មន្ត្រីកងរាជអាវុធហត្ថចោទ ប្រកាន់អភិបាលរងរាជធានីពីបទ មនុស្សឃាតដោយអចេតនា
លោក ជ្រាង សុផាន់
អភិបាលរងរាជធានីភ្នំពេញ ជាម្ចាស់សណ្ឋាគារកន្លែងដែលលោក ហម មុត
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានស្លាប់បន្ទាប់ពីធ្លាក់តាមប្រឡោះជណ្ដើរយន្តដែលមិនទាន់សាងសង់
រួចនោះ
កាលពីម្សិលមិញត្រូវបានកងរាជអាវុធហត្ថរាជធានីចោទប្រកាន់ពីបទ
មនុស្សឃាតដោយអចេតនា
ហើយបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានី។
លោក ហម មុត
អាយុ៣៩ឆ្នាំបានធ្លាក់ពីលើជាន់ទី៤ស្លាប់
បន្ទាប់ពីត្រឡប់មកពីដើរកម្សាន្តពេលយប់នៅប្រហែលម៉ោង៣រំលងអធ្រាត្រ
ទៅដល់សណ្ឋាគារ MidlandHotel ស្ថិតក្នុងសង្កាត់បឹងកក់១
ខណ្ឌទួលគោក។ លោកត្រូវបានប្រទះឃើញស្លាប់នៅបាតប្រឡោះជណ្ដើរយន្ត
បន្ទាប់ពីក្រុមគ្រួសាររបស់លោកដឹងថា លោកបានបាត់ពីបន្ទប់។
លោកវរសេនីយ៍ឯក ប៉ុល ដាវី
មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា
ការស៊ើបអង្កេតលើការស្លាប់នេះបានចប់ហើយកាលពីម្សិលមិញ ហើយថា
សំណុំរឿងនេះត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
ចោទម្ចាស់សណ្ឋាគារពីបទមនុស្សឃាតដោយអចេតនាតាមមាត្រា២០៧នៃក្រម
ព្រហ្មទណ្ឌ។
លោក ប៉ុល ដាវី បានមានប្រសាសន៍ថា
“ម្ចាស់សណ្ឋាគារ គឺលោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ”។
លោកបានពន្យល់ប្រាប់ថា កងរាជអាវុធហត្ថជឿថា
ការស្លាប់នេះបណ្ដាលមកពីបុគ្គលិកសណ្ឋាគារមិនបានដាក់រនាំងបាំង
ប្រឡោះជណ្ដើរយន្តដែលមិនទាន់សាងសង់រួចនេះ។ លោកបានមានប្រសាសន៍ថា
“វាមិនមែនជាករណីមនុស្សឃាតទេ”។
លោកវរសេនីយ៍ឯក ប៉ុល ដាវី បានបន្ថែមថា
ឥឡូវនេះ លោក សុផាន់
កំពុងដោះស្រាយរឿងនេះជាមួយក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែ
ទោះជាយ៉ាងណា
សំណុំរឿងដែលកងរាជអាវុធហត្ថបានធ្វើត្រូវបានបញ្ជូនទៅសាលា
ដំបូងរាជធានីភ្នំពេញហើយ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ជ្រាង សុផាន់
ដែលជាអភិបាលរងរាជធានីទទួលបន្ទុករៀបចំដែនដី នគរូបនីយកម្ម
និងសំណង់
បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់ពីបទមនុស្សឃាត
ដោយអចេតនានេះទេ។
លោកបានមានប្រសាសន៍ថា ”
លោកមិនមែនជាអាជ្ញាធរដែលគេចាត់តាំងឲ្យមកសួរខ្ញុំបែបនេះ
ទេ។ តើមន្ត្រីកងរាជអាវុធហត្ថរូបណានិយាយបែបនេះ?។
សូមឲ្យគាត់ទូរស័ព្ទមកខ្ញុំ”។ លោក ជ្រាង សុផាន់ បានបន្តថា “
ការចោទប្រកាន់បែបនេះគ្រាន់តែជាបញ្ហាដែលកាសែត ខេមបូឌា ដេលី
បានលើកឡើងតែប៉ុណ្ណោះ។លោកមិនអាចទូរស័ព្ទមកសួរចម្លើយខ្ញុំបាន
ទេ”។
តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ
អំពើមនុស្សឃាតដោយអចេតនាត្រូវមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៣
ឆ្នាំ។បទមនុស្សឃាតដោយអចេតនាគឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃ
ដោយៈ ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា” ឬតាមរយៈ ”
ការបំពានលើកាតព្វកិច្ចសន្តិសុខ
ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ”។
លោក ហម មុត
ត្រូវបានគេប្រទះឃើញស្លាប់នៅសណ្ឋាគារ Midland
បន្ទាប់ពីម៉ោង៥ទៀបភ្លឺថ្ងៃអង្គារ
ដោយស្លៀកតែខោទ្រនាប់ពណ៌ខ្មៅប៉ុណ្ណោះ។
រូបភាពវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព
ដែលបង្ហោះនៅក្នុងគេហទំព័រព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃដដែលនោះបាន
បង្ហាញថា គាត់បានដើរចេញពីបន្ទប់របស់គាត់ដោយស្លៀកតែខោទ្រនាប់
ហើយបន្ទាប់មកបានដើរតាមច្រកផ្លូវដើរនៅសណ្ឋាគារនេះ។
រូបភាពវីដេអូនេះមិនបានបង្ហាញពេលគាត់
ធ្លាក់ចូលក្នុងប្រឡោះជណ្ដើរយន្តដែលមិនទាន់សាងសង់រួចនោះទេ
ហើយម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ
គឺម៉ោង៨និង៤៩នាទីព្រឹកថ្ងៃសៅរ៍
ប៉ុន្តែបុគ្គលិកសណ្ឋាគារបាននិយាយថា រូបភាពវីដេអូរបស់លោក ហម មុត
គឺកើតឡើងកាលពីព្រឹកថ្ងៃអង្គារ គឺមុនពេលគាត់ស្លាប់បន្តិច។
បុរសម្នាក់ដែលលើកទូរស័ព្ទលោក ហម មុត
កាលពីម្សិលមិញ បាននិយាយថា
ពិធីបុណ្យសពលោកមេបញ្ជាការបានធ្វើឡើងនៅផ្ទះរបស់លោកស្ថិតក្នុង
ក្រុងប៉ោយប៉ែត ហើយថា សាកសពរបស់លោកនឹងត្រូវបូជានៅថ្ងៃអាទិត្យ។
បុរសរូបនេះដែលអះអាងថា ជាសហការីរបស់លោក
ហម មុត ប៉ុន្តែបានប្រាប់តែឈ្មោះហៅក្រៅថា ត្រដោក នោះ
បាននិយាយពីពិធីបុណ្យសពថា លោក ហម មុត តែងតែមកស្នាក់នៅសណ្ឋាគារ
Midland នៅពេលលោកធ្វើដំណើរមករាជធានីភ្នំពេញ៕
ប្រភពពី ខេមបូឌា ដេលី