គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លើយ តប​នឹង​របាយការណ៍ ​ILO ចំពោះ​អាត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​​

6/03/2014 0 Comments A+ a-


cnrp-logo-130826-2014-01-03គណបក្ស ​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ការឆ្លើយតប ចំពោះ​របាយការណ៍ នៃ​អង្គការ​អន្តរជាតិផ្នែក​ការងារ​ (ILO) ដែល​បាន​ចាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា អត្រា​គ្មាន​ការងារ​ធ្វើ ទាប​បំផុត គឺ ០,៣​ភាគរយ​។​
​លិខិត​ចុះ​ហត្ថលេខា​ដោយ លោក សម រង្ស៊ី ទៅកាន់​អគ្គនាយក អង្គការ​អន្តរជាតិ​ផ្នែក​ការងារ លោក Guy Rider នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរថា “​វា​ជារឿង​គួរឱ្យ​ភ្ញាក់ផ្អើល ក្នុង​ការអាននៃ​ការវាយតម្លៃ ពីអង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការពិភពលោកមួយ​ចំនួន​ផ្សេង​ទៀត រួមទាំងស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដែលរក្សាការផ្សព្វផ្សាយ ស្ថិតិការិយាធិបតេយ្យខុសដាច់ទាំងស្រុង​ពី​ការពិតមួយ​”​។
​បើ​តាម​លោក សម រង្ស៊ី តាម​ការពិតការវាយតម្លៃ​នេះ​មាន​ការខុស​គ្នា​ជា​ខ្លាំង ជាមួយនឹងធនាគារពិភពលោក ដែលថាប្រទេស​កម្ពុជា នៅតែ​ជាប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ក្រីក្រ​បំផុតរបស់​ពិភពលោក​។​
​របាយការណ៍​របស់​ILO ដែល​បង្ហាញ​ក្នុង​គេហទំព័រ http://tinyurl.com/lrag3u7 នេះ បានឲ្យដឹងថា នៅឆ្នាំ២០១៣ ក្នុងចំណោម​ប្រទេសអាស៊ាន កម្ពុជាអត្រា​គ្មាន​ការងារ​ធ្វើ​ទាប​ជាង​គេ គឺ ០,៣ ភាគរយ ខណៈ​ប្រទេស​ថៃ អត្រា​គ្មាន​ការងារ​ធ្វើ ០,៨ ឡាវ ១,៤  និង​វៀតណាម ១,៩ ភាគរយ។ ចំណែកប្រទេស​ហ្វីលីពីន មានអត្រា​គ្មាន​ការងារ​ធ្វើខ្ពស់បំផុត ៧,៣​ភាគរយ​។​
​ប៉ុន្តែ​លោក សម រង្ស៊ី បកស្រាយ​ថា យុវជន​កម្ពុជា ចន្លោះ ៣០០.០០០ ទៅ៤០០.០០០នាក់​ត្រូវ​ហក់​ចូលទៅក្នុង​ទីផ្សារការងារ ជា​រៀងរាល់ឆ្នាំ ខណៈពេលដែល ចំនួន​ការងារ បង្កើតជា​រៀងរាល់ឆ្នាំ មាន​ប្រហែលជាមិន​លើស​ពី ៥០.០០០នាក់។ លោក​ថា​រដ្ឋាភិបាល មិនដែលហ៊ានបោះពុម្ពផ្សាយតួលេខណាមួយដែល​ទាក់ទង​ទៅនឹងការបង្កើត​ការងារ​ទេ ។
​លោក សម រង្ស៊ី ពន្យល់​ទៀត​ថា ដោយសារតែពួកគេ​មិន​អាចរក​ការងារ​បាន នៅក្នុង​ប្រទេសពួកគេរាប់​ម៉ឺន​នាក់​បាន​ចាកចេញ​ពីប្រទេស​កម្ពុជាជា​ រៀងរាល់ឆ្នាំ ​ដើម្បីរកមើល ការងារនៅក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ។​ល​។ បច្ចុប្បន្នមានជាង៥០០.០០ ប្រជាជន​កម្ពុជាដែល​កំពុង​ធ្វើការនៅក្នុង​ប្រទេស​ថៃ ហើយ​ភាគ​ជាច្រើន នៃ​ពួក​គេ រស់នៅ ដោយ​ខុសច្បាប់។ លោក​អះអាង​ថា ប្រជាជន​កម្ពុជានឹងមិនបន្តការចាកចេញ​ពីប្រទេស​កម្ពុជា​ ដើម្បីស្វែងរកការងារនៅ​កន្លែង​ផ្សេងជា​ញឹកញាប់ មាន​ហានិភ័យ​ខ្ពស់​នោះទេ ប្រសិនបើមានការងារពេញលេញ នៅក្នុង​ប្រទេសរបស់​ពួកគេ៕
ប្រភពពី vodhotnews.com