សង្គមស៊ីវិលនិងតំណាង ពលរដ្ឋប្រាប់ពីបញ្ហាដីសម្បទាន ដល់អគ្គរដ្ឋទូតសហភាពអឺរ៉ុប
រតនគីរីៈ អង្គការ
សិទ្ធិមនុស្ស ៤ និងតំណាងពលរដ្ឋ ៥
នាក់បានជួបពិភាក្សាជាមួយនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងបានលើក
ឡើងពីបញ្ហាដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីនិងស្នើសុំ
អន្តរាគមន៍កុំឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី
រយៈពេល ៩៩ ឆ្នាំឲ្យក្រុមហ៊ុនឯកជន។
នៅក្នុងជំនួបមួយជាមួយនឹងលោក ហ្សង់
ហ្រ្វង់ស័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជាង ២
ម៉ោងកាលពីល្ងាចថ្ងៃពុធម្សិលមិញស្តីពីដីសម្បទានសេដ្ឋកិច្ចក្នុង
ខេត្តរតនគិរីនោះលោក ឆាយ ធី សកម្មសិទ្ធិមនុស្សអាដហុក
អង្គការខ្មែរលើទន្លេបី និង ICSO និងតំណាងពលរដ្ឋចំនួន ៥
នាក់បានស្នើសុំនិងអំពាវនាវទៅរដ្ឋាភិបាលតាមរយៈលោក
ហ្រ្វង់ស័រកូតាំង
កុំឲ្យគម្រោងផ្តល់ប្លង់កម្មសិទ្ធិជូនក្រុមហ៊ុនដីសម្បទាន
សេដ្ឋកិច្ចឲ្យសោះ។
លោក ឆាយ ធី
បានថ្លែងថា៖«តាមគោលការណ៍ដីសម្បទានសេដ្ឋកិច្ច
បើកាលណាក្រុមហ៊ុនបានបញ្ចប់ការដាំដុះ
និងកាត់ផលប៉ះពាល់ហើយនោះ
គេនឹងអាចទទួលបានប្លង់កម្មសិទ្ធិលើដីនោះរយៈពេល ៩៩ ឆ្នាំ»។
លោក ឆាយ ធី បានបន្តថា
ការផ្តល់កម្មសិទ្ធិនោះអាចឲ្យក្រុមហ៊ុនយកទៅដាក់បញ្ជាំបានលើសពី
នោះទៀតបើកាលណាមានប្លង់កម្មសិទ្ធិហើយក្រុមហ៊ុននឹងមិនកាត់ផល
ប៉ះពាល់ជូនពលរដ្ឋដែលរងគ្រោះទៀតនោះទេ។
លោក ឆាយ ធី បានថ្លែងដូច្នេះថា៖
«សហគមន៍ជនជាតិដើមភាគតិចខ្លះអត់មានដីសមូហភាពទេ។
ដោយសារការផ្តល់ឲ្យក្រុមហ៊ុននិងការទទួលយកដីជាលក្ខណៈឯកជនដែល
ធ្វើឲ្យបាត់បង់អត្តសញ្ញាណជនជាតិដើមនិងអត់ដីសម្រាប់កូនចៅ
ជំនាន់ក្រោយ »។
លោក ហ្សង់ ហ្រ្វង់ស័រកូតាំង
ក៍បានសាកសួរអង្គការអាដហុកជាច្រើនទាក់ទងទៅនឹងការបាត់បង់ធនធាន
ធម្មជាតិ ប្តឹងផ្តល់
និងជួយអន្តរាគមន៍ពលរដ្ឋដែលរងការប៉ះពាល់ការផ្តល់ដីសម្បទាន
សេដ្ឋកិច្ចកន្លងមកជាដើម។
លោក ឆាយ ធី
បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដូច្នេះថា៖«រហូតមកដល់ពេល
នេះគ្មានក្រុមហ៊ុនណាមួយបានដាំដុះពេញផ្ទៃដីដែលទទួលបាននោះទេ
គឺក្រុមហ៊ុនសំរុកតែកាប់ឈើក្នុងព្រៃស្រោងសិន»។
អង្គការអាដហុកក៍បានស្នើដល់លោកហ្រ្វង់ស័រកូតាំងធ្វើយ៉ាងណាសូម
ឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីជូនសហគមន៍ឲ្យបានលឿន។
លោក ហ្សង់ ហ្រ្វង់ស័រកូតាំង
បានមានប្រសាសន៍ប្រាប់ទៅអាដហុកនិងតំណាងពលរដ្ឋថា
លោកនឹងលើកយកកង្វល់ទាំងនោះទៅពិភាក្សាជាមួយនឹងអាជ្ញាធរដែលពាក់
ព័ន្ធ។
អង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលហាក់មាន
គំនិតផ្ទុយគ្នាលើការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។ ជាក់ស្តែងលោក
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា
ដីសម្បទានសេដ្ឋកិច្ចគឺជានយោបាយដ៍ត្រឹមត្រូវរបស់រដ្ឋាភិបាល។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«យើង
ត្រូវការសេដ្ឋកិច្ចក្នុងខេត្តរបស់យើង។
ដំណាំកសិឧស្សាហកម្មមានសក្តានុពលខ្ពស់។
អាចឹងយើងត្រូវជំនះធ្វើឲ្យបានព្រោះនេះគឺជាលុយចូលក្នុង
សេដ្ឋកិច្ចជាតិរបស់យើង។
ចំពោះអ្នកដែលមិនធ្វើខ្ញុំគ្មានអីក្រៅពីអនុវត្តច្បាប់នោះទេ»។
លោកបានបន្ថែមថា
ពេលដែលដំណាំកសិឧស្សាហកម្មទាំងនោះមានហុចផលល្អក្នុងចន្លោះពី
៥ទៅ
១០ឆ្នាំខាងមុខទៀតនោះពលរដ្ឋនឹងមានការងារធ្វើកាន់តែច្រើនហើយក៏
នឹងមានឧស្សាហកម្មកែច្នៃបន្ថែមទៀតផងដែរ។
លោកស្រី កែវ សាវឿន
អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ថា
រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេសនិង
ក្នុងស្រុកចំនួន ៣០ ក្នុងខេត្តរតនគិរីដែលមានផ្ទៃដីសរុប ចំនួន ១៣៥.
៥៦៥,៧៣ហិកតា។
ក្នុងនោះមានក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម
ចំនួន ១៨ មានផ្ទៃដីចំនួន ១០០. ៥៥២,៧៣ ហិកតា ដែលដាំកៅស៊ូបាន ២០២៨៣
ហិកតា។ ចំណែកឯ ១២
ក្រុមហ៊ុនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានផ្ទៃដី
៨២.៦៥៥ ហិកតាដែលដាំកៅស៊ូបាន២.៨៤០ ហិកតានិងដូងប្រេងបាន ៦.៤០០
ហិកតា។
ប្រភពពី ភ្នំពេញប៉ុស្តិ៍