អាលីយ៉ា សិចស៊ី​គាប់​ចិត្ត​អ្នក​គាំទ្រ

7/09/2014 0 Comments A+ a-


ឌីជេ អាលីយ៉ា សម្ដែង​កាយវិការ​ដ៏សិចស៊ី​ក្នុង​រូបថត​ដែល​នាង​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង។ រូបថត សហការី
ឌីជេ អាលីយ៉ា សម្ដែង​កាយវិការ​ដ៏សិចស៊ី​ក្នុង​រូបថត​ដែល​នាង​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង។ រូបថត សហការី
ភ្នំពេញ: ជាមួយ​ភាព​មិន​ប្រាកដប្រជា ពី​អាជីព​សិល្បៈ ដែល​នៅ​តែ​ជា​ចម្ងល់​របស់​មហាជន​ចង់​ដឹង​នោះ តារាសិល្បៈ ឌីជេ អាលីយ៉ា និយម​ការ​តុបតែង​ខ្លួន​បែប​នារី​បរទេស នៅ​ដើម​ខែ​កក្កដា​នេះ បាន​បង្ហាញ​អាល់ប៊ុម​រូបថត​សិចស៊ី​ស្ទើរតែ​អាក្រាតកាយ តាម​បែប​ស្ទីល​តារា​អឺរ៉ុប​ជាច្រើន​សន្លឹក បង្ក​ការ​ភ្ញាក់ផ្អើល​និង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មហាជន​។ ប៉ុន្តែ​នាង​បែរ​ជា​អះអាង​ថា នេះ​ជា​ចេតនា​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​ការ​ដើរ​ទាន់​សម័យកាល​នៃ​សិល្បៈ​តែ​ ប៉ុណ្ណោះ។
រូបថត​ប្រមាណ​ជា​៥-៦​សន្លឹក​បង្ហាញ​ភាព​សិចស៊ី មាន​ឈុត​រូប​ពណ៌លឿង​សំដិល​ប៉ប្រះ​នឹង​មាត់​ទឹក​នៅ​លើ​ផ្ទាំង​ថ្ម កាច់​រាង​អែនអន​ដូច​នាង​មច្ឆា ក្នុង​រ៉ូប​ដ៏ស្តើង​មើល​ឃើញ​សាច់​និង​ខោអាវ​ក្នុង​បិទ​បាំង​កេរ្តិ៍​ស្រ្តី​ ដ៏​តិចតួច ជាមួយ​កាយវិការ​ស្រៀវស្រើប​ដេក​ផ្ដេកផ្ដួល​ក្នុង​ទឹក ចំហ​ដើមទ្រូង ទាំង​ឃ្វាំងៗ ទាំងនោះ​គឺជា​រូបភាព​និង​កាយវិការ​ដ៏កម្រ​របស់​សិល្បការិនី​ខ្មែរ ឌីជេ អាលីយ៉ា រំលេច​លើ​គណនី​ហ្វេសប៊ុក​របស់​នាង ហើយ​ក៏​ក្លាយ​ជា​សារ​រិះគន់​យ៉ាង​ក្តៅគគុក​ពី​សំណាក់​មហាជន ដែល​មាន​ទស្សនៈ​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ​ផង​ដែរ។
យ៉ាងណា​គេ​ពុំ​ដឹង​ថា​តើ ឌីជេ សម្បុរ​ស្រអែម​ស្រស់​សម្រស់​ខ្មែរ​អង្គរ​រូប​នេះ បង្ហោះ​រូបភាព​ទាំង​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ទេ។ ទាក់ទិន​នឹង​រូបភាព​សិចស៊ី​នេះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​បកស្រាយ​ពី​តារា​រូប​នេះ​បាន​ទេ ខណៈ​ទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​មិន​អាច​ហៅ​ចូល​បាន។
ប៉ុន្តែ​នាង​បាន​បកស្រាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា នាង​ថតរូប​ភាព​សិចស៊ី​នេះ មិនមែន​ក្នុង​គោល​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​នោះ​ទេ តែ​អ្វី​ទាំងនេះ​គឺជា​សមិទ្ធផល​នៃ​ការងារ​សិល្បៈ​របស់​នាង ហើយ​គ្មាន​អ្វី​លើស​ពី​នេះ​ទេ។
ក្នុង​សារ​អេឡិចត្រូនិក​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ដដែល​នោះ ឌីជេ រូប​នេះ បញ្ជាក់​ថា៖ «មិន​ខ្វល់​ឡើយ ព្រោះ​ក៏​មិនមែន​ជា​រឿង​ថ្មី​នោះ​ដែរ ចំពោះ​រូបភាព​នេះ ដែល​មាន​ទាំង​ល្អ និង​អាក្រក់ ម្យ៉ាង​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ខុស​នោះ​ឡើយ។ អ្នក​ដឹង​ទេ នេះ​គឺជា​ការងារ​សិល្បៈ​របស់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ទៅ​ពិភពលោក​ថា យើង​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ មិនមែន​គ្រាន់តែ​ដើម្បី​ភាព​សិចស៊ី​នោះ​ទេ ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស រឿង​អី​ខ្ញុំ​ត្រូវ​ខ្លាច!»។
អាលីយ៉ា អះអាង​ថា អ្វី​ដែល​នាង​បាន​ធ្វើ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​ការ​ដើរ​ទាន់​សម័យកាល​នៃ​សិល្បៈ ម្យ៉ាង​នាង​ធ្វើ​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់ Agency និង​អ្នក​គាំទ្រ ស្រប​ពេល​ដែល​មាន​តារា​ម៉ូដែល​ក្នុង​ស្រុក​តិចតួច​ណាស់ ដែល​ហ៊ាន​ថត​រូប​ស្ទីល​ទាំងនេះ។
នាង​បញ្ជាក់​ថា៖ «ភាព​សិចស៊ី​គឺជា​ផ្នែក​តូច​មួយ​នៃ​ជីវិត​សិល្បៈ​របស់​សិល្បករ​នានា​ដែល​ ពួកគេ​ចាំបាច់​ផ្ដល់​នូវ​អ្វី​ប្លែក​សម្រាប់ ចក្ខុ​របស់​ទស្សនិកជន អាលីយ៉ា ក៏​ដូច​គ្នា»។
យ៉ាងណា​មនុស្ស​ជាច្រើន​នៅ​មិន​ជឿ​លើ​ការ​អះអាង​របស់​តារា​រូប​នេះ​ឡើយ ដោយ​មាន​ការ​លើក​ឡើង​ថា សកម្មភាព​របស់​នាង​គ្មាន​អ្វី​ក្រៅ​ពី​ទាញ​ការ​ចាប់​អារម្មណ៍​ដើម្បី​ ប្រជាប្រិយភាព​នោះ​ទេ។ ការ​ចូលរួម​បញ្ចេញ​មតិ​ខ្លះ​ទៀត​ក៏​លើក​ឡើង​ថា អ្នកសិល្បៈ​គួរ​តែ​កុំ​ឲ្យ​រូបភាព​បែប​នេះ គិត​ថា​ដើម្បី​ភាព​ល្បី​ឬ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​នោះ គួរតែ​បង្កើន​ស្នាដៃ​ពិត​ពី​សិល្បៈ​ទើប​បាន​កេរ្តិ៍ឈ្មោះ​ល្អ គេ​ឲ្យ​តម្លៃ៕
_______________
ប្រភពពីភ្នំពេញប៉ុស្តិ