ទាហាន​មួយ​ក្រុម​រង​ការ​ចោទ​ថា កាង​គោយន្ត​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់

7/04/2014 0 Comments A+ a-


20140704_03
ក្រចេះ: ទាហាន ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​វែង​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​កាង​គោយន្ត​ដឹក​ឈើ​ជាង ១០ ម៉ែត្រ​គុប​នៅ​តំបន់ ព្រៃ​ឡង់ ក្នុង ស្រុក​សម្បូណ៌ ហើយ​បាន​គំរាម​ក្រុម​ល្បាត​បន្ទាប់​ពី​ឃាត់​សាក​សួរ​ពី​រឿង​ដឹក​និង​កាប់​ឈើ ​ខុស​ច្បាប់​ដែល​កំពុង​កើន​ឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ឃើញ​សមត្ថកិច្ច​ ជំនាញ​ទប់​ស្កាត់។
ក្រុម​ល្បាត ព្រៃ​ឡង់ ក្នុង ខេត្ត​ក្រចេះ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨៨ នាក់​បាន​បើក​យុទ្ធនាការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់ ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ម្សិល​មិញ​ហើយ​បាន​ប្រទះ​ឃើញ​ការ​កាប់​ បំផ្លាញ និង​ដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន។ ក្នុង​នោះ​មួយ​ករណី​មាន​ជន​ប្រដាប់​អាវុធ​ជា​យោធា​ចាំ​កាង​បទ​ល្មើស​នោះ។
លោក ណាំ ណាក់ អាយុ ៣៤​ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ក្រុម​ល្បាត​ទាំង ៨៨ នាក់​ជិះ​ម៉ូតូ ១៨ គ្រឿង​និង​គោ​យន្ត ៥ គ្រឿង​បាន​ប្រទះ​ឃើញ​ទាហាន​មួយ​ក្រុម​មាន​គ្នា​បី​នាក់​ប្រដាប់​ដោយ​ កាំភ្លើង AK បី​ដើម​កំពុង​តែ​កាង​គោយន្ត​ដឹក​ឈើ ៥ គ្រឿង​បើក​ចេញ​ពី ព្រៃ​ឡង់ ត្រង់​ចំណុច​ព្រំ​ប្រទល់ ឃុំ​បឹងចារ​និង ឃុំ​កំពង់ចាម ក្នុង ស្រុក​សម្បូណ៌។
លោក​បញ្ជាក់​ថា៖ «ទាហាន​មាន​កាំភ្លើង AK កាន់​គ្រប់​ដៃ​តាម​កាង​គោយន្ត​ដឹក​ឈើ​សរុប​ជាង ១០ ម៉ែត្រ​គូប។ ខ្ញុំ​ស្គាល់​ទាហាន​នោះ​មាន​ឈ្មោះ នៅ អ៊ា និង រី មក​ពី​វរ ២ (គ៦) ខេត្ត​ក្រចេះ ដែល​ប្រចាំ​ការ​ក្នុង ឃុំ​កំពង់ចាម ជា​យូរ​មក​ហើយ»។ ក្រុម​ល្បាត​បាន​ឃាត់​គោយន្ត​ទាំង​នោះ​ដើម្បី​ថត​រូប និង​សួរ​នាំ​ហើយ​អ្នក​បើក​គោយន្ត ៥ នាក់​បាន​ប្រាប់​ថា ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ឈើ​ឲ្យ​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ រិច ក្នុង ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ដោយ ១ ម៉ែត្រ​គុប​គេ​ឲ្យ​ថ្លៃ​ឈ្នួល ២០ ម៉ឺន​រៀល។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​ធ្វើ​ជា​បន្ទះៗ និង​ជា​បួន​ជ្រុង​ដែល​ជា​ប្រភេទ​ឈើ សុក្រំ កកោះ និង ឈើ​ខ្មៅ ជាដើម។
លោក ណាក់ បញ្ជាក់​ថា៖ «យើង​អត់​ហ៊ាន​ចាប់​ដក​ហូត​ឈើ និង​គោយន្ត​ទេ គ្រាន់​តែ​សួរ​នាំ​ប៉ុណ្ណោះ ព្រោះ​គេ​មាន​កំាំភ្លើង ហើយ​កំពុង​តែ​ខឹង​នឹង​យើង ដែល​ឃាត់​គេ​ថត​និង​បង្ហោះ​រូប។ ទាហាន​បាន​គំរាម​គ្នា​យើង​ថា មក​នេះ​ចង់​ងាប់​ឬ​ចង់​រស់?»។ ក្រុម​ល្បាត​លោក ណាក់ មិន​សូវ​បាន​ចុះ​ល្បាត​ទៀង​ទាត់​ទេ ដោយ​សារ​តែ​គ្មាន​សាំង​ចាក់​ម៉ូតូ និង​ម្ហូប​អាហារ​សម្រាប់​ហូប​ចុក​ក្នុង​ព្រៃ។
លោក ណាក់ ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​ជាង ២​ឆ្នាំ មក​នេះ ក្រុម​លោក​បាន​រក​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គុប​ក្នុង​ព្រៃ និង​ម៉ាស៊ីន​ត្រង់សឺន័រ​ប្រមាណ ១០ គ្រឿង។ ឈើ​មួយ​ចំនួន និង​ម៉ាស៊ីន​ត្រង់សឺន័រ ត្រូវ​បាន​ចាប់​និង​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​និង​អាជ្ញាធរ​ពាក់​ ព័ន្ធ។
លោក មាស ចាន់នឿង ប្រធាន​យោធា វីរ ២ ក្នុង ឃុំ​កំពង់ចាម បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាហាន​លោក​កាង​ឈើ។ ផ្ទុយ​ទៅ​វិញ​លោក​អះអាង​ថា ទាហាន​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​មើល​ ក្នុង​តំបន់​នោះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ និង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់។
លោក​ថ្លែង​ថា៖ «មាន​ទាហាន​បី​នាក់​ទៅ​មែន តែ​មិន​ទៅ​កាង​ឈើ​ទេ​គឺ​ទៅ​មើល​បទ​ល្មើស»។ ទោះ​យ៉ាង​ណា​លោក ចាន់នឿង បាន​អះអាង​ថា លោក​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ករណី​នេះ៕