ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ ព្រមាន​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​ចូល​ចាក់​ សំរាម​នៅ​កន្លែង​ស្តុក

6/03/2014 0 Comments A+ a-


image (3)បច្ចុប្បន្ន ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​ប្រាសាទ​ បូរាណ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ។ ក៏ប៉ុន្តែ​ការ​យក​ចិត្ត​លើ​បញ្ហា​បរិស្ថាន​និង​ទីក្រុង​ស្អាត គឺ​មិន​ទាន់​បាន​ល្អ​ទាំង​អស់​ទេ ដោយសារ​តែ​នៅ​តាម​ទីផ្សារ និង​កន្លែង​ខ្លះ​ទៀត​ក្នុង​ទីក្រុង មាន​គំនរ​សំរាម​ជះ​ក្លិន​ស្អុយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព និង​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន។
ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ព្រមាន​ថា ​ពួកគេ​នឹង​ប្រមូល​គ្នា​បិទ​ផ្លូវ​នៅ​ពេល​ណា​មួយ មិន​ឱ្យ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (GAEA) អាច​ចូល​ទៅ​ចាក់​សំរាម​នៅ​កន្លែង​ស្ដុក​ក្នុង​ទីក្រុង​បាន​ទៀត​ទេ ប្រសិន​បើ​សំរាម នៅ​តែ​ជះ​ក្លិន​ស្អុយ​ហើយ​មិន​មាន​ការ​ដោះស្រាយ​អ្វី​សោះ​នោះ។
កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​សា​ជា​ថ្មី ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ម្ដង​ទៀត ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​សំរាម​ដែល​ជះ​ក្លិន​ស្អុយ​ជា​យូរ​មក​ ហើយ​នោះ។
ក្រុម​អ្នក​ភូមិ​ជា​ច្រើន​អះអាង​ប្រហាក់ប្រហែល​ គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មិថុនា ថា ពួកគេ​ពិត​ជា​មិន​អាច​ទ្រាំ​ហិត​ក្លិន​ស្អុយ​ចេញ​ពី​សំរាម​ដែល​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា ដឹក​ជញ្ជូន​មក​ស្ដុក​ទុក​ជា​ច្រើន​រថយន្ត​ក្នុង​១​ថ្ងៃ​នោះ​ទេ។
សំឡេង​តវ៉ា៖ «ប្រុស៖ ពេល​កាលណា​ក្ដៅ​ខ្លាំង វា​ស្អុយ​កាន់​តែ​ខ្លាំង។ ខ្ញុំ​១​ខែ​ផ្ដាសាយ​ចង់ ២០​ថ្ងៃ​ហើយ​គឺ​លេប​ថ្នាំ​រាល់​ថ្ងៃ។ ទឹក​ស្អុយ​ចេញ​ពី​សំរាម វា​ធ្លាក់​ពី​ក្ដិត​ឡាន​ឆ្វាច​លើ​ថ្នល់​ស្អុយ ជា​អ្វី​ទៅ​ទៀត។ ស្រី៖ ស្អុយ​រហូត​ឱ្យ​តែ​ខ្យល់​មក​ចំ ដូច​គំរង់។ ថ្ងៃ​ណា​អស់​កម្លាំង​ទៅ​ធុំក្លិន​នោះ​ក៏​ក្អួត កើត​ខ្យល់។ ប្រុស៖ ស្អុយ​ឆួល​ចង់​ប្រះ​លលាដ បុក​ទៅ​ខួរក្បាល​សឹងតែ​បែក ប៉ុន្តែ​ខ្ញុំ​ទីទ័លក្រ មិន​ដឹង​ជា​ចេញ​ទៅ​ណា​ក៏​ចេះតែ​ទ្រាំ​ទៅ។ កូន​ក្មេង​គ្រុន​រងា​ញឹក​ញាស់ ឈឺ​ក្បាល ទៅ​ពេទ្យ​ថា​ដុះ​សាច់​ច្រមុះ​កូន​ខ្ញុំ។ ស្រី៖ ក្លិន​ឈ្លក់​តែម្ដង! កំពុង​តែ​ហូប​បាយ​ឆ្ងាញ់​អី ម៉ា​ឈូ ពិបាក​ទ្រាំ​ណាស់។ ដេក​យប់​អ៊ីចឹង​ជួនកាល​ពាក់​កណ្ដាល​យប់​ស្អុយ ដល់​ម៉ោង ៣-៤​ព្រឹក​ទៅ ជួនកាល​១​ខែ​ស្អុយ​ចង់ ២០​ថ្ងៃ​ឡើង​ទៅ»
ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជុំវិញ​កន្លែង​ ស្ដុក​សំរាម​របស់​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា គឺ​សុទ្ធតែ​ទិញ​ម៉ាស​មក​ទុក​នៅ​ក្នុង​ផ្ទះ​គ្រប់ៗ​គ្នា​ដើម្បី​ពាក់​ការពារ​ ក្លិន​ស្អុយ។
ក្រុម​អ្នក​ភូមិ​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​និង​ខេត្ត​សៀមរាប ត្រូវតែ​ដោះស្រាយ​ដោយ​ផ្លាស់ប្ដូរ​ទីតាំង​ស្ដុក​សំរាម​ចេញពី​ទីក្រុង។
ទោះ​យ៉ាង​ណា​នាយក​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្កាអ៊ីយ៉ា លោក ផូ ផល្គុន មិន​បាន​ទទួល​ទូរស័ព្ទ​បំភ្លឺ​រឿង​នេះ​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​អ្នក​គ្រប់គ្រង​ការដ្ឋាន​សំរាម​ម្នាក់​ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ក្នុង​១​ថ្ងៃៗ​ក្រុមហ៊ុន​បាន​ដឹក​សំរាម​ពី​តាម​ផ្ទះ និង​ផ្សារ​នានា​ប្រហែល ១២០​តោន យក​ទៅ​ស្ដុក​នៅ​ទី​នោះ ដើម្បី​រង់ចាំ​ការ​ដឹក​បន្ត​ទៅ​ចោល​នៅ​ក្រៅ​ទីក្រុង។ អ្នក​គ្រប់គ្រង​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ប្រឹងប្រែង​បំបាត់​ក្លិន​ស្អុយ​នេះ តាម​រយៈ​ការ​ដាក់​ទឹក​អ៊ី.អឹម (EM) ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ផង និង​ចាក់​បេតុង​ឱ្យ​ខ្ពស់ ដើម្បី​កុំ​ឱ្យ​ជះ​ក្លិន​ដែរ ក៏ប៉ុន្តែ​នៅតែ​មិន​អាច​ការពារ​បាន។
ប្រធាន​ស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ចាត់​វិធានការ​ជុំវិញ​រឿង​ក្លិន​ស្អុយ​នោះ ចំនួន ២​លើក​មក​ហើយ ដោយ​មាន​ទាំង​កិច្ចសន្យា​ឱ្យ​ក្រុមហ៊ុន​រៀបចំ​កុំ​ឱ្យ​ប៉ះពាល់​ដល់​ ប្រជាពលរដ្ឋ។
មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​៣ មិថុនា  រូប​លោក ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​សាលាក្រុង​សៀមរាប នឹង​ជួប​ជជែក​គ្នា​ម្ដង​ទៀត ជុំវិញ​រឿង​នោះ ហើយ​បើ​ក្រុមហ៊ុន​នៅ​តែ​មិន​ផ្លាស់ប្ដូរ​ទេ គឺ​មន្ទីរ​បរិស្ថាន​នឹង​រៀបចំ​អនុវត្ត​តាម​នីតិវិធី​ច្បាប់៖ «មួយ​ជំហាន​ ហ្នឹង​ទៀត​នៅ​តែ​មិន​ដោះស្រាយ​ចេញ យើង​នឹង​មាន​វិធានការ​ប្រហែល​ជា​ដូរ​ទីតាំង ឬ​ក៏​យើង​ត្រូវ​ប្ដឹង​គាត់​ទៅ​តុលាការ អា​ហ្នឹង​ជា​នីតិវិធី​បន្ទាប់​ទៀត»
បញ្ហា​ក្លិន​ស្អុយ​សំរាម​នេះ មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នារថ្មី សង្កាត់​ជ្រាវ​ទេ គឺ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត ដែល​រស់នៅ​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម​ផ្សារ​សាមគ្គី​ក៏​កំពុង​ទទួល​ រង​ការ​ប៉ះពាល់​ដែរ។ នៅ​ផ្សារ​សាមគ្គី​បច្ចុប្បន្ន ក៏​ក្រុមហ៊ុន​ហ្កាអ៊ីយ៉ា ជា​អ្នក​ទទួល​ដឹក​ដែរ ក៏ប៉ុន្តែ​ការ​ដឹក​ចេញ​មាន​កំណត់​ជា​ហេតុ​ធ្វើ​ឱ្យ​សំរាម​នៅ​គរ​ជះ​ក្លិន​ ស្អុយ​ជា​រៀងរាល់​ថ្ងៃ៕
ប្រភពពី វិទ្យុអាស៊ីសេរី