កម្មកររោងចក្រម្នាក់ ខណៈកំពុងជិះ ម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក និងកិនស្លាប់
ភ្នំពេញ ៖ បុរសជាកម្មករ
រោងចក្រ កាត់ដេរម្នាក់ បានបែកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ
ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ តែម្នាក់ឯង ឆ្លងផ្លូវ
រួចហើយត្រូវរថយន្តដឹកទំនិញ មួយគ្រឿង បុកពេញមួយទំហឹង ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់
ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ ៤រសៀលថ្ងៃទី៦
ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ មុខក្លឹបកំសាន្តធី តាមផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន
បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើង ខណៈជនរងគ្រោះ មានឈ្មោះ
ជា ផល្លី អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
បានបើកម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-1664
ឆ្លងផ្លូវជាតិលេខ២ ក្នុងទិសដៅ ពីលិចទៅកើត ។
សមត្ថកិច្ច បានបន្តទៀតថា ខណៈជនរងគ្រោះ កំពុងបើក
ម៉ូតូឆ្លងផ្លូវនោះ ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក ហ្វ៊ុយហ្ស៊ូ ពណ៌ខៀវ
ពាក់ស្លាកលេខ ភ្នំពេញ 3B-2645 ក្នុងទិសដៅ ពីត្បូងទៅជើង បានបុក
និងកិនជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ខ្ទេចស្លាប់ភ្លាមៗ តែម្តង។ ក្រោយកើតហេតុ
អ្នកបើករថយន្ត ដែលគេមិនស្គាល់ អត្តសញ្ញាណ បានរត់គេចខ្លួនបាត់
បន្សល់ទុករថយន្ត នៅនឹង កន្លែងកើតហេតុ ។
ក្រោយទទួលនូវ ព័ត៌មានខាងលើនេះ កម្លាំងនគរបាល
មូលដ្ឋាន និងកម្លាំង នគរបាលចរាចរ បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ ហើយទាក់ទងទៅ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួល យកសព
ទៅធ្វើបុណ្យប្រពៃណី។
ដោយឡែក ម៉ូតូ និងរថយន្ត ត្រូវបានកម្លាំង
នគរបាលចរាចរ ផ្លូវគោក រាជធានីភ្នំពេញយក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍
ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕