មន្រ្តីអង្គរក្ស ដកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនឯង ព្រោះតែបំណុល
ភ្នំពេញ៖ ព្រោះតែបំណុលជុំជិត
រួមរិតឱរា បានបង្ខំឲ្យ មន្រ្តីនគរបាល បម្រើការនៅនាយកដ្ឋានអង្គរក្ស
នៃក្រសួងមហាផ្ទៃម្នាក់ លែងចង់រស់ដកកាំភ្លើង បាញ់ក្បាលខ្លួនឯងធ្វើអត្តឃាត
បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះនៅមន្ទីរកាល់ម៉ែត
នាវេលា ម៉ោង ៨ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤
នៅលើគេហដ្ឋានរបស់ខ្លួននៅភូមិតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើតាមការបញ្ជាក់អត្តសញ្ញាណពីសមត្ថកិច្ច
បានឲ្យដឹងថា បុរសយកកាំភ្លើងខ្លីបាញ់ក្បាលផ្តាច់ផ្តិលជីវិតខ្លួន ឯងនេះ
មានឈ្មោះ អឿ ស៊ីម អាយុ ៥២ឆ្នាំ
ជាមន្រ្តីនគរបាលបម្រើការនៅនាយកដ្ឋានកងអង្គរក្ស នៃក្រសួងមហា ផ្ទៃ។
ប្រភពពីសាក្សី ដែលដឹងរឿង
ក៏ដូចជាសាច់ញាតិរបស់ជនរងគ្រោះ បានថ្លែងឲ្យដឹងក្រោយកើតហេតុភ្លាមៗថា នៅមុន
ពេលកើតហេតុជនរងគ្រោះ
បានស្លៀកពាក់ឯកសណ្ឋានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វថ្ងៃ។ ស្រាប់តែមួយ
សន្ទុះក្រោយមក ក៏ជិះម៉ូតូត្រឡប់មកវិញ ហើយឡើងទៅលើផ្ទះ
រួចនិយាយប្រាប់ភរិយារបស់ខ្លួនថា «បងជំពាក់ លុយគេច្រើនណាស់»។
ជាមួយនឹងពំនោលពីរឿងជំពាក់ប្រាក់គេប្រាប់ភរិយា
គេមិនដឹងថា មានរឿងអ្វីទៀតនោះទេ ស្រាប់តែលោក អឿ ស៊ីម ជាជនរងគ្រោះ
បានដកកាំភ្លើងរឡូមកបាញ់សៀតផ្ការបស់ខ្លួនឯងតែម្តង ដោយមិនភ័យក្លាចនឹងក្តីមរណ
នោះឡើយ។
ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារ
បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។ រហូតដល់ម៉ោង ៩
និង០៨នាទីថ្ងៃដដែលជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ
ទោះបីមានការព្យាយាមជួយសង្រ្គោះពីក្រុមគ្រូពេទ្យយ៉ាងណាក្តី៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com