោត។
មកទល់ពេលនេះ មន្ត្រីជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីបញ្ហាគ្មានឆន្ទៈចរចានេះ។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា
និងជាប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន
បានថ្លែងនៅក្នុងពិធីរំលឹកខួបគណបក្សប្រជាជនកម្ពុជា លើកទី៦៣ ថា
គណបក្សប្រជាជនកម្ពុជា នៅតែបើកចំហក្នុងការចរចា។ លោក ហេង សំរិន
អះអាងថា លោកចង់ឲ្យមានការបង្រួបបង្រួមជាតិ
តែខាងគណបក្សសង្គ្រោះជាតិ គ្មានឆន្ទៈក្នុងការចរចា៖ «សំឡេង»។
ការចរចារវាងគណបក្សទាំងពីរ
កាលពីថ្ងៃទី១២ មិថុនា កន្លងទៅមកទល់ពេលនេះ
គណបក្សទាំងពីរមិនទាន់បានកំណត់ពេលជួបគ្នាទៀតនៅឡើយ
គឺស្ថិតនៅទ្រឹងនៅឡើយ
ដែលតំណាងគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើការកែទម្រង់ គ.ជ.ប។
ខាងគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការជ្រើសរើសសមាជិក គ.ជ.ប
ដោយយករូបមន្តអនុម័តក្នុងសភាសំឡេង ២ភាគ៣។
ដោយឡែកខាងគណបក្សប្រជាជនកម្ពុជា
វិញចង់បានការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប នោះ
ដោយសំឡេង៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាត
នៃសមាជិកសភាទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា
ការជ្រើសតាំងសមាជិក គ.ជ.ប ដោយរូបមន្តអនុម័តសំឡេងក្នុងសភាសំឡេង
២ភាគ៣ នេះ គឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម
លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា
កំពុងប្រើយុទ្ធសាស្ត្រតាមរបៀបកុម្មុយនីស្តបន្តទៀត
ដោយលោកបញ្ជាក់ថា ការប្រើរូបមន្ត ២ភាគ៣
ជាការបំផ្លាញប្រជាធិបតេយ្យនោះ
គឺបំផ្លាញប្រជាធិបតេយ្យក្លែងក្លាយទៅជាប្រជាធិបតេយ្យពិតប្រាកដ។ លោក
កែម ឡី អះអាងថា គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រចរចានេះ
ដើម្បីតែរក្សាអំណាចរបស់ខ្លួនទេ
គណបក្សនេះគ្មានឆន្ទៈក្នុងកាកែទម្រង់ គ.ជ.ប
ប្រកបដោយឯករាជ្យនោះឡើយ៖ «សំឡេង»។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ពន្យល់ថា
ការអនុម័តច្បាប់ដោយយកសំឡេង ២ភាគ៣ នេះ
ជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ
មិនថាការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ទេ
គឺការអនុម័តច្បាប់ផ្សេងៗទៀត ត្រូវតែអនុវត្តដោយសំឡេង ២ភាគ៣
ទើបឆ្លុះបញ្ចាំងអំពីរបបប្រជាធិបតេយ្យសេរីពិតប្រាកដ។
អ្នកវិភាគលើកឡើងថា
បើសិនជារដ្ឋាភិបាលឯកបក្សនៅតែមិនព្រមរកដំណោះស្រាយនយោបាយរួមអត់
បានទេ ហើយនឹងធ្វើការបោះឆ្នោតឆ្នាំ២០១៨
ដោយអនុវត្តច្បាប់បោះឆ្នោតចាស់ ដែលមានជាធរមាននោះ
សហគមន៍អន្តរជាតិនឹងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា
ដោយទុកឲ្យកម្ពុជា ឯកោគ្មានផ្ដល់ជំនួយ និងទំនាក់ទំនងផ្សេងៗ ជាដើម៕
ប្រភពពី វិទ្យុអាស៊ីសេរី