ចាប់បញ្ជូនខ្លួនប្រធានអង្គការម្នាក់ ទៅតុលាការ ពីបទនាំក្មេងប្រុសស្រី ឲ្យរួមភេទជាមួយជនបរទេស

7/09/2014 0 Comments A+ a-


Rape_Sex_CEN_09_07_14​​សៀមរាប: ប្រធាន​អង្គការ អាន់​ដឺ​ព្រី​វី​លិ​ក​កម្ពុជា (Underbrivileged Cambodia)  បាន​ត្រូវ​នគរបាល​ប្រឆាំង​ការ ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​មានការ​សង្ស័យថា នាំ​ក្មេងប្រុស​ស្រី ឲ្យ​រួមភេទ ជាមួយ​ជនបរទេស ដែលជា​ថ្នូរ​ប្រាក់​ជំនួយ សំរាប់​ផ្គត់ផ្គង់ អង្គភាព​អង្គការ​។ ​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤​នេះ ជនសង្ស័យ​រូបនេះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តន៍​តាមច្បាប់​ជា​បន្ត​។​
​ការចាប់ខ្លួន​ជន​ខាងលើ បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី កោះហៅ​មក​សាកសួរ​។ បុរស​ជនជាតិខ្មែរ​ម្នាក់នេះ ឈ្មោះ ឡំ វេហា អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ជិត​ស្នាក់ការ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​សំបាត ឃុំ​ខ្នារ​ពោរ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ មុនពេល​ចាប់ខ្លួន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ជាមួយ​ក្មេងប្រុស​ស្រី ៩​នាក់​។​
​លោកស្រី ដួង ថាវ​រី នាយការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​តាម​អង្កេត និង​កោះហៅ​បុរស​នោះ មក​សាកសួរ​។ ក្នុង ពេល​សាកសួរ ចម្លើយ​ជន​រូបនេះ ជាប់​ពាក់ព័ន្ធ និង​ការនាំ​ក្មេង​ឲ្យ​រួមភេទ ជាមួយ​ជនបរទេស ទើប​សុំ​បញ្ជា​ព្រះរាជអាជ្ញា ឃាត់ខ្លួន​តែម្តង​។
​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​តាម​ទៅ​ស្រាវជ្រាវ ដល់​ស្នាក់ការ​អង្គការ ឯ​ស្រុក​សូទ្រនិគម និង​បន្ទប់​ជួល ក្នុងភូមិ​តាភុល ក្នុង​ក្រុង​សៀមរាប​។ លោកស្រី​បន្តថា នៅ​បន្ទប់​ជួល ជននេះ​មាន​ក្មេង ប្រុស​ស្រី​៩​នាក់ រស់នៅ​ជាមួយ​ជាប្រចាំ ដែលមាន​អាយុ ១៦​ដល់​១៩​ឆ្នាំ​។ ក្មេង​ទាំង​៩​នាក់ ត្រូវ​ជន​ខាងលើ ចិញ្ចឹម​ឲ្យ​រៀនសូត្រ ក្រោម​ការសុំ​ជំនួយ​ពី​បរទេស តាមរយៈ​អន​ឡាញ និង​សុំ​ដោយផ្ទាល់​មាត់​។ តែបើ​ម្ចាស់ជំនួយ​ណា ទាមទារ​សំណង ប្រធាន​អង្គ​ការនាំ​ក្មេង​ទាំងនោះ ទៅ​ឲ្យ​រួមភេទ​ជាមួយ ដែលជា​ថ្នូរ​ប្រាក់​ជំនួយ ។ តែ​ក៏មាន​ម្ចាស់ជំនួយ ជា​ជនបរទេស​ខ្លះ មិនបាន​ទាមទារ​សំណង​ដែរ​។​
​លោកស្រី​នាយការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ក្មេងប្រុស​ស្រី ទាំង​៩​នាក់ ដែល​រស់នៅ​ជាមួយ ជាប្រចាំ មាន​ក្មេងប្រុស​ចំនួន​៣​នាក់ បាន​ត្រូវ​លោក​ប្រធាន​អង្គការ នាំយកទៅ​ឲ្យ​រួមភេទ ជាមួយ​ជនបរទេស ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​។ ប៉ុន្តែ​ប្រាក់​ជំនួយ ដែល​ទទួលបាន ពី​តាមរយៈ​សុំ​ផ្ទាល់ អន​ឡាញ និង​លក់​ពេស្យាចារ​កុមារ ជន​ខាងលើ មិនបាន​យកមក​ផ្គត់ផ្គង់ ក្មេង​ទាំង​នោះទេ ដោយ​ម្តាយ​ឪពុក​ពួកគេ​(​ក្មេង​) ជា​អ្នកផ្តល់​អង្ករ និង​ប្រាក់​សំរាប់ រៀនសូត្រ​ទៅវិញ​។​
​ដោយឡែក នៅ​ស្នាក់ការ​អង្គការ ឯ​ស្រុក​សូទ្រនិគម ប្រធាន​អង្គការ បាន​ប្រមូល​ក្មេង ៧០ ទៅ ៨០ នាក់ ដែល មាន​អាយុ​១៣​ឆ្នាំ ចុះក្រោម ឲ្យ​មក​រៀន​ម្តងម្កាល ដោយ​ឲ្យ​ប្អូនស្រី​របស់គេ​ម្នាក់ ជា​អ្នក​នៅចាំ​ជួយ​បង្រៀន​។ ការធ្វើ​របៀបនេះ ងាយស្រួល​ក្នុងការ​ស្នើ សុំ​ជំនួយ​ពី​បរទេស​។ តាមពិត​អង្គការ​មួយ​នេះ បើក​ស្នាក់ការ ពុំមាន​ច្បាប់​ទេ ហើយក៏​មិនទាន់​ដឹងថា មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ មកហើយ​ដែរ ពីព្រោះ​មិនមាន​ឯកសារ បញ្ជាក់​ពី​ការបើក​ស្នាក់ការ​។​    ​
​លោកស្រី ដួង ថាវ​រី បាន​បញ្ជាក់ថា បន្ទាប់ពី​ស្រាវជ្រាវ ដល់​ស្នាក់ការ និង​បន្ទប់​ស្នាក់នៅ ពេលនេះ សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ ជន​ដែល​ជាប់​ពាក់ព័ន្ធ ការទិញ​ពេស្យាចារ​។ ចំណែក​ជនសង្ស័យ នឹងត្រូវ​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​អនុវត្តន៍​ជា​បន្ត​៕V
​ជនសង្ស័យ​ ប្រធាន​អង្គការ ​​ចាប់ខ្លួនពីបទនាំក្មេងប្រុសស្រី   ឲ្យរួមភេទ ជាមួយជនបរទេស ជាថ្នូរនឹងប្រាក់ជំនួយ​
​    ប្រភពពី CEN